រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ភ្នំពេញ​៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣ ​ដើម្បី​បង្កើន​សុវត្ថិភាព​ ​និង​ភាព​ងាយស្រួល​សម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ពេល​យប់​។

​ក្នុង​ឱកាស​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ជាតិ​លេខ​១០ ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ប្រកាស​គាំទ្រ ​និង​បញ្ជា​ឱ្យ​ក្រសួង​រ៉ែ ​និង​ថាមពល ​អគ្គិសនី​កម្ពុជា​ ​និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​គោលដៅ​ទាំង​ ​១៣ ​សហការ​គ្នា​ពន្លឿន​ការ​ដំឡើង​អំពូល​សូឡា​នេះ​។

​សម្ដេច​ធិបតី​មានប្រសាសន៍​ថា ​បន្ទាប់ពី​អនុវត្ត​នៅ​រាជធានី​-​ខេត្ត​ទាំង ​១៣ ​រួច ​រាជ​រដ្ឋាភិបាល​នឹង​ពង្រីក​ការ​ដំឡើង​ទៅកាន់​ផ្លូវ​សំខាន់​ៗ ​ជាពិសេស​ផ្លូវ​ដែល​ត្រូវ​ធ្វើដំណើរ​ដោយ​ល្បឿន​លឿន ​នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង ​២៥​។

​សម្ដេច​ធិបតី​បាន​ចាត់ទុក​ការងារ​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​ ​និង​ប្រជា​ពលរដ្ឋ​ជា​ការងារ​អាទិភាព​។ ​លោក​បន្ត​ថា​ ​ការ​ដំឡើង​អំពូល​សូឡា​មិន​ត្រឹមតែ​ជួយ​បង្កើន​សោភណភាព​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ធានា​សន្តិសុខ​ ​សុវត្ថិ​ភាព​សម្រាប់​ការ​ធ្វើដំណើរ​នៅ​ពេល​យប់​ផងដែរ​។

​សម្ដេចធិបតី​មានប្រសាសន៍​ថា​ ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ធ្វើឱ្យ​ការ​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​មាន​ភាព​ងាយស្រួល​ជាង​មុន​ ​ខណៈ​បង្គោល​អំពូល​ក៏​អាច​ផលិត​បាន​ក្នុង​ស្រុក​ ​ដែល​អាច​ផ្តល់​ឱកាស​ដល់​សិប្ប​កម្ម​ក្នុង​ស្រុក​បង្កើន​ប្រាក់​ចំណូល ​និង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​។

​សម្ដេចធិបតី ​ ហ៊ុន ម៉ាណែត ​បាន​មានប្រសាសន៍​ថា​៖​ «​ពីមុន​ប្រើប្រាស់​ភ្លើង​ តែ​ ១​,​០០០​គីឡូម៉ែត្រ​ ​ក៏​ពិបាក​រក​លុយ​ត​ដែរ​ តែ​ឥឡូវ​យើង​ប្រើ​សូឡា​ ​យើង​ដំឡើង​តែ​ម្ដង​ទេ​»​។ ​សម្ដេច​បន្ថែម​ថា​ ​ការ​ផលិត​បង្គោល​ក្នុង​ស្រុក​ ​គឺជា​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ ​ដែល​អាច​ឱ្យ​សិប្បកម្ម​កូន​ខ្មែរ​មាន​លទ្ធភាព​រក​ចំណូល​បាន​ ​និង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​។

​ចំពោះ​ការ​អនុវត្ត​ជាក់ស្ដែង​ ​ខេត្ត​ពោធិ៍សាត់​បាន​ចាប់ផ្ដើម​ដំឡើង​អំពូល​សូឡា​មុន​គេ ​ដោយ​បាន​បញ្ចប់​ការ​ដំឡើង​លើ​ចម្ងាយ​ផ្លូវ​ ២៥​គីឡូម៉ែត្រ​ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​ចាប់​ពី​ចំណុច​ផ្លូវ​ចូល​ទី​គោរព​សក្ការៈ​បូជា​អ្នកតា​ឃ្លាំង​មឿង​ ​នៃ​ទី​រួម​ខេត្ត​ ​រហូត​ដល់​ស្រុក​ក្រគរ​។

​តាម​គម្រោង​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ការ​ដំឡើង​នឹង​បន្ត​ចាប់​ពី​ព្រំប្រទល់​ខេត្ត​បាត់ដំបង​ ​រហូតដល់​ខេត្ត​កំពង់ឆ្នាំង​ ​ហើយ​គ្រោង​នឹង​បញ្ចប់​ការ​ដំឡើង​បាន​ ​១០០​ភាគរយ​ ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៨​។

​ជាមួយគ្នា​នេះ​ ការ​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ​ក៏​ត្រូវ​បាន​ពង្រីក​ទៅ​តាម​ស្រុក​ ​និង​ក្រុង​មួយចំនួន​ផ្សេងទៀត​ ​ខណៈ​រាជ​រដ្ឋាភិបាល​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​។​

​រាជធានី​-​ខេត្ត​ចំនួន​ ១៣ ​ដែល​នឹង​ដំឡើង​អំពូល​សូឡា​ក្នុង​ដំណាក់កាល​ដំបូង រួម​មាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ កំពង់ស្ពឺ​ ​កំពង់ឆ្នាំង​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ កំពង់ចាម​ តា​កែវ ​ព្រះសីហនុ ​កោះ​កុង ​កំពត ​និង​ខេត្ត​កែប​៕​

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា