រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ភ្នំពេញ ៖ ក្នុងគោលបំណងអនុវត្ត​ន៍តាមផែនការ​ កែប្រែខេត្តព្រះសីហនុ​ទៅជា​តំបន់​ទេសចរណ៍លំដាប់​ខ្ពស់​ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាល​កម្ពុជា ​​បាន ​និងកំពុងជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​នៅតាមបណ្តា​កោះនានា​ក្នុង​ខេត្តព្រះសីហនុ ដូចជា​ សណ្ឋាគារ​ប្រណិត​ ផ្ទះលំហែ ខុនដូ និង​សណ្ឋាគារអេកូទេសចរណ៍​ដែលស្ថិតនៅតាមឆ្នេរ​ និង​កោះ ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ បាន​ប្រជុំពិភាក្សា​លើសំណើ​សុំ​ការលើកទឹកចិត្តពិសេស ដើម្បីគាំទ្រ​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋានទេសច​រ​ណ៍នៅតាមបណ្ដាកោះក្នុង​ខេត្តព្រះសីហនុ ។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានឱ្យដឹងថា គម្រោងដែល​ស្នើសុំ​ការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាលសម្រាប់​ដំណើរការ​វិនិយោគនៅតាមកោះក្នុង​ខេត្តព្រះសីហនុ មានគម្រោងអភិវឌ្ឍសណ្ឋាគារ ប៊ូទិក ផ្ទះលំហែ ខុនដូ និង​សណ្ឋាគារ​អេកូទេសចរណ៍​នៅតាមតំបន់ឆ្នេរ និងកោះ​ ។​

នៅក្នុង​កិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រដល់ការអភិវឌ្ឍតំបន់កោះ ដើម្បីប្រែក្លាយបណ្តុំកោះរបស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និង បង្កើតសកម្មភាពសេដ្ឋកិច្ចថ្មីៗនៅតាមបណ្តាកោះ ។

ក្នុងន័យនេះ ឯកឧត្តម​បានបញ្ជាក់​ថា ​ការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីរដ្ឋបាលជូនវិនិយោគិន គឺជាកត្តាចាំបាច់ ជាពិសេស សម្រាប់គម្រោងវិនិយោគនៅតាមកោះ ដែលទាមទារឱ្យមានការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ទាំងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។

លោក​ វណ្ណ ធី អ្នកជំនាញវិស័យអចលនទ្រព្យ​ប្រចាំខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា នៅក្នុង​ខេត្តព្រះសីហនុ​ មានកោះជាច្រើន ប៉ុន្តែមានតែកោះចំនួន ២ ​ប៉ុណ្ណោះ ដែលមានភាពទាក់ទាញ វិនិយោគិន​ និងទេសចរច្រើនជាង​គេ គឺកោះរ៉ុង និងកោះរ៉ុង​សន្លឹម ។ កាលពីមុន អ្នកវិនិយោគ​ផ្ដោតការ​ចាប់​អារម្មណ៍​វិនិយោគលើកោះរ៉ុងសន្លឹម​ច្រើនជាង​កោះរ៉ុង ប៉ុន្តែមកដល់បច្ចុប្បន្ននេះ វិនិយោគិន​ហាក់មានការ​ចាប់អារម្មណ៍​វិនិយោគលើកោះរ៉ុង​ច្រើនជាង​កោះរ៉ុងសន្លឹម ហើយភ្ញៀវទេសចរ​មិនថា​បរទេស ឬភ្ញៀវទេស​ចរ​ក្នុងស្រុក​នោះតែ ក៏ចាប់អារម្មណ៍ និងទៅលេងកម្សាន្ត​នៅលើកោះទាំង២ ​នេះ ច្រើនជាង​បណ្ដាកោះផ្សេងៗទៀត ។​

លោកបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ​ និងធុរជនមួយរូប​ប្រចាំខេត្តព្រះសីហនុ លោកចង់ឱ្យរដ្ឋាភិបាល​បង្កើនភាពទាក់ទាញ​វិនិយោគិនមក​បណ្ដាក់ទុនវិនិយោគនៅលើ​កោះក្នុង​ខេត្តព្រះសីហនុបន្ថែមទៀត ជាពិសេស​កោះរ៉ុង និងកោះរ៉ុងសន្លឹម ។

លោកបញ្ជាក់ថា ៖ « កម្ពុជា​គួរទាក់ទាញវិនិយោគិនមកពីប៉ែក​អឺរ៉ុប និងទាក់ទាញទេសចរមកពីប៉ែកអឺរ៉ុប​ដូចគ្នា ។​ បច្ចុប្បន្ននេះ មានវិនិយោគិនមកពីអឺរ៉ុប​ច្រើន​កំពុង​ធ្វើសកម្មភាពវិនិយោគ​នៅលើ​កោះ​ក្នុងខេត្ត​ព្រះសីហនុ ក្នុងនោះឃើញថា ​ប៉ូឡូញកំពុង​នាំមុខ​ក្នុងការ​វិនិយោគសេវាកម្មទេសចរណ៍នៅលើកោះ​ក្នុង​ខេត្តព្រះសីហនុ»។

លោក ​វណ្ណ ធី​ បាន​បន្ថែមថា កន្លងមកនេះ ក្នុង​ក្រុង​នៃខេត្តព្រះសីហនុ​ហាក់មានជាប់ឈ្មោះមិនសូវ​ល្អ ក្នុង​ក្រសែភ្នែក​ និងអារម្មណ៍​របស់ភ្ញៀវទេសចរដោយសារល្បែងអនឡាញ ប៉ុន្តែសម្រាប់​បណ្ដាកោះក្នុង​ខេត្តព្រះសីហនុ នៅតែអាចទាក់ទាញ និងមានកេរ្តិ៍ឈ្មោះល្អក្នុងអារម្មណ៍របស់​ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ ។

លោក​ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា បណ្ដាកោះនានា​ក្នុងខេត្តព្រះសីហនុ ចាត់ទុកជា​ទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃ និងមានសក្ដានុពលដ៏សំខាន់​សម្រាប់អនាគត​វិស័យ​ទេសចរណ៍នៅកម្ពុជា ដែលអាចអភិវឌ្ឍទៅជាទេសចរណ៍​សមុទ្រ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍កម្រិតខ្ពស់​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ។​

លោកជំទាវ​បន្តថា ៖ «បច្ចុប្បន្ន​នេះ បណ្ដា​កោះក្នុង​ខេត្តព្រះសីហនុមានការ​វិនិយោគ​ច្រើន ប៉ុន្តែបើទោះបីជាមានការ​វិនិយោគច្រើនគួរសមបែបនេះក៏ដោយ ក៏នៅទីតាំងខ្លះ ផ្ដល់​សេវា​កម្មទេសចរណ៍ជូនភ្ញៀវ​នៅមិនទាន់​ឆ្លើយតប​បានគ្រប់គ្រាន់នៅឡើយ ជាពិសេស​សេវាកម្ម​ទេសចរណ៍តម្លៃ​មធ្យម ខណៈសេវាកម្ម​ទេសចរណ៍កម្រិត​ខ្ពស់ក៏ត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ព្រោះទេសចរកម្រិតនេះមានការចំណាយខ្ពស់»។

លោក​ជំទាវបន្តថា ស្របពេលដែល​បណ្ដាកោះ​មួយចំនួនក្នុងខេត្តព្រះសីហនុកំពុង​ហុច​សក្ដានុពលទាំ​ងការ​វិនិយោគ និងទេសចរណ៍ អ្នកពាក់ព័ន្ធទាំងអស់​គួរតែ​ច្នៃប្រឌិត​ឱ្យមានសកម្មភាព សេវាកម្ម​​ ផលិ​ត​ផ​ល​​ទេ​សចរណ៍នៅលើកោះ ក្រោមទឹក និងលើ​ទឹក ដើម្បីទាក់ទាញភ្ញៀវមក​ស្នាក់នៅលើ​កោះឱ្យបានយូរ និងទាញ​​ការ​ចំណាយរបស់ភ្ញៀវ​ឱ្យបានច្រើន ។ អ្វីដែល​ជាការកត់សម្គាល់​នោះ នៅពេលឆាប់ៗនេះ នឹង​មានការ​ហោះហើរត្រង់មកពីតំបន់អឺរ៉ុប​ចូល​មក​កាន់ខេត្តព្រះសីហនុ​ផ្ទាល់​តែម្ដង ដូច្នេះ​ ត្រូវតែមានការ​ត្រៀម​ពីពេលនេះតទៅ ធ្វើយ៉ាងណា​បង្កើតសេវាកម្មទេសចរណ៍ឱ្យមានគុណភាព និងល្អជា​ងមុន​ ជាពិសេស​ត្រូវ​មានផលិត​ផលទេសចរណ៍ថ្មីៗ ។​

សូមរំលឹកដែរថា កាលពី​ដើមខែវិច្ឆិកា ២០២៦នេះ អភិបាលខេត្តព្រះសីហនុ​ បានដឹកនាំ​ប្រតិភូទៅបំពេញទស្សនកិច្ច​នៅបណ្ដាប្រទេស​ជាច្រើន​ក្នុ​ងតំបន់​អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្ដានុពល​វិនិយោគ និងទេសចរណ៍​ក្នុង​ខេត្តព្រះសីហនុ ហើយបានពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ និងរដ្ឋ​ជាច្រើន​នៅក្នុងប្រទេស​ទាំងនោះ រួមមានប្រទេសប៉ូឡូញ ប្រទេស​ឆែក និងអាល្លឺម៉ង់ជាដើម ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា