អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

បរទេស៖ អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅត្រឹមថ្ងៃសុក្រ សប្ដាហ៍នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Council on Foreign Relations ដោយសារភាពតានតឹងដែលបង្កឲ្យមានការបាក់បែកផ្នែកការទូត ក៏ដូចជាបញ្ហាគ្រប់គ្រងតម្លៃ ឬ កូតាប្រេងមិនត្រូវគ្នាជាមួយនឹងសមាជិក។

Advertisement

អារ៉ាប់រួម គឺជាអ្នកផលិតប្រេងធំជាងគេនៅក្នុងចំណោមបណ្តាប្រទេសនានាដែលស្ថិតនៅក្នុង OPEC ជាមួយនឹងផលិតកម្មប្រមាណ ១១,១៩ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៥។ ការចាកចេញរបស់អារ៉ាប់រួម បង្កឱ្យមានក្តីកង្វល់យ៉ាងខ្លាំងពីសាមគ្គីភាពរបស់ OPEC ក្នុងរយៈពេលយូរអង្វែង។ យ៉ាងណាមិញ គេសង្ឃឹមថា ការសម្រេចចិត្តចាកចេញរបស់អារ៉ាប់រួមនឹងមិនធ្វើឱ្យប៉ះពាល់ដល់ OPEC ធ្ងន់ធ្ងរនោះទេ ដោយសារសមាជិកចំនួន ១១ ប្រទេសផ្សេងទៀតមិនទាន់បង្ហាញពីសញ្ញានៃការចាកចេញនៅឡើយ។

ជាមួយនឹងចលនាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនេះ អារ៉ាប់រួម ចាប់ផ្តើមសិក្សាពីការចាកចេញរបស់ កាតា ពី OPEC តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ កន្លងមក ថ្នាក់ដឹកនាំអារ៉ាប់រួមជឿជាក់ថា ការសម្រេចចិត្តរបស់ OPEC គឺផ្តល់អាទិភាពខ្លាំងពេកទៅលើអារ៉ាប៊ីសាអូឌីត ដែលវាមិនបានបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ទីក្រុងអាប៊ូដាប៊ីនោះទេ។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងរបស់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតធ្លាក់ចូលដល់ដំណាក់កាលមួយមានភាពតានតឹង។ ដូចទៅនឹងរដ្ឋតូចៗដទៃទៀតនៅក្នុងតំបន់ឈូងសមុទ្រដែរ អារ៉ាប់រួម តែងតែព្យាយាមប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីតក្នុងការគ្រប់គ្រង និងមានឥទ្ធិពលមកលើពួកគេ ក៏ដូចជាមកលើតំបន់ទាំងមូល។ កាលពីចុងឆ្នាំ២០២៥ ភាគីទាំងពីរមានជម្លោះជាមួយគ្នាដោយសារ យេម៉ែន ព្រោះ អារ៉ាប់រួម គាំទ្រក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដែលជាក្រុមប្រដាប់អាវុធចង់បំបែករដ្ឋនៅយេម៉ែន។ អារ៉ាប៊ីសាអូឌីត មិនពេញចិត្តនឹងទង្វើបែបនេះ ដោយសារវាប៉ះពាល់ដល់ដៃគូរបស់ខ្លួនក្នុងប្រទេស​ យេម៉ែន រហូតដល់មានការវាយប្រហារតាមផ្លូវអាកាសលើសម្ព័ន្ធមិត្តរបស់អារ៉ាប់រួម និងកំពង់ផែ Mukalla។ ទន្ទឹមនឹងនោះ ការទទួលស្គាល់របស់អ៊ីស្រាអែលលើប្រទេសសូម៉ាលីឡែន (Somaliland) បានរួមចំណែកបន្ថែមទៀតដល់ការមិនទុកចិត្តគ្នាទៅវិញទៅមករវាង អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម។ អារ៉ាប៊ីសាអូឌីត យល់ថា ទង្វើរបស់ អ៊ីស្រាអែល ធ្វើឱ្យតំបន់បាត់បង់ស្ថិរភាព ហើយសង្ស័យថា អារ៉ាប់រួម នៅពីក្រោយរឿងនេះ។

ជាថ្មីម្ដងទៀត នៅពេលដែល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាចាប់ផ្តើមកើតឡើងកាលពីចុងខែកុម្ភៈកន្លងទៅនេះ មេដឹកនាំប្រទេសទាំងពីរ គឺព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត Mohamed bin Salman និង ព្រះអង្គម្ចាស់អារ៉ាប់រួម Sheikh Mohamed bin Zayed បានបង្ហាញពីសាមគ្គីភាពជាមួយគ្នាឡើងវិញ ប៉ុន្តែនៅពេលសង្គ្រាមបន្តអូសបន្លាយ គោលជំហររបស់ពួកគេក៏ចាប់ផ្តើមបែកគ្នាសាជាថ្មី។ អារ៉ាប៊ីសាអូឌីត ចង់ស្វែងរកដំណោះស្រាយតាមផ្លូវការទូត ដោយមានការចូលរួមពី ប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី។ ដោយឡែក អារ៉ាប់រួម មិនបានជំទាស់ទៅនឹងការចរចានោះទេ ប៉ុន្តែដោយសារខ្លួនរងការវាយប្រហារខ្លាំងពីអ៊ីរ៉ង់ធ្ងន់ធ្ងរពេក ពួកគេចង់ឱ្យមានកិច្ចព្រមព្រៀងណាដែលធានាថា អ៊ីរ៉ង់​ មិនអាចគំរាមកំហែងសន្តិសុខពួកគេបានទៀត។ ដូច្នោះហើយ អារ៉ាប់រួម យល់ថា ការសម្រុះសម្រួលរបស់អារ៉ាប៊ីសាអូឌីត និងប្រទេសផ្សេងទៀតស្ថិតក្នុងកម្រិតមួយដែលមិនទាន់អាចទុកចិត្តបាន។ កាន់តែក្ដៅគគុក នៅដើមខែមីនាកន្លងទៅនេះ ទំនាក់ទំនងបណ្តារដ្ឋនៅក្នុងតំបន់មជ្ឈិមបូព៌ាជួបភាពរង្គោះរង្គើរកាន់តែខ្លាំង ដែលធ្វើឲ្យអារ៉ាប់រួមកាន់តែចង់ចាកចេញពី OPEC ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សមាជិកដទៃទៀតរបស់ OPEC មិនទាន់បានបង្ហាញសញ្ញាណាមួយចង់ចាកចេញនៅឡើយទេ ប៉ុន្តែមេរៀននៃការចាកចេញរបស់ កាតា កាលពីឆ្នាំ២០១៩ បានរួមចំណែកដល់ការសម្រេចចិត្តរបស់អារ៉ាប់រួម។ ដូច្នោះហើយ នៅថ្ងៃខាងមុខ សមាជិកផ្សេងទៀតអាចពិចារណាថា ប្រសិនបើគ្មានអង្គការមួយនេះ តើពួកគេនឹងទទួលបានផលចំណេញច្រើនជាងនេះដែ រឬទេ ? យ៉ាងណាក្ដី ទោះបីជាបញ្ហាភូមិសាស្ត្រនយោបាយហាក់ដូចជាកម្លាំងរុញច្រានក្នុងការចាកចេញក៏ដោយ ប៉ុន្តែអារ៉ាប់រួមជឿជាក់ថា ការបន្តនៅក្នុងអង្គការមួយនេះមិនមានផលប្រយោជន៍ដល់សេដ្ឋកិច្ចនោះទេ ហើយប្រសិនបើអារ៉ាប់រួមអាចបង្ហាញឱ្យពិភពលោកឃើញថា ការចាកចេញពី OPEC មិនបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ពួកគេនោះទេ ប្រទេសដែលជាសមាជិកដទៃទៀតអាចនឹងដើរតាមគន្លងរបស់អារ៉ាប់រួមនាពេលអនាគតជាមិនខាន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា