អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

​បរទេស​៖​ ​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​រ៉យទ័រ​។

​វិធានការ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​របស់​ក្រសួង​រតនាគារ​អាម៉េរិក​ក្នុង​ការ​កាត់ផ្តាច់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ឱ្យ​នៅឯ​កោ ​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ​២៤​ ​ខែ​សីហា​។ ​ប្រតិបត្តិការ​នេះ​មាន​គោលបំណង​កាត់ផ្តាច់​ប្រភព​ចំណូល​របស់​ទីក្រុង​តេអេរ៉ង់ ​ដែល​អា​ម៉េរិក​ចោទ​ថា​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សង្គ្រាម​ ការ​ផលិត​មីស៊ីល ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​កងទ័ព​ ​IRG​C​។​

​ទណ្ឌកម្ម​ថ្មី​នេះ​ផ្តោត​លើ​វិស័យ​ដែល​អ៊ីរ៉ង់​ពឹងផ្អែក​ ​ដោយ​ពង្រីក​សម្ពាធ​ពី​ផ្លូវ​សមុទ្រ​ទៅកាន់​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក ​និង​ផ្លូវ​ដែក​។ ​ក្រសួង​រតនាគារ​អាម៉េរិក​បញ្ជាក់​ថា​ ​វិធានការ​នេះ​មាន​គោលដៅ​បិទ​ផ្លូវ​ជំនួស​ដែល​អ៊ីរ៉ង់​បាន​ងាក​ទៅ​ប្រើ​សម្រាប់​ដឹក​ប្រេង​ឆៅ​ ​ជី ​សារធាតុ​គីមី ​និង​ទំនិញ​ផ្សេង​ៗ ​បន្ទាប់ពី​ប្រឈម​នឹង​ការ​បិទ​ខ្ទប់​កំពង់ផែ ​និង​ផ្លូវ​សមុទ្រ​។

​ក្រុមហ៊ុន​ផ្លូវ​ដែក​រដ្ឋ ​Islamic ​Republic ​of ​Iran Railway ​Company ​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ ​និង​ទំនិញ​តាម​រថភ្លើង​ ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម រួម​ជាមួយ​ក្រុមហ៊ុន​ Raja ​Passenger ​Trains ​Company ​និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឯកជន​ Sherkat​-​E Rah ​Ahan​-​E Khamle​-​O​-​Naghle​។​

​វិស័យ​យានយន្ត​ក៏​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​នេះ​ដែរ​ ​ដោយ​រួមមាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​Iran Khodro ​(​IK​CO​) ​និង​ក្រុមហ៊ុន​ SAI​PA ​Iranian ​Automobile ​Manufacturing ​(​SAI​PA​)​។​ ​ក្រុមហ៊ុន​ទាំង​ពីរ​គ្របដណ្តប់​លើស​ពី​ ៩០ ​ភាគរយ​នៃ​ទីផ្សារ​យានយន្តក្នុង​ស្រុក​របស់​អ៊ីរ៉ង់​។

​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាម៉េរិក​ ​លោក​ Scott ​Bessent ​បាន​លើកឡើង​ថា​ ​វិធានការ​នេះ​តម្រង់​ទៅលើ​ភាគី​ ​និង​ក្រុមហ៊ុន​បរទេស​ដែល​ជួយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​អ៊ីរ៉ង់ ​ដោយ​មាន​គោលបំណង​កាត់​ផ្តាច់​ដៃ​គូ​ផ្គត់ផ្គង់​ទាំង​នោះ​មិន​ឱ្យ​បន្ត​ជួយ​អ៊ីរ៉ង់​។

​ក្នុង​ចំណោម​ភាគី​ដែល​ត្រូវ​បាន​កំណត់​គោលដៅ ​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​យានយន្ត​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ​អារ៉ាប់​រួម ​និង​តួកគី​។

អាម៉េរិក​ចាត់ទុក​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​នេះ​ថា​ ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​និង​ទាមទារ​ឱ្យ​មាន​កិច្ច​សហការ​ពី​បណ្តា​ប្រទេស​ដៃគូ​អន្តរជាតិ​ផ្សេងទៀត​។ ​ទោះជា​យ៉ាងណា​ ​អ្នក​វិភាគ​លើកឡើង​ថា​ ការ​ពង្រីក​ទណ្ឌកម្ម​អាច​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​អ៊ីរ៉ង់​ទូទៅ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា