ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ភ្នំពេញ៖ ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ឆ្ពោះទៅកាន់ការក្លាយជាទីផ្សារធំសម្រាប់អង្ករកម្ពុជា។ ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ ២០៩,៤៤៦តោនពេញមួយឆ្នាំ។

តួលេខនេះបង្ហាញពីការពង្រីកវត្តមានរបស់អង្ករខ្មែរនៅទីផ្សារហ្វីលីពីន ដែលមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ ចាត់ទុកថា ជាទីផ្សារធំមួយរបស់កម្ពុជា រួមជាមួយចិន ខណៈទីផ្សារធំមួយទៀតស្ថិតនៅអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបណ្តាញសារព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

អង្ករខ្មែរបានចាប់ផ្តើមមានវត្តមាននៅទីផ្សារហ្វីលីពីនតាមរយៈក្រុមហ៊ុនឯកជនធំៗចំនួន ៨ ដែលបានដំណើរការសង្វាក់ផលិតកម្ម និងនាំចេញតាំងពីឆ្នាំ២០២១ ក្រោមការសម្របសម្រួលរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនទាំង ៨ រួមមាន KHMER FOODS GROUP CO., LTD., PRIMALIS CORPORATION LTD., SIGNATURE RICE CO., LTD., GOLDEN STAR RICE MILL AND IMPORT EXPORT CO., LTD., GREEN TRADE COMPANY, CITY RICE IMPORT EXPORT CO., LTD., STTR CO., LTD. និង BATTAMBANG RICE INVESTMENT CO., LTD.

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ KHMER FOODS GROUP CO., LTD. នាំចេញបានច្រើនជាងគេ ចំនួន ៧៩,១៨០.៨៦៤តោន ស្មើ ៦៤.៨ភាគរយ ខណៈ PRIMALIS CORPORATION LTD. នាំចេញបាន ២១,៦៨០តោន ស្មើ ១៧.៨ភាគរយ។

អង្ករដែលនាំចេញទៅហ្វីលីពីនមាន ៥ប្រភេទ រួមមាន អង្ករស ឬអង្ករគ្រាប់វែង បាក់៥ភាគរយ, អង្ករសែនក្រអូប SKO, អង្ករសំរូបពិសេស OM5451 បាក់៥ភាគរយ, អង្ករក្រអូប SKO ឬ SRO បាក់៥ភាគរយ និងអង្ករផ្ការំដួលពិសេស បាក់៥ភាគរយ។

សញ្ញានៃការពង្រីកទីផ្សារនេះក៏ត្រូវបានបង្ហាញតាមរយៈការនាំចេញជាបរិមាណធំៗផងដែរ។ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ក្រុមហ៊ុន City Rice Import Export Co., Ltd. បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាជីវកម្មដឹកជញ្ជូនហ្វីលីពីន ដើម្បីដឹកអង្ករចំនួន ១០,០០០តោន តាមសាឡង់ទៅប្រទេសហ្វីលីពីន។

លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូនតាមកិច្ចសន្យាសម្រាប់ខែកញ្ញា ត្រូវបែងចែកជាពីរជើង។ ជើងទី១ ចំនួន ៥,០០០តោន បានចេញដំណើរកាលពីថ្ងៃទី១៥ ខែកញ្ញា ខណៈជើងទី២ ចំនួន ៥,០០០តោន នឹងដឹកចេញនៅចុងខែកញ្ញានេះ។

លោកឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា ការដឹកតាមសាឡង់មិនមែនជាការជំនួសការដឹកតាមកុងតឺន័រទេ ប៉ុន្តែជាជម្រើសមួយទៀតសម្រាប់ការនាំចេញអង្ករក្នុងបរិមាណច្រើនក្នុងពេលតែមួយ។ លោកថា ប្រសិនបើមានចំនួនកុងតឺន័រច្រើន ក្រុមហ៊ុននឹងបន្តជំរុញការដឹកតាមកុងតឺន័រ ព្រោះការដឹកតាមសាឡង់មានថ្លៃខ្ពស់ជាងប្រមាណ ៥ ទៅ ៦ដុល្លារក្នុងមួយតោន។

លោកបានបន្ថែមថា សហព័ន្ធស្រូវអង្ករកម្ពុជាបានសិក្សាអំពីការដឹកជញ្ជូនតាមកប៉ាល់ ឬសាឡង់អស់រយៈពេល ៣ ទៅ ៤អាណត្តិ ប៉ុន្តែថ្លៃដឹកជញ្ជូននៅតែខ្ពស់ជាងការដឹកតាមទូរកុងតឺន័រ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានបន្តសម្រួលការដឹកជញ្ជូនអង្ករខ្មែរចេញទៅទីផ្សារអន្តរជាតិ ដោយផ្តល់ភាពបត់បែនក្នុងប្រតិបត្តិការ ដើម្បីចូលរួមសម្រេចគោលដៅនាំអង្ករចេញឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។

តាមការលើកឡើងរបស់មន្ត្រីក្រសួងកសិកម្ម និងអ្នកជំនាញវិស័យស្រូវអង្ករ និន្នាការកើនឡើងនៅហ្វីលីពីនកំពុងបំពេញតម្រូវការរបស់ប្រទេសទាំងពីរ ដោយកម្ពុជាទទួលបានទីផ្សារថ្មីសម្រាប់អង្ករ ខណៈហ្វីលីពីនទទួលបានប្រភពអង្ករថ្មី ដើម្បីធានាសន្តិសុខស្បៀងរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា តួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០តោនទៅកាន់ប្រទេសចិន កើនឡើង ៥២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការនាំចេញនេះមានទំហំទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ៕

អត្ថបទ៖ ​ ​ជិន​ សុភ័ក្ដ្រ

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា