អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

​បរទេស​៖​ ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក​។​

​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ​ក្រុមហ៊ុន​ ​Anduril ​នឹង​វិនិយោគ​ទុន​ផ្ទាល់ខ្លួន​ចំនួន​ ៣​,​៧ ពាន់​លាន​ដុល្លារ ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​នាវា​ថ្មី​មួយ​នៅ​ទីក្រុង​ Baltimore ​រដ្ឋ​ ​Maryland ​ខណៈ​កងទ័ព​ជើងទឹក​អាម៉េរិក​នឹង​វិនិយោគ​បន្ថែម​ជិត​ ៣ ​ពាន់​លាន​ដុល្លារ​ ​សម្រាប់​សកម្មភាព​ផលិតកម្ម​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Defense ​News ​នៅ​សប្តាហ៍​នេះ​ ​រោងចក្រ​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ ​«​Arsenal​-​2​»​ ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុង​ទសវត្សរ៍​នេះ​។ រោងចក្រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​ ​៣​,​១០០ ​កន្លែង​ ​និង​គាំទ្រ​ការងារ​ប្រយោល​ជាង​ ១១​,​០០០ ​កន្លែង​នៅក្នុង​តំបន់​។

​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំប្រឹងប្រែង​នេះ​ ​កងទ័ព​ជើងទឹក​អាម៉េរិក​បាន​ផ្តល់​កិច្ចសន្យា​ផ្អែក​លើ​លទ្ធផល​ការងារ​ ​ដែល​មាន​តម្លៃ​រហូតដល់​ ២​,​៩​ ពាន់​លាន​ដុល្លារ ​ដល់​ក្រុមហ៊ុន​ ​Anduril ​ដើម្បី​ផលិត​គ្រឿង​បន្លាស់​សម្រាប់​គាំទ្រ​ដល់​នាវា​មុជទឹក​ប្រភេទ​នេះ​។

​Anduril ​បាន​កត់សម្គាល់​ថា​ ការ​ទូទាត់​ប្រាក់​ក្រោម​ប្រព័ន្ធ​កិច្ចសន្យា​នេះ​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​លទ្ធផល​ផលិតកម្ម​។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​ជា​អ្នក​ទទួលខុសត្រូវ​លើ​ហានិភ័យ​ភាគ​ច្រើន​នៃ​ការ​អនុវត្ត​គម្រោង​ ​ជំនួស​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ជាប់​ពន្ធ​។

​លោក​ ​Christian Brose ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ ​Anduril ​បាន​ពិពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ ​ជា​ការ​ផ្លាស់ប្តូរ​ទម្រង់​នៃ​ការ​ទិញ​សព្វាវុធ​បែប​ប្រពៃណី ​ដោយ​លោក​បាន​គូសបញ្ជាក់​ថា​ ​រដ្ឋាភិបាល​កំពុង​ទូទាត់​ប្រាក់​លើ​លទ្ធផល​ជាក់ស្តែង​ដែល​កើត​ចេញ​ពី​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន​របស់​ក្រុមហ៊ុន​។

ការ​កើនឡើង​នៃ​ទំហំ​វិនិយោគ​នេះ​ធ្វើឡើង​ ​ខណៈ​រដ្ឋាភិបាល​វ៉ាស៊ីនតោន ​និង​ដៃគូ​អន្តរជាតិ​កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការ​កកស្ទះ​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​វិស័យ​ការពារ​ជាតិ​ ​ដែល​បណ្តាល​មកពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កើនឡើង​ ​បន្ទាប់ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​និង​ជម្លោះ​បន្តបន្ទាប់​នៅ​មជ្ឈិមបូព៌ា​។

​បច្ចុប្បន្ន​ ​Anduril ​កំពុង​ផលិត​ផ្នែក​សំខាន់​ៗ​នៃ​នាវា​មុជ​ទឹក​ថ្នាក់ Virginia ​រួមទាំង​បំពង់​បាញ់​មីស៊ីល​ ​Torpedo ​នៅ​រោងចក្រ​ផលិត​មួយ​ក្នុង​រដ្ឋ​ ​California​។​ ​នៅពេល​រោងចក្រ​ ​Baltimore ​បើក​ដំណើរការ​ ​ក្រុមហ៊ុន​មាន​ផែនការ​ប្រមូលផ្តុំ​ប្រតិបត្តិការ​ដើម្បី​ផលិត​សមាស​ភាគ​រចនាសម្ព័ន្ធ​ធំ​ៗ ​និង​ផ្នែក​ដង​ខ្លួន​នា​វា​។

នាវា​មុជទឹក​វាយប្រហារ​ថ្នាក់ Virginia ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​សាងសង់​តាមរយៈ​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​ ​General Dynamics’ ​Electric ​Boat ​និង​ Huntington Ingalls ​Industries ​គឺជា​សសរ​ទ្រូង​ដ៏​សំខាន់​នៃ​កង​នាវា​មុជទឹក​របស់​កងទ័ព​ជើងទឹក​អាម៉េរិក​ ​សម្រាប់​បេសកកម្ម​វាយប្រហារ ​កិច្ច​ការ​ស៊ើបការណ៍​ ​និង​ប្រតិបត្តិការ​ប្រឆាំង​នាវា​មុជទឹក​។​

​ក្រុមហ៊ុន​ ​Anduril ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ​២០១៧ ​ដោយ​លោក​ ​Palmer ​Luckey ​និង​ធ្លាប់​ល្បីល្បាញ​លើ​ការ​ផលិត​កម្មវិធី​សម្រាប់​ដ្រូន ​និង​ឧបករណ៍​យោធា​ស្វ័យប្រវត្តិ​។​ ​គម្រោង​នៅ​ ​Baltimore ​នេះ​នឹង​ក្លាយជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ផ្លាស់ប្តូរ​ទិសដៅ​របស់​ក្រុមហ៊ុន​ឆ្ពោះទៅ​រក​សមត្ថភាព​ឧស្សាហកម្ម​ជើង​ទឹក​ធុន​ធ្ងន់ ​បន្ទាប់ពី​ការ​បើក​សម្ពោធ​រោងចក្រ​ ​«​Arsenal​-​1​» តម្លៃ​ ១ ​ពាន់​លាន​ដុល្លារ​ ​នៅ​រដ្ឋ Ohio ​ដែល​បាន​ចាប់ផ្តើម​ផលិត​យន្តហោះ​ប្រយុទ្ធ​ស្វ័យប្រវត្តិកាល​ដើម​ឆ្នាំ​នេះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា