ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលផ្សាយនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៧។

Advertisement

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃប្រព័ន្ធស្តង់ដា និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ក្នុងការគាំទ្របរិវត្តកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖

“ឧស្សាហកម្ម ផលិតកម្ម និងអាជីវកម្មទាំងអស់របស់យើងត្រូវតែអនុវត្តតាមស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃការវាយតម្លៃភាពអនុលោម ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងប្រកបដោយជោគជ័យនៅក្នុងទីផ្សារពិភពលោក ទីផ្សារតំបន់ ក៏ដូចជាទីផ្សារស្ថិតក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។”

ឯកឧត្តមបានបន្ថែមថា ការអនុវត្តតាមស្តង់ដាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នឹងជួយឱ្យផលិតផលកម្ពុជាទទួលបានទំនុកចិត្ត និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត។

ផែនទីបង្ហាញផ្លូវ STRACAP ត្រូវបានអភិវឌ្ឍឡើងក្រោមកម្មវិធី RT4D ដោយមានការគាំទ្រពីអង្គការស្តង់ដាអន្តរជាតិ (ISO) អង្គការ UNIDO និងរដ្ឋាភិបាលអូស្ត្រាលី។ ផែនទីនេះផ្តល់នូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធស្តង់ដារបស់កម្ពុជា និងអនុលោមភាពស្របតាមក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ផែនទីបង្ហាញផ្លូវនេះបានកំណត់អាទិភាពយុទ្ធសាស្ត្រចម្បងចំនួនបួនគឺ ការពង្រឹងយន្តការសម្របសម្រួលគោលនយោបាយ និងអភិបាលកិច្ច, ការពង្រឹងសមត្ថភាពស្ថាប័នក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការធ្វើឱ្យស្តង់ដា និងបទប្បញ្ញត្តិបច្ចេកទេស ស្របតាមក្របខ័ណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម, និងការបង្កើនការយល់ដឹង និងការចូលរួមប្រកបដោយបរិយាបន្នរបស់អាជីវកម្ម និងភាគីពាក់ព័ន្ធ។

ផែនទីបង្ហាញផ្លូវ STRACAP នឹងត្រូវអនុវត្តជាពីរដំណាក់កាល ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣២ ដោយផ្តោតលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ អង្គភាពផ្តល់វិញ្ញាបនបត្រ និងអធិការកិច្ច ការធ្វើឌីជីថលូបនីយកម្មសេវាស្តង់ដា និងការពង្រឹងការសម្របសម្រួលរវាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ការចូលរួមអនុវត្តពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនគឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីសម្រេចគោលដៅ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យឧស្សាហកម្មកម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគិតត្រឹមឆ្នាំ២០២៥ មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងដំណើរការ កើនឡើងប្រមាណ ២៧% ធៀបនឹងឆ្នាំ ២០២៤ ខណៈទុនវិនិយោគសរុបបានឈានដល់ ២៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៣%។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈគំនិតផ្តួចផ្តើមដូចជា STRACAP មានសារសំខាន់ ដើម្បីធានាថា កំណើននៃវិស័យឧស្សាហកម្ម និងការវិនិយោគពីបរទេសអាចបង្កើតឱកាសសម្រាប់សហគ្រាសក្នុងស្រុក ចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តស្តង់ដា ការធ្វើតេស្តវិភាគ និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលទទួលស្គាល់ជាអន្តរជាតិ។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានស្តង់ដារជាតិសរុបចំនួន ១២០៣ ស្តង់ដារ។ ក្នុងចំណោមស្តង់ដារជាតិសរុបចំនួន ១២០៣ ស្តង់ដារ ក្នុងនោះរួមមានស្តង់ដារម្ហូបអាហារចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡិចត្រូនិក ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភ័ណ្ឌ ៩។ការសម្រចបាននូវការអនុម័តស្តង់ដារជាតិទាំងនេះ នឹងជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា