មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

បរទេស៖ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ។ នេះបើយោងតាមការរាយការណ៍របស់រ៉យទ័រ។

Advertisement

នៅលើទីផ្សារអន្តរជាតិ តម្លៃមាសបានកើនឡើង ០.៩ ភាគរយ ដល់ ៤,៤០៦ ដុល្លារក្នុងមួយអោន។ ចំណែកនៅទីផ្សារកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ តម្លៃមាសបានឡើងដល់ ៥២៨ ដុល្លារក្នុងមួយជី ឬ ៥,២៨០ ដុល្លារក្នុងមួយតម្លឹង។

ការកើនឡើងនេះបាននាំតម្លៃមាសទៅដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរខែ គិតចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមក។

ថ្មីៗនេះ ទិន្នន័យបានបង្ហាញថា អត្រាអតិផរណាអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកក្នុងខែកក្កដា បានកើនឡើងបន្តិចបន្តួច ០.១ ភាគរយពីខែមិថុនា។ ការកើនឡើងនេះស្របតាមការរំពឹងរបស់ទីផ្សារ និងបានជំរុញការរំពឹងថា Fed អាចនឹងរក្សាអត្រាការប្រាក់នៅកម្រិតដដែល។

លោក Edward Meir អ្នកវិភាគនៅក្រុមហ៊ុន Marex បានលើកឡើងថា ទោះបីជាទិន្នន័យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ខ្ពស់ជាងខែមិថុនាក៏ដោយ ក៏វានៅតែស្របតាមការប៉ាន់ប្រមាណរបស់ទីផ្សារ។ លោកបន្តថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារក៏បានជួយរុញច្រានតម្លៃមាសឱ្យកើនឡើងផងដែរ។

កាលពីចុងខែកក្កដា Fed បានសម្រេចរក្សាអត្រាការប្រាក់គោលនៅថេរ ក្នុងចន្លោះពី ៣.៥០ ភាគរយទៅ ៣.៧៥ ភាគរយ ជាលើកទីប្រាំជាប់ៗគ្នា។ នៅក្នុងបរិបទដែលអត្រាការប្រាក់នៅកម្រិតខ្ពស់ ភាពទាក់ទាញនៃការវិនិយោគលើមាសមាននិន្នាការធ្លាក់ចុះ ដោយសារមាសជាទ្រព្យសកម្មដែលមិនផ្តល់ការប្រាក់។

ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក និងក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានរាយការណ៍ពីការវាយប្រហាររៀងៗខ្លួនលើនាវាដឹកជញ្ជូនកាលពីថ្ងៃអង្គារ ខណៈក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែមិនច្បាស់លាស់។

លោក Meir បានលើកឡើងថា ប្រសិនបើការបន្តប្រយុទ្ធគ្នាជំរុញឱ្យតម្លៃប្រេងហក់ឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល នោះអាចនាំឱ្យមានការរំពឹងថា អត្រាការប្រាក់នឹងកើនឡើង៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា