អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

​បរទេស​៖​ ​របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​។

យោង​តាម​សារព័ត៌មាន​ Slash​Gear ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ចុង​ខែ​មីនា ​អ្នក​ជំនាញ​បាន​លើកឡើង​ពី​លទ្ធភាព​ដែល​នាវា​ពាណិជ្ជកម្ម​ខ្នាត​ធំ​របស់​ចិន​ ​អាច​ត្រូវ​បាន​ប្រែក្លាយ​ឱ្យ​មាន​មុខងារ​យោធា​ក្នុង​រយៈពេល​ខ្លី ​ដើម្បី​គាំទ្រ​ផែនការ​ប្រតិបត្តិការ​យោធា​នា​ពេល​អនាគត​។

​តាម​តួ​លេខ​ដែល​សារ​ព័ត៌មាន​អូស្ត្រាលី​ A​B​C ​ធ្លាប់​បាន​ចុះ​ផ្សាយ ​របាយការណ៍​សម្ងាត់​ដែល​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​បាន​បង្ហាញ​ថា​ ​ចិន​កំពុង​ឈាន​ទៅរក​ការ​សាងសង់​នាវា​ចម្លង​ប្រភេទ​ Roll​-​on​/​Roll​-​off ​(​Ro​-​Ro​)​ ​ខ្នាត​ធំ​ជាង​ ៧០​ ​គ្រឿង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦​។ នាវា​ប្រភេទ​នេះ​ត្រូវ​បាន​រចនាឡើង​សម្រាប់​ដឹកជញ្ជូន​យានយន្ត ​និង​ទំនិញ​ ​ដោយ​អាច​ឱ្យ​យានយន្ត​បើក​ចេញ​ចូល​តាម​ផ្លូវ​ជម្រាល​បាន​។

​ទោះបី​ជា​នាវា​ទាំងនេះ​មាន​គោលបំណង​ប្រើប្រាស់​ក្នុង​វិស័យ​ស៊ីវិល​ក៏​ដោយ​ ​ក៏​ប្រភព​បាន​លើកឡើង​ថា​ នាវា​មួយចំនួន​ត្រូវ​បាន​សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​ដែល​អាច​គាំទ្រ​ការ​ប្រើប្រាស់​ផ្នែក​យោធា​ រួមទាំង​សំណង់​តួ​នាវា​រឹងមាំ​ដែល​អាច​ផ្ទុក​យាន​យោធា​ធុន​ធ្ងន់​បាន​។

ក្តី​បារម្ភ​របស់​ទីក្រុង​វ៉ាស៊ីនតោន ​គឺ​លទ្ធភាព​ដែល​ទីក្រុង​ប៉េកាំង​អាច​ប្រើប្រាស់​នា​វា​ទាំងនេះ​សម្រាប់​គោលបំណង​ពីរ​គឺ​ ​ពាណិជ្ជកម្ម ​និង​យោធា​។ ការ​វាយតម្លៃ​ដែល​ត្រូវ​បាន​រាយការណ៍​ក៏​បង្ហាញ​ថា​ នា​វា​ស៊ីវិល​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សមយុទ្ធ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​(​PLA)​ ​ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​កងទ័ព​ ​និង​សម្ភារ​យោធា​។

​កាលពី​ឆ្នាំ​ ​២០២១​ សាឡាង​ពាណិជ្ជកម្ម​រាប់​សិប​គ្រឿង​ត្រូវ​បាន​គេ​សង្កេតឃើញ​ចូលរួម​ក្នុង​សមយុទ្ធ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព​ជើងទឹក​ឡើង​គោក ​ដែល​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ប្រើប្រាស់​នាវា​ស៊ីវិល​ក្នុង​សកម្មភាព​ហ្វឹកហ្វឺន​យោធា​។

​ក្រៅ​ពី​នាវា​ចម្លង​ Ro​-​Ro ​អ្នក​វិភាគ​ក៏​បាន​កត់សម្គាល់​ឃើញ​នាវា​ធំ​ៗ​ពិសេស​មួយ​ចំនួន​ ​ដែល​មាន​ស្ពាន​ដែក​វែង​អាច​ដាក់​ពង្រាយ​បាន​ភ្លាម​ៗ​ ​និង​មាន​ប្រវែង​រហូតដល់​ ​១២០ ​ម៉ែត្រ​។ ​ឧបករណ៍​ទាំងនេះ​អាច​ដើរ​តួ​ជា​ផែចល័ត​ ​ដោយ​ជួយ​ឱ្យ​នាវា​ចម្លង​អាច​ដឹកជញ្ជូន​រថក្រោះ​ ​និង​កងទ័ព​ថ្មើរជើង​ចុះ​ទៅកាន់​ឆ្នេរ​ ​ឬ​តំបន់​មាត់​សមុទ្រ​ ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទាំងស្រុង​លើ​កំពង់ផែ​ដែល​មាន​ស្រាប់​នោះ​ទេ​។

​អ្នក​ជំនាញ​យោធា​មើលឃើញ​ថា​ ​ការ​ប្រើប្រាស់​នាវា​ស៊ីវិល​អាច​ជួយ​បង្កើន​សមត្ថភាព​ភស្តុភារ​យោធា​របស់​ចិន​យ៉ាង​ច្រើន ​ជាពិសេស​សម្រាប់​ការ​ដឹកជញ្ជូន​កងទ័ព ​និង​សម្ភារ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ​ទោះជា​យ៉ាងណា​ ​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​នាវា​ទាំង​នេះ​ក្នុង​ប្រតិបត្តិការ​យោធា​នៅតែ​ជា​ការ​វាយតម្លៃ​ ​និង​ក្តី​បារម្ភ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​របាយការណ៍​។

​ការ​អភិវឌ្ឍ​នេះ​កើតឡើង​ក្នុងពេល​ដែល​ចិន​បាន​ពង្រីក​ឧស្សាហកម្ម​សាងសង់​នាវា​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ ​ប្រភព​បាន​លើកឡើង​ថា​ ​ចិន​បច្ចុប្បន្ន​មាន​ចំណែក​សាងសង់​នាវា​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​សាងសង់​នាវា​សរុប​នៅលើ​ពិភពលោក​។​

​សមត្ថភាព​ផលិត​នាវា​ដឹក​ទំនិញ​ខ្នាត​ធំ​ក៏​បាន​គាំទ្រ​ដល់​ការ​ដឹកជញ្ជូន​រថយន្ត​របស់​ចិន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​ ​ដោយ​នាវា​ទំនើប​មួយចំនួន​អាច​ផ្ទុក​រថយន្ត​បាន​ជាង​ ១០​.​០០០ ​គ្រឿង​ក្នុង​មួយ​ជើង​។ ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​លើកឡើង​ថា​ ​ជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​ឧស្សាហកម្ម​ដែល​គាំទ្រ​ដល់​ការ​ពង្រីក​ការ​ផលិត ​និង​ការ​នាំចេញ​រថយន្ត​អគ្គិសនី​របស់​ចិន​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា