អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។

យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC) បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោកស្រីក៏បានបង្ហាញបំណងពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោកស្រីប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បានលើកឡើងដូច្នេះ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិក ដើម្បីជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

គណៈប្រតិភូធុរកិច្ចអាមេរិក សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមានដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្ម ជាដើម។ នេះបើតាមលោកស្រី ចាន់ សុខវាសនា។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិក ដូចជា Coca-Cola Ford Chevron Caltex និង GE ដែលបានវិនិយោគនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត លើបរិយាកាសធុរកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយដៃគូអន្តរជាតិ​សរុប សម្រេចបានជាង ៥០ពាន់លានដុល្លារ នៅរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ កើនឡើង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ចិន អាមេរិក និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំៗ ជាងគេរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា