និន្នាការ​នៃកា​រប្រើ​ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ មានការកើនឡើង​ខ្ពស់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និន្នាការ​នៃកា​រប្រើ​ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ មានការកើនឡើង​ខ្ពស់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

និន្នាការ​នៃកា​រប្រើ​ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ មានការកើនឡើង​ខ្ពស់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ ​ម្ចាស់សហគ្រាស ម្ចាស់កសិដ្ឋាន​ បានចាប់ផ្ដើម​ងាកមកប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ កាន់តែច្រើន​ឡើង ​ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការ​ប្រើប្រាស់ថាមពល​ពីពន្លឺព្រះអាទិត្យនេះ បានសន្សំសំចៃ​ថាមពល​អគ្គិសនីដែលតពី​បណ្ដាញជាតិ​បានមួយកម្រិត​ ជាពិសេស​ចំណេញដល់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

Advertisement

លោក​ គង់ ផារឹទ្ធ ស្ថាបនិក​និងជានាយក​គ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​សូឡា​ I.M.B (Cambodia ) Group Plc បានមានប្រសាសន៍ថា ជាការ​កត់សម្គាល់ ក្នុងរយៈពេល​ប៉ុន្មានចុងក្រោយនេះ កា​រប្រើប្រាស់អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ​ដែល​យើងហៅថា​សូឡា ពិត​ជា​មានកំណើនខ្ពស់ខ្លាំង​​ ពីព្រោះថា​ការ​ប្រើប្រាស់ថាមពល​អគ្គិសនី​ពីពន្លឺព្រះអាទិត្យ​ បានកាត់បន្ថយការ​ចំណាយ​មួយកម្រិត ជាពិសេស​នៅតាមសហគ្រាស និងកសិកដ្ឋាននានា​ដែលត្រូវ​ថាមពល​អគ្គិសនីច្រើន​​។​

លោកបានបន្តថា ក្នុង​រយៈពេលជាង​ ២០ ឆ្នាំ ដែលក្រុមហ៊ុនបានចាប់ផ្ដើម​ផ្ដល់សេវាកម្ម​សូឡា​ដល់ប្រជាពលរដ្ឋ​កម្ពុជា បានកត់សម្គាល់ឃើញថា​ មានការ​គាំទ្រ និង​មានអ្នក​ប្រើប្រាស់ច្រើន ជាពិសេស​ម្ចាស់កសិដ្ឋាន​និងសហគ្រាស​តាមបណ្ដា​ខេត្ត​ ។ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនីពីពន្លឺព្រះអាទិត្យ​ គឺចំណាយតែម្ដង ​ប្រើបានរហូត​ ដោយមិនចាំបាច់​ចំណាយប្រចាំខែ​ទៀតនោះឡើយ ជាពិសេស​ក្នុងពេល​ប្រេង​ឥន្ធនៈ កំពុង​ឡើងថ្លៃ ក៏មិនបារម្ភ​ដែរ ​ឱ្យ​តែមានពន្លឺនិងកម្ដៅព្រះអាទិត្យ​ គឺនៅតែអាច​ប្រើប្រាស់បានជានិច្ច។

លោក​ ផារឹទ្ធ​ បាន​បន្ថែមថា ចាប់តាំងពី​មានជម្លោះនិងសង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា ​បានធ្វើឱ្យ​ប្រេងឥន្ធ​នៈឡើ​ងថ្លៃ​ ជាពិសេស​តម្លៃប្រេងម៉ាស៊ូត​កើនឡើង​ខ្ពស់ ឃើញមានពលរដ្ឋ​ដែលប្រើប្រាស់ម៉ាស៊ីន​ស​ម្រា​ប់​ដំណើរ​ការ​ខ្សែច្រវាក់​ផលិតកម្ម ដូចជាម៉ាស៊ីនភ្លើង ម៉ាស៊ីន​បូមទឹក បានងាកមក​ការ​ប្រើប្រាស់ថា​ម​ពល​​អគ្គិសនីពីពន្លឺព្រះអាទិត្យវិញ ដែលធ្វើឱ្យមានកំណើន​កាន់តែខ្ពស់បន្ថែមទៀត​​ ។

លោកបាននិយាយថា៖

“ការ​ប្រើប្រាស់បច្ចេកវិទ្យា​ទំនើប​នេះ មិនត្រឹមតែ​កាត់បន្ថយការ​ចំណាយលើ​ថ្លៃប្រេងឥន្ធនៈ ថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំង​អាច​ចំណេញពេលវេលា​​ ដោយ​អាច​បញ្ជាបិទបើក​ពីចម្ងាយបាន​​ ដោយមិនចាំបាច់​ទៅដល់​កន្លែង​ផ្ទាល់នោះទេ​។”​

លោក​ ញឹម សុខែម អ្នកចែកចាយ​អំពូលសូឡា​​​នៅក្នុងប្រទេស​កម្ពុជា​មួយរូប ​បានថ្លែងឱ្យដឹងថា ចាប់តាំងពីលោកបានបង្កើ​តអាជីវកម្មលក់​និងផ្គត់ផ្គង់អំពូលសូឡា ឃើញថា​មានការ​ចាប់អារម្មណ៍ខ្លាំង​ និង​បានងាកមក​ប្រើ​អំពូល​សូឡា​កាន់តែច្រើន មិនថា​នៅទីប្រជុំជនដែលមានអគ្គិសនីស្រាប់ ឬនៅទីជនបទ​ដែលមិនមានទាន់​អគ្គិសនីប្រើប្រាស់។

លោកបានបន្តថា កាលពីថ្មីៗនេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ​បានចេញសេចក្ដីជូនដំណឹង​មួយ​ស្ដីពីការ​កែសម្រួល​អត្រាពន្ធគយ និងបញ្ចុះអត្រាអាករ​នាំចូល​លើ​មុខទំនិញមួយចំនួន ក្នុងនោះឃើញថា​ គយបានបញ្ចុះអត្រាពន្ធនាំចូលលើ​ទំនិញ​ចង្កៀងសូឡាមកនៅសូន្យ​ភាគរយ ​ដែលមានន័យថាមិនយកពន្ធ។ តាមរយៈការ​បញ្ចុះអត្រា​ពន្ធនាំចូលនេះ បានបង្ហាញឱ្យឃើញពីការ​គាំទ្ររបស់​រដ្ឋាភិបាល​និង​បានលើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋកម្ពុជា​ប្រើប្រាស់​សូឡា​ឱ្យបានច្រើន ជំនួស​ឱ្យ​ការ​ប្រើប្រាស់ថាមពល​អគ្គិសនី ពីបណ្ដាញជាតិ ឬអគ្គិសនីដែល​ប្រើប្រាស់ឥន្ធនៈ។

ទន្ទឹមនឹងនោះដែរកា​រប្រើប្រាស់ថាមពល​អគ្គិសនីដែលទាញពីពន្លឺព្រះអាទិត្យ ឬហៅថា​សូឡា ក្នុងវិស័យកសិកម្មក៏កំពុង​ទទួលបានការគាំទ្រ​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ ក្រសួងបរិស្ថាន​និងដៃគូពាក់ព័ន្ធមួយទៀតដែរ ពីព្រោះថា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបក្នុងវិស័យកសិកម្មនេះដែរ នឹង​ជួយឱ្យកសិករ​ចំណាយតិចជាង​មុន​តែចំណេញបានច្រើន​ ព្រមទាំង​អាច​ធានា​បាននិរន្តរភាពថាមពល​ ​។​

លោក​ វ៉ា សំណាង ទីប្រឹក្សា​បច្ចេកទេសនៃគម្រោង​បង្កើនភាពធន់​នឹងអាកាសធាតុ​ ក្នុង​ខ្សែច្រវាក់តម្លៃកសិ​កម្ម​​​នៅកម្ពុជា​ បានមានប្រសាសន៍ថា​ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា​នេះ នឹងអាចជួយទប់ស្កាត់​ការ​ប្រែប្រួលអាកាសធាតុបានមួយកម្រិត​បន្ថែមទៀត ហើយក៏អាច​ធានា​សុខសន្តិថាមពល​បានមួយកម្រិតផងដែរ​។

លោកបានបន្តថា ក្នុងពេល​ពិភពលោកកំពុងព្រួយបារម្ភពីឡើងថ្លៃ​នៃប្រេង​ឥន្ធនៈ និងឧស្ម័ន​ឥន្ធនៈនេះ ការ​ប្រើប្រាស់ថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ​ នឹងអាចជួយ​កាត់បន្ថយការ​ចំណាយរបស់​ពលរដ្ឋ​ ជាពិសេស​នៅក្នុងវិស័យកសិកម្ម ដូចជា​ម៉ូទ័របូមទឹកដើរដោយសូឡា បន្ទប់​ត្រជាក់​សម្រាប់ស្តុក​បន្លែផ្លែឈើ ដែលប្រើពន្លឺព្រះអាទិត្យ និងឧបករណ៍ជាច្រើនទៀតដែល​ប្រើប្រាស់​ថាមពលអគ្គិសនី។

អ្នកស្រី ទឹម គន្ធា កសិករ​នៅស្រុកឯកភ្នំ ខេត្ត​បាត់ដំបង បានមានប្រសាសន៍ថា បច្ចុប្បន្ន​ អ្នកស្រីបាននិងកំពុង​ប្រើប្រាស់​ម៉ូទ័រ​បូមទឹក​ដោយប្រើ​ភ្លើងអគ្គិសនីតពីបណ្ដាញជាតិ តែអ្នកស្រី​នឹង​ផ្លាស់​ប្តូរទៅប្រើប្រាស់ម៉ូទ័រ​បូមទឹក ដោយពន្លឺព្រះអាទិត្យ​វិញ ក្នុងពេលឆាប់ៗនេះ ដោយសារតែអ្នកស្រីមិនចង់ចំណាយថ្លៃអគ្គិសនី​ដើម្បីបូមទឹក​ប្រចាំខែទៀតនោះទេ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា