កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ភ្នំពេញ ៖ «នវានុវត្តន៍បញ្ច្រាស» ជាកម្មវិធី រដូវកាលទី ៦ ដែលកំពុងស្វែងរកធុរកិច្ចថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តជន ដែលមានសមត្ថភាព និងចំណាប់អារម្មណ៍ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ និងផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។

Advertisement

នៅក្នុងឱកាសដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កញ្ញា សួន សុកាវណ្ណី អ្នកដឹកនាំកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ បានឱ្យដឹងថា៖ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» មានលក្ខណៈខុសប្លែកពីកម្មវិធីពន្លឿនអាជីវកម្មទូទៅដោយផ្តោតលើការចាប់ផ្តើមពីបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការតភ្ជាប់រវាងអ្នកជំនាញតាមវិស័យ និង ក្រុមធុរកិច្ចថ្មីដែលនឹងផ្តល់ដំណោះស្រាយចំគោលដៅនៃបញ្ហាដែលបានកំណត់។

កញ្ញាបានបន្តថា៖ នារដូវកាលទី ៦នេះ កម្មវិធីផ្តោតការគាំទ្រលើក្រុមធុរកិច្ចថ្មីស្ថិតក្នុង ២ ដំណាក់កាល រួមមាន៖កំពុងអភិវឌ្ឍផលិតផលអប្បបរមានិងកំពុងប្រតិបត្តិការក្នុងទីផ្សារ។នៅក្នុង«ថ្ងៃបទបង្ហាញបញ្ច្រាស» នេះ ធុរកិច្ចថ្មីទាំង ១៤ ក្រុមដែលបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបានជ្រាបកាន់តែច្បាស់ពីចំណោទបញ្ហាទីផ្សារសំខាន់ៗ ដោយមានការចូលរួមបញ្ជាក់បន្ថែមពីអ្នកជំនាញ និង អ្នកតម្រង់ទិស លើចំណោទបញ្ហាទីផ្សារ (Market Challenges) ចំនួន ៥ ដូចជា៖ ១). ដំណោះស្រាយឌីជីថលសម្រាប់ការភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, ២).ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, ៣). ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម, ៤). ដំណោះស្រាយឌីជីថល ឬ ឧបករណ៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មទេសចរណ៍, និង ៥). ដំណោះស្រាយឌីជីថលក្នុងវិស័យធានារ៉ាប់រង។

កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាសហគ្រិនជាធុរកិច្ចថ្មី និងនវានុវត្តជន ដោយមានការដាក់ពាក្យស្នើសុំរហូតដល់ ៩៥ ក្រុម។ យ៉ាងណាមិញ ក្រោយការវាយតម្លៃយ៉ាងម៉ត់ចត់ និង ល្អិតល្អន់កម្មវិធីបានជ្រើសរើសក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ និង ស្របតាមលក្ខន្តិកៈនៃកម្មវិធី ចំនួន ១៤ ក្រុម ដើម្បីរួមដំណើរប្រកបដោយស្មារតីបុរេសកម្ម និង ការតាំងចិត្តខ្ពស់។ ធុរកិច្ចថ្មីទាំង ១២ ក្រុមនឹងឆ្លងកាត់វគ្គជំរុំចាប់ផ្តើម(Bootcamp)រយៈពេល៤សប្តាហ៍,វគ្គពន្លឿនអាជីវកម្ម(Acceleration)​រយៈពេល ១១ សប្តាហ៍ និង ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day)ដែលធុរកិច្ចថ្មីនឹងបង្ហាញពីសក្តានុពល និង វឌ្ឍនភាពនៃការអភិវឌ្ឍអាជីវកម្មទៅកាន់សាធារណជន ដើម្បីប្រកួតប្រជែងឱកាសក្លាយជាម្ចាស់ជ័យលាភី ដែលនឹងទទួលបាន ប្រាក់ទុនវិនិយោគមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ៨០ លានរៀល។

សូមជម្រាបថា៖ការចូលរួមក្នុងកម្មវិធីបានជួយកែលម្អយុទ្ធសាស្ត្រអាជីវកម្ម ស្វែងយល់កាន់តែស៊ីជម្រៅពីតម្រូវការអតិថិជន និងពង្រឹងផលិតផលឱ្យកាន់តែសមស្របនឹងទីផ្សារ។ ការតម្រង់ទិសពីអ្នកជំនាញ និង ឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង បានរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការរីកចម្រើនរបស់ក្រុមហ៊ុនយើង។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”បានចែករំលែកអនុសាសន៍ចំនួន ៣ ចំណុចសំខាន់ៗទៅកាន់ធុរកិច្ចថ្មីរួមមាន៖

១) ត្រូវបើកចិត្តទូលាយ និង មានសមត្ថភាពក្នុងការបត់បែនខ្ពស់៖ ចៀសវាងការជាប់ចិត្តនឹងគំនិត ឬ ដំណោះស្រាយរបស់ខ្លួនក្នុងដំណាក់កាលដំបូង— ត្រូវខិតខំស្តាប់ ធ្វើតេស្ត និងកែលម្អឡើងវិញឱ្យបានឆាប់រហ័ស។

២) ដឹកនាំអនុវត្តដោយមានវិន័យខ្ពស់៖ ទេពកោសល្យអាចឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែការអនុវត្តការងារប្រចាំថ្ងៃដោយម៉ឺងម៉ាត់ ទើបជាកត្តាជំរុញការពង្រីកអាជីវកម្ម, និង

៣) ប្រើប្រាស់បណ្តាញទំនាក់ទំនងឱ្យអស់ពីលទ្ធភាព៖ កុំមានភាពរុញរាក្នុងការប្រើប្រាស់ធនធានដែលមានស្រាប់, ត្រូវសកម្មក្នុងការកសាងទំនាក់ទំនង, ចោទសួរសំនួរពិបាកៗ និង រក្សាទំនាក់ទំនងទាំងនោះប្រកបដោយគុណតម្លៃ។

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ដោយមានកិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង សហគ្រិនខ្មែរ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា