អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

បរទេស ៖ អាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរបស់រដ្ឋ និងអង្គភាពចំនួន ៤ ទៀត ដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ នេះបើយោងតាមការរាយការណ៍ពី Anadolu Agency។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា វិធានការទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបង្ក្រាបរបបដឹកនាំក្នុងប្រទេសគុយបា និងសកម្មភាពនានាដែលគំរាមកំហែងដល់សន្តិសុខជាតិអាម៉េរិក។ ក្នុងចំណោមអ្នកដែលត្រូវរងទណ្ឌកម្មនោះរួមមាន លោក Fidel Ernesto Castro Calis ជាចៅប្រុសរបស់អតីតប្រធានាធិបតីគុយបា លោក រ៉ា Raul Castro។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មលើធនាគាររដ្ឋ Banco Exterior de Cuba និងអង្គភាពចំនួន ៤ ផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មធនធានរ៉ែធម្មជាតិ និងពាណិជ្ជកម្មប្រេង។ នៅក្រោមការដាក់ទណ្ឌកម្មនេះដែរ រាល់ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់បុគ្គល និងអង្គភាពទាំងនោះនៅក្នុងដែនសមត្ថកិច្ចរបស់អាម៉េរិក នឹងត្រូវបានបង្កក។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋអាមេរិកក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយភាគីដែលនៅក្រោមទណ្ឌកម្មផងដែរ លុះត្រាតែមានការអនុញ្ញាតពីក្រសួងរតនាគារអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានលើកឡើងថា របបកុម្មុយនិស្តគុយបាបន្តបង្កជាការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់សន្តិសុខជាតិរបស់អាម៉េរិក និងស្ថិរភាពក្នុងតំបន់។ លើសពីនេះ គ្រួសារ Castro និងមន្ត្រីដែលពាក់ព័ន្ធនឹងរបបមួយនេះកំពុងគ្រប់គ្រងសេដ្ឋកិច្ចរបស់គុយបា។

ជាការឆ្លើយតប ដើម្បីកាត់បន្ថយសម្ពាធពីអាម៉េរិក រដ្ឋាភិបាលគុយបា បានប្រកាសដាក់ចេញនូវវិធានការកំណែទម្រង់ទីផ្សារសេរីធំបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍រួមមាន ការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនអាចបង្កើតភ្នាក់ងារទេសចរណ៍ដោយខ្លួនឯង និងមិនតម្រូវឲ្យជួលបុគ្គលិកតាមរយៈភ្នាក់ងាររដ្ឋឡើយ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បដិសេធការចោទប្រកាន់របស់អាម៉េរិក និង បញ្ជាក់ថា គុយបានឹងមិនបានគំរាមកំហែងដល់សន្តិសុខជាតិអាម៉េរិកនោះទេ។ យ៉ាងណាមិញ ទោះជាវិធានការនេះនៅមិនទាន់អាចធ្វើឱ្យរដ្ឋបាលអាម៉េរិកចិត្តទន់ ឬ ដកថយពីការដាក់ទណ្ឌកម្មថ្មីៗរបស់ខ្លួននោះឡើយ។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ បានព្រមានថា ទណ្ឌកម្ម និងការបិទខ្ទប់វិស័យថាមពលកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាល និងបណ្តាញអគ្គិសនីរបស់គុយបាប្រឈមនឹងការដួលរលំ ហើយកំពុងប៉ះពាល់ដល់ជីវភាពប្រជាជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា