កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។

នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATA Cambodia Chapter) បានរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះតំណាងក្រុមហ៊ុន និងភ្នាក់ងារពាក់ព័ន្ធវិស័យទេសចរណ៍សរុបប្រមាណជាង ៤០នាក់ មកពីប្រទេសហ្វីលីពីន នេប៉ាល់ និងមីយ៉ាន់ម៉ាដំណើរទីកាន់ខេត្តសៀមរាប តភ្ជាប់មកកាន់រាជធានីភ្នំពេញ និងបន្តទៅខេត្តតំបន់សមុទ្រ កំពត-កែប ក្នុងដំណើរផ្សព្វផ្សាយ និងតភ្ជាប់ទីផ្សារទេសចរណ៍តែមួយ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ប្រចាំកម្ពុជា បានឱ្យដឹងថា កម្មវិធីលើកនេះនឹងទទួលស្វាគមន៍ Hosted Buyers ចំនួន ៤០ រូប មកពីប្រទេសហ្វីលីពីន នេប៉ាល់ និងមីយ៉ាន់ម៉ា រួមមានថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។ គោលដៅសំខាន់គឺបង្កើតការតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងប្រែក្លាយការផ្សព្វផ្សាយគោលដៅ ទៅជាឱកាសអាជីវកម្មជាក់ស្តែងសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ចំណុចពិសេសនៃកម្មវិធីលើកនេះ គឺការដាក់បញ្ចូល «កំពត និងកែប» ជាគោលដៅឆ្នេរតែមួយ ប៉ុន្តែមានរសជាតិផលិតផលខុសគ្នា និងបំពេញគ្នាទៅវិញទៅមក។ កំពតផ្តល់នូវបទពិសោធន៍ទីក្រុងមាត់ទន្លេ បេតិកភណ្ឌ សហគមន៍ កសិទេសចរណ៍ ម្ហូបអាហារ និងធម្មជាតិ ខណៈកែបផ្តល់នូវបរិយាកាសសមុទ្រស្ងប់ស្ងាត់ កោះ ឆ្នេរ អាហារសមុទ្រ និងបទពិសោធន៍សម្រាកលំហែ។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យតំបន់កំពត-កែបក្លាយជាផលិតផលគោលដៅតែមួយដែលមានភាពចម្រុះ និងអាចបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។

Cambodia Travel Match ២០២៦ (CTM 2026) មិនត្រូវបានរៀបចំឡើងគ្រាន់តែជាព្រឹត្តិការណ៍ជួបជុំអាជីវកម្មមួយនោះទេ ប៉ុន្តែជាវេទិកាបើកទីផ្សារ ដែលនាំអ្នកទិញអន្តរជាតិមកស្គាល់កម្ពុជាតាមរយៈបទពិសោធន៍ផ្ទាល់ ស្វែងយល់ពីផលិតផលទេសចរណ៍ និងជួបពិភាក្សាដោយផ្ទាល់ជាមួយវិស័យឯកជនកម្ពុជា។ គោលបំណងគឺឱ្យអ្នកទិញមិនត្រឹមតែមកឃើញកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអាចយកផលិតផលកម្ពុជាទៅលក់ ទៅផ្សព្វផ្សាយ និងបង្កើតជាកម្មវិធីទេសចរណ៍សម្រាប់ទីផ្សាររបស់ពួកគេ។

តាមរយៈសៀមរាប ភ្នំពេញ កំពត និងកែប CTM 2026 នឹងបង្ហាញថា កម្ពុជាមិនមែនជាគោលដៅទេសចរណ៍ដែលមានតែបេតិកភណ្ឌមួយមុខនោះទេ។ កម្ពុជាអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និងម្ហូបអាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែ។
បណ្ឌិត ធួន ស៊ីណាន ប្រធាន បានសង្កត់ធ្ងន់ថា៖

«យើងមិនចង់ឱ្យ CTM បញ្ចប់ត្រឹមការជួបគ្នានៅក្នុងបន្ទប់ប្រជុំនោះទេ។ តម្លៃពិតរបស់ CTM គឺការប្រែក្លាយការតភ្ជាប់ ទៅជាកិច្ចសហការ ការលក់ និងលំហូរភ្ញៀវទេសចរថ្មីមកកម្ពុជា។ កំពត និងកែប គឺជាឧទាហរណ៍ច្បាស់មួយ៖ ជាតំបន់គោលដៅតែមួយ ប៉ុន្តែផ្តល់បទពិសោធន៍ពីរដែលមានអត្តសញ្ញាណខុសគ្នា និងបំពេញគ្នា។ នេះជារបៀបដែលយើងត្រូវអភិវឌ្ឍផលិតផល បង្កើនរយៈពេលស្នាក់នៅ និងនាំ Cambodia to the World»។

CTM 2026 Mini-Series បន្តអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន DMC ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំផលិតផលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារថ្មីៗ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីការគាំទ្រ និងថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«Cambodia Travel Match 2026 Mini-Series នេះ គឺជាវេទិកាទីផ្សារទេសចរណ៍ប្រកបដោយភាពទូលំទូលាយ និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់កម្ពុជា ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃទេសចរណ៍សកល តាមរយៈការកសាងភាពតភ្ជាប់ទីផ្សារ និងភាពជាដៃគូយូរអង្វែង»។

សូមជម្រាបថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៦ កន្លងទៅនេះ ភ្ញៀវទេសចរជាតិប្រមាណជាង២០លាននាក់ បានចេញដើរកម្សាន្តតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណជាង ៥០%បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ដោយឡែក នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៦ (មករា ដល់ កក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១ ៩៩៧ ៨២១ នាក់ (ទេសចរចិនប្រមាណ ៥២ម៉ឺននាក់) ធ្លាក់ចុះ ៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា