ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

បរទេស៖ ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់។ នេះបើយោងតាមការរាយការណ៍ពី The Star។

Advertisement

កាលពីខែឧសភាកន្លងទៅនេះ គណៈរដ្ឋមន្ត្រីអនុម័តក្រឹត្យអាសន្នដោយបែងចែកថវិកាស្មើៗគ្នារវាង វិធានការសង្គ្រោះសម្រាប់ឧបត្ថម្ភធនដល់អ្នកប្រើប្រាស់ និង ការផ្តល់មូលនិធិឆ្ពោះទៅរកថាមពលស្អាតសម្រាប់រយៈពេលវែង។

តាមច្បាប់ថៃ រដ្ឋាភិបាលអាចចេញក្រឹត្យអាសន្នបែបនេះបាន លុះត្រាតែប្រទេសជាតិស្ថិតក្នុងស្ថានភាពបន្ទាន់ ឬ មានគ្រោះអាសន្នពិតប្រាកដ។ យ៉ាងណាមិញ បញ្ហានេះបង្កឱ្យមានការប្តឹងតវ៉ាពីសំណាក់គណបក្សប្រឆាំង ដោយសារពួកគេយល់ឃើញថា រដ្ឋាភិបាលកំពុងរំលោភអំណាចប្រើផ្លូវកាត់តាមរយៈការអនុម័តក្រឹត្យអាសន្ន។

គណបក្សប្រឆាំង មើលឃើញថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនទាន់ដល់ថ្នាក់ជាគ្រោះអាសន្នបន្ទាន់ ដែលត្រូវរំលងនីតិវិធីសភានោះឡើយ ប៉ុន្តែរដ្ឋាភិបាលបែរជាប្រើប្រាស់ច្បាប់អាសន្នខុសគោលដៅ ដើម្បីជៀសវាងការត្រួតពិនិត្យ និងដេញដោលពីសភា។ ដូច្នេះហើយ ទើបពួកបក្សប្រឆាំងដាក់ពាក្យប្តឹងទៅតុលាការធម្មនុញ្ញនៅក្នុងខែឧសភាដដែលនោះ។

បន្ទាប់ពីទទួលយកពាក្យបណ្តឹងពីក្រុមតំណាងរាស្ត្របក្សប្រឆាំង តុលាការធម្មនុញ្ញថៃឥឡូវនេះកំពុងពិនិត្យមើលថា តើក្រឹត្យស្តីពីការខ្ចីប្រាក់ដែលចេញដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីលោក អានុទីន ឆានវីរ៉ាកុល ស្របតាមលក្ខខណ្ឌនៃវិធានការបន្ទាន់អាសន្ន ឬយ៉ាងណា?

សាលក្រមត្រូវបានរំពឹងថានឹងចេញនៅត្រឹមថ្ងៃទី ១៦ ខែកក្កដាខាងមុខនេះ នឹងកំណត់ទាំងជោគវាសនាលើកម្ចីនេះ ចំពេលដែលកំណើនសេដ្ឋកិច្ចរបស់ថៃកំពុងចុះខ្សោយ និងរំហូរថវិការបស់ប្រទេសកំពុងតែរួមតូច។

លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងដ៏ធំ និងជាក្រុមមួយក្នុងចំណោមអ្នកដាក់ញត្តិបណ្តឹងទៅតុលាការ លើកឡើងថា លោកគាំទ្រការផ្លាស់ប្តូរទៅរកថាមពលស្អាត ប៉ុន្តែប្រឆាំងនឹងការប្រើប្រាស់ក្រឹត្យអាសន្នដើម្បីជម្រុញផែនការនេះ។

យ៉ាងណាមិញ លោក Paradorn Prissananantakul រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញទំនុកចិត្តថា ក្រឹត្យនេះនឹងត្រូវបានអនុម័ត។ ទោះបីជាក្នុងករណីដែលតុលាការសម្រេចលុបចោលក្រឹត្យខ្ចីប្រាក់នេះក៏ដោយ ប៉ុន្តែរាល់វិធានការ ឬ គម្រោងដែលរដ្ឋាភិបាលបានអនុវត្តរួចរាល់កន្លងមកនឹងមិនត្រូវរងផលប៉ះពាល់ឡើយ ពោលគឺអ្វីដែលធ្វើរួចគឺនៅដដែល។ អ្វីដែលត្រូវបានរារាំងគឺមានតែគម្រោង ឬការឧបត្ថម្ភធនណាដែលមិនទាន់បានអនុវត្តតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas ថ្លែងកាលពីសប្តាហ៍មុនដែរថា ក្រឹត្យខ្ចីប្រាក់នេះមានសារៈសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរថាមពល ខណៈដែលថៃពឹងផ្អែកខ្លាំងលើការនាំចូលថាមពលដែលមានទំហំជិត ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។

លោកបន្តថា នេះគឺជាចំណុចខ្សោយដ៏សំខាន់មួយ ហើយប្រសិនបើមិនធ្វើសកម្មភាពឥឡូវនេះទេ ថៃប្រឈមនឹងការបាត់បង់ភាពប្រកួតប្រជែងរបស់ខ្លួនទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលថៃរំពឹងថា ការខ្ចីប្រាក់នឹងជំរុញផ្នែកហិរញ្ញវត្ថុដែលនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចពី ០,៥ ភាគរយដល់ ២ ភាគរយបន្ថែមទៀតនៅឆ្នាំនេះ។ កាលពីឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចថៃកើនឡើង ២,៤ ភាគរយ ដែលយឺតយ៉ាវជាងបណ្តាប្រទេសជិតខាងក្នុងតំបន់។

លោកស្រី Lavanya Venkateswaran សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ាននៃធនាគារ OCBC លើកឡើងថា ប្រសិនបើតុលាការចេញសាលក្រមរារាំងដល់ផែនការខ្ចីប្រាក់នេះ វានឹងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ថៃកាន់តែពិបាកព្យាករណ៍ និង ប្រឈមហានិភ័យកាន់តែខ្លាំង ទោះបីជាការនាំចេញមានភាពរឹងមាំ និងកត្តាជំរុញពីខាងក្រៅមួយចំនួនអាចជួយគាំទ្រដល់សន្ទុះសេដ្ឋកិច្ចក្នុងរយៈពេលខ្លីក៏ដោយ។

លោក Stithorn Thananithichot អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យជូឡាឡុងកន លើកឡើងថា តុលាការអាចនឹងសម្រេចអនុញ្ញាតលើកញ្ចប់ថវិកាជួយសម្រាលជីវភាពពលរដ្ឋបន្តដំណើរការទៅមុខ ប៉ុន្តែអាចនឹងបដិសេធកញ្ចប់ថវិកាសម្រាប់ថាមពលស្អាត។ ការសម្រេចបែបនេះនឹងមានផលប៉ះពាល់កម្រិតស្រាលប៉ុណ្ណោះដល់ប្រតិបត្តិការរបស់រដ្ឋាភិបាល។

ប្រសិនបើតុលាការកាត់សេចក្តីបដិសេធផ្នែកណាមួយ ឬ ទាំងស្រុង រដ្ឋាភិបាលនៅតែមានផ្លូវដើរ ដោយសារពួកគេនៅមានកញ្ចប់ថវិកាជាតិផ្សេងទៀតដែលអាចបត់បែនបានខ្លះ។ ប្រសិនបើគម្រោងណាខ្វះថវិកា រដ្ឋាភិបាលគ្រាន់តែផ្អាកជាបណ្តោះអាសន្ន រួចរង់ចាំយកទៅដាក់បញ្ចូលក្នុងកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ ២០២៧ ដែលនឹងត្រូវចាប់ផ្តើមប្រើប្រាស់នៅខែតុលា ខាងមុខនេះវិញ។

ក្នុងករណីតុលាការសម្រេចច្រានចោលក្រឹត្យអាសន្ននេះទាំងមូលក៏ដោយ ក៏មិនធ្វើឱ្យរដ្ឋាភិបាលរបស់លោក អានុទីន បាត់បង់អំណាច ដោយសារតែពួកគេមានសំឡេងភាគច្រើននៅក្នុងសភា។ យ៉ាងណាមិញ រដ្ឋាភិបាលនឹងត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់គណបក្សប្រឆាំង និងមហាជនថា រដ្ឋាភិបាលប្រើប្រាស់អំណាចមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា