គម្រោង​ស្ថាបនាផ្លូវជាតិជិត ២០០គីឡូម៉ែត្រ នឹងទាញភ្ជាប់ប៉ូលសេដ្ឋកិច្ចខេត្ដចំនួន៣ ឱ្យកាន់តែមានសន្ទុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​ស្ថាបនាផ្លូវជាតិជិត ២០០គីឡូម៉ែត្រ នឹងទាញភ្ជាប់ប៉ូលសេដ្ឋកិច្ចខេត្ដចំនួន៣ ឱ្យកាន់តែមានសន្ទុះ

គម្រោង​ស្ថាបនាផ្លូវជាតិជិត ២០០គីឡូម៉ែត្រ នឹងទាញភ្ជាប់ប៉ូលសេដ្ឋកិច្ចខេត្ដចំនួន៣ ឱ្យកាន់តែមានសន្ទុះ

ភ្នំពេញ ៖ គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល​​ ឆ្លងកាត់​ខេត្ដមានសក្កានុពល​សេដ្ឋកិច្ច​កសិកម្ម និង​ឧស្សាហកម្ម​ចំនួន​ ៣ គឺ​ខេត្ដ​កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្ដកំពត លើ​តម្រាយ​ផ្លូវ​សរុបជិត ២០០គីឡូម៉ែត្រ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសាធារណៈការ ទទួល​យក​ទៅ​សិក្សា​លម្អិត​ហើយ។

ប្រធាន​គម្រោង និង​ជារដ្ឋលេខាធិការ​ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្ដម យិត បុណ្ណា បាន​បង្ហើប​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS កាល​ពីពេលថ្មីៗ​នេះ​ ថា មន្ដ្រី​ជំនាញនៃ​ក្រសួង​ទាំង​ពីរ នឹង​ពិនិត្យ វាយតម្លៃ​ផល​ប៉ះពាល់​លម្អិត​លើ​ការ​កសាង​ផ្លូវ​ជាតិ​មួយខ្សែ​នេះបន្ទាប់​ពី​មន្ដ្រី​ជំនាញ និង​តំណាងធនាគារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី(AIIB​) បាន​ចុះ​ពិនិត្យ​ស្ថានភាព​តម្រាយ​ផ្លូវ​ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២៦។

យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​ព័ត៌មានជាក់លាក់អំពីទំហំ​ទឹកប្រាក់ រយៈ​ពេល​សាងសង់ ហើយការចាប់​ផ្ដើម​ និង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ណា មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជាផ្លូវការក្ដី ប៉ុន្ដែ​​ក្រសួងសាធារណៈការ ​បាន​កំណត់​ជាបឋម​លើបណ្តាញខ្សែផ្លូវនៃគម្រោង ចាប់ពីផ្លូវជាតិលេខ៥៣ នៃស្រុកទឹកផុស ខេត្ដ​កំពង់ឆ្នាំង ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្ដ​កំពង់ស្ពឺ ដល់ចំណុចកោះខ្សាច់ទន្លា ប្រវែងសរុប ១៦៨,២០គី​ឡូម៉ែត្រ។

បើ​តាម​មន្ដ្រី​ជំនាញ​ក្រសួង​សាធារណៈការ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ដ​ជា​ពីរជំហាន គឺ​ជំហានដំបូង​ចាប់​ពី​ផ្លូវ​ជាតិលេខ ៥៣ ដល់​ផ្លូវ​ជាតិ​លេខ៣ និង​ជំហាន​បន្ទាប់​ចាប់​ពី​ផ្លូវជាតិ​លេខ៤ ដល់ឃុំកោះខ្សាច់​ទន្លា។ ដំណឹង​នេះ ធ្វើឱ្យអាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពលរដ្ឋត្រេកអរ ហើយ​សង្ឃឹម​ថា នឹង​ចេញ​ជា​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពីក្រសួង​​វាយតម្លៃ​ហេតុផល​ប៉ះពាល់ និង​កំណត់​តម្រាយ​ផ្លូវ​វាង​ក្រុង​ចប់​សព្វគ្រប់។ ពួកគាត់សង្ឃឹម​ថា ផ្លូវ​គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ដើម្បីសម្រួល​ដល់​ការ​ដឹកជញ្ជូន និង​ការធ្វើ​ដំណើរ​កាន់​តែ​ងាយស្រួល។

ជុំវិញ​រឿង​នេះ​ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញ​សេដ្ឋកិច្ច បាន​មើល​ឃើញ​ចំណុច​វិជ្ជមាន​ចំនួន ៤ គឺទី១ បើ​ទោះ​បី​ជាកំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៦ ទាបក៏ដោយ ប៉ុន្ដែតាម​រយៈ​គម្រោង​ថ្មីៗ នឹងជួយ​រំញោចសេដ្ឋកិច្ចចំពោះមុខ ទី២ នៅ​ពេលដែល​ផ្លូវ​ត្រូវ​បាន​តភ្ជាប់​នឹង​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន ទី៣ ផ្លូវ​ថ្មី​ជាផ្នែក​មួយ​ជួយទាញ​អារម្មណ៍​អ្នកវិនិយោគសំឡឹង​មើល​ទីតាំងបង្កើត​សិប្បកម្ម ឬ​រោងចក្រ សហគ្រាស នៅអមសងខាងផ្លូវ និងនៅ​តាមតំបន់​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗជាប់ផ្លូវ និង​ទី៤ ការ​ផ្ដល់​កម្ចី​របស់ AIIB អាច​ស្ថិត​នៅ​ក្នុង​កម្រិត​អត្រា​ការ​ប្រាក់​ទាបដែលអំណោយផល​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ។

បើ​តាម​លោក​បណ្ឌិត ញិល រដ្ឋា ការបង្កើនកម្ចី​ ដើម្បី​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនមែន​ជារឿង​អាក្រក់​នោះ​ទេ ប៉ុន្ដែ​យើង​ត្រូវ​មើល​លើ​ប្រភព​កម្ចី និង​ត្រូវ​យក​កម្ចីនោះមក​​អភិវឌ្ឍបែប​ណា​ឱ្យមាន​ប្រសិទ្ធភាពខ្ពស់។ លោកថា ប្រភព​កម្ចី​ពី AIIB ​ក៏​ដូច​ជា​ធនាគារ​ធំៗ​ដែល​ចូល​មក​ចាប់ដៃ​គូ​អភិវឌ្ឍ​ជាមួយ​កម្ពុជា​ផ្សេង​ទៀត​ដែរ គឺយក​អត្រា​ការ​ប្រាក់​ទាប​​ ចន្លោះ​ពី១ ទៅ២%​ ប៉ុណ្ណោះ​ក្នុង១ឆ្នាំ ដែល​ជា​សញ្ញាល្អ​សម្រាប់​កម្ពុជា ក្នុង​កាលៈទេសៈ​នេះ។

សូមរំលឹក​ជូន​ថា អនុ​ប្រធាន​​គម្រោងតភ្ជាប់​​ផ្លូវ​តំបន់​កណ្ដាល(Central regional road connectivity project) នៃ​ក្រសួង​សាធារណៈការ លោក នូ វឌ្ឍនៈ និង​លោកស្រី Jaishree Jindel តំណាង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន​អាស៊ី(AIIB) ព្រម​ទាំង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះសិក្សា​បឋម​លើ​តម្រាយ​ផ្លូវ​នេះ​កាល​ពី​ចុង​ខែកញ្ញា ឆ្នាំ​២០២៦។ ក្រុម​ការងារជំនាញ​បច្ចេកទេសបាន​ចាត់​ទុកបេសកកម្ម​នេះ គឺ​ជាជំហានដ៏ចាំបាច់ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យស្របនឹងយុទ្ធសាស្ត្រការអភិវឌ្ឍន៍តំបន់ ការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងប្រសិទ្ធភាពតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា