​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ផ្សព្វផ្សាយ​របស់​កាសែត​រុស្ស៊ី​ ​RT​។

​សំណើ​នេះ​ត្រូវ​បាន​លើកឡើង​កំឡុងពេល​កិច្ច​ចរចា​នៅឯ​ទីក្រុង​ម៉ៃអាមី ​ទឹក​ដី​អាម៉េរិក​ ​រវាង​ទីប្រឹក្សា​របស់​ប្រធានាធិបតី​Donald ​Trump ​គឺ​លោក​ Steve ​Witkoff ​និង​កូន​ប្រសារ​លោក​ Jared ​Kushner​ព្រមទាំង​មន្ត្រី​មក​ពី​អ៊ុយក្រែន បារាំង​ ​អាល្លឺម៉ង់ ចក្រភព​អង់គ្លេស​ ​សហ​ភាព​អឺរ៉ុប ​និង​អង្គការ​ណាតូ​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ពិភាក្សា​អំពី​យន្តការ​នានា​ក្នុង​ការ​ដោះលែង​មូលនិធិ​ដែល​ត្រូវ​បង្កកជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​គ្រប់​ជ្រុងជ្រោយ​ ​ប៉ុន្តែ​សេចក្តី​លម្អិត​ចុងក្រោយ​មិន​ទាន់​ត្រូវ​បែងចែក​បាន​ដាច់​ស្រេច​នៅឡើយ​ទេ​។

​ទោះជា​យ៉ាងណា ​គំនិត​ផ្តួចផ្តើម​នេះ​បាន​ធ្វើឱ្យ​ភាគី​អឺរ៉ុប​ដែល​ជា​អ្នក​គាំទ្រ​អ៊ុយក្រែន​និង​រដ្ឋាភិបាល​ទីក្រុង​គៀវ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ពួកគេ​បាន​ច្រានចោល​សំណើ​នេះ​ភ្លាម​ៗ ​និង​បដិសេធ​មិន​ព្រម​បោះបង់​ការ​គ្រប់គ្រង​លើ​មូលនិធិ​រុស្ស៊ី ​ដែល​ទីក្រុង​មូស្គូ​ធ្លាប់​បាន​ចាត់ទុកជា​ការ​លួច​បន្លំ​នោះ​ទេ​។

​មន្ត្រី​ជាន់ខ្ពស់​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ដាច់​អហង្ការ​ថា​ ​ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវតែ​បន្ត​បង្កក​នៅក្នុង​ទ្វីប​អឺរ៉ុប​ដដែល​ ​ខណៈ​ដែល​ប្រទេស​បែល​ហ្ស៊ិក​ ​ដែល​ជា​កន្លែង​រក្សា​ទុក​ទ្រព្យសម្បត្តិ​ភាគ​ច្រើន​តាមរយៈ​គ្រឹះស្ថាន ​Euroclear ​បាន​សម្តែង​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ហានិភ័យ​ផ្លូវ​ច្បាប់​។

​ចំណែកឯ​ភាគី​រុស្ស៊ី​ ​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ​លោក​Dmitry Peskov ​បាន​ប្រកាស​ថា​ ​ទីក្រុង​មូស្គូ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ជុំវិញ​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាមេរិក​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​រុស្ស៊ី​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ផ្លូវ​ច្បាប់ រួមទាំង​ការ​ប្តឹង​ផ្តល់​ជា​អន្តរជាតិ​ ​ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក​ទាំងនោះ​ត្រឡប់​មកវិញ​។

​គួរ​ឲ្យ​ដឹង​ដែរ​ថា​ការ​ស្នើដោះ​បម្រាម​នេះ​កើតឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ ​និង​អ៊ុយក្រែន​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​បញ្ហា​ថាមពល ​និង​យុទ្ធសាស្ត្រ​សង្គ្រាម​។

​រំលឹក​ដែរ​ថា​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​បង្កក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ប្រមាណ​៣០០ ​ពាន់​លាន​ដុល្លារ​បន្ទាប់ពី​ការ​ផ្ទុះឡើង​នៃ​ជម្លោះ​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០២២ ​ដោយ​ភាគ​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅឯ​កន្លែង​ដាក់​ប្រាក់​មូលបត្រ​ ​Euroclear ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុចសែល​។ ​យ៉ាងណា​ក្តី​ ​ទីក្រុង​មូស្គូ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​នេះ​ហើយ​ចោទប្រកាន់​ខ្លាំង​ៗ​ថា​ជា​សកម្មភាព​ចោរកម្ម​ដោយ​លោក​ខាង​លិច​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា