រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភ្នំពេញ ៖ ក្នុងគោលបំណងជួយជ្រោមជ្រែងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចាប់យកឧបករណ៍ឌីជីថលសម្រាប់ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងកសាងកំណត់ត្រាប្រតិបត្តិការដែលអាចទុកចិត្តបាន ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ វិស័យរដ្ឋដែលមានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសេនាធិការ បានសហការជាមួយវិស័យឯកជនដែលមានជំនាញផ្នែកឌីជីថល តាមរយៈក្រុមហ៊ុន bill 24 កាលពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា ដែលអាចអនុញ្ញាតឱ្យអាជីវកម្មក្រៅប្រព័ន្ធមានកំណត់ត្រាត្រឹមត្រូវអំពីការលក់ ការទូទាត់ និងលំហូរសាច់ប្រាក់។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក Andrey Sheen នាយកប្រតិបត្តិក្រុមហ៊ុន Bill24 Co., Ltd. បានលើកឡើងថា អាជីវកម្មក្រៅប្រព័ន្ធជាច្រើនមានប្រតិបត្តិការអាជីវកម្មល្អ ប៉ុន្តែខ្វះឯកសារ និងកំណត់ត្រាហិរញ្ញវត្ថុគ្រប់គ្រាន់ ដែលធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកវាយតម្លៃស្ថានភាពអាជីវកម្ម និងសមត្ថភាព​សងត្រលប់របស់ពួកគេ ខណៈដែលកំណត់ត្រាប្រតិបត្តិការឌីជីថលអាចផ្តល់ព័ត៌មានហិរញ្ញវត្ថុកាន់តែច្បាស់ អនុញ្ញាតឱ្យមានការវាយតម្លៃឥណទានផ្អែកលើទិន្នន័យកាន់តែច្រើន និងអាចកាត់បន្ថយការពឹងផ្អែកលើទ្រព្យបញ្ចាំសម្រាប់ការផ្តល់កម្ចី។

ក្រោមអនុស្សរណៈនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ អាចទទួលបានការប្រើប្រាស់កម្មវិធី BillFlow Professional និង/ឬ GoodVibes POS GoPro ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ ដើម្បីគ្រប់គ្រងវិក្កយបត្រ ការលក់ និងប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធឌីជីថល។ ពួកគេក៏អាចទទួលបានសេវាទូទាត់ប្រាក់តាមអនឡាញ KHQR ដោយឥតគិតថ្លៃ សម្រាប់រយៈពេលជាវដំបូងផងដែរ។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចូលរួម ក៏នឹងទទួលបានការណែនាំ ការបណ្តុះបណ្តាលបង្ហាញអំពីផលិតផល សិក្ខាសាលា និងការគាំទ្រតាមអនឡាញដោយឥតគិតថ្លៃក្នុងអំឡុងពេលជាវដំបូង។

សូមជម្រាបដែរថា​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមជាមួយវិស័យឯកជន បាន និងកំពុងបន្តរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សេវាគាំពារសង្គម ការអនុគ្រោះនិងលើកទឹកចិត្តផ្នែកពន្ធដារ ការអភិវឌ្ឍជំនាញ ការធានារ៉ាប់រង សេវាការអប់រំ សេវាហិរញ្ញវត្ថុ និងឱកាសទីផ្សារ ដើម្បីជួយលើកកម្ពស់ជីវភាព ពង្រឹងអាជីវកម្ម និងការឈានចូលក្នុងប្រព័ន្ធ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា