អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

​​បរទេស​៖​ ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ​។ ​ស្ថាប័ន​នេះ​ក៏​បាន​បញ្ជាក់​ថា​ ​អត្រា​ការប្រាក់​អាចនឹង​ត្រូវ​បាន​ដំឡើង​បន្ថែម​ទៀត​នៅ​ពេលក្រោយ​ក្នុង​ឆ្នាំ​នេះ។ នេះ​​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​BB​C​។​

នៅក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​កញ្ញា​ ​គណៈកម្មាធិការ​សម្រេច​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​ ​(​FOMC​)​ ​បាន​បោះឆ្នោត​ ​១២ ​ទល់នឹង​ ០ ​ដើម្បី​គាំទ្រ​ការ​ដំឡើង​អត្រា​ការប្រាក់​ ០​,​២៥​ ​ភាគរយ​។

ការ​សម្រេច​នេះ​ធ្វើឱ្យ​ធនាគារ​កណ្តាល​អាម៉េរិក​ដំឡើង​អត្រា​ការប្រាក់​ពី​កម្រិត​ ៣​,​៧៥​ ​ភាគរយ​ទៅ​ ៤ ​ភាគរយ ​បន្ទាប់ពី​អត្រា​នេះ​បាន​ឡើង​ពី​ ​៣​,​៥​ ​ភាគរយ​ទៅ​ ៣​,​៧៥​ ភាគរយ​។

ការ​ដំឡើង​អត្រា​ការប្រាក់​កើតឡើង​ទោះបី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ក៏​ដោយ​។ ​បន្ទាប់ពី​ការ​ប្រកាស​នេះ​ ​លោក​ Trump ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​នៅលើ​បណ្តាញ​សង្គម​ Truth Social ​ដោយ​លើកឡើង​ថា​ ​អត្រា​ការប្រាក់​នៅ​អាម៉េរិក​គួរតែ​មាន​ត្រឹម​ ​១​ ​ភាគរយ​ ​ឬ​ទាប​ជាង​នេះ​ ​និង​អំពាវនាវ​ឱ្យ​ទម្លាក់​អត្រា​ការប្រាក់​ឱ្យ​បាន​ឆាប់រហ័ស​។

លោក​ K​evin ​Warsh ​ប្រធាន​ធនាគារ​កណ្តាល​អាម៉េរិក​ ​បាន​លើកឡើង​ថា​ ​ការ​សម្រេចចិត្ត​នេះ​ប្រកបដោយ​ភាព​ម៉ត់ចត់ ​និង​ការ​ទទួលខុសត្រូវ​ ​ដោយសារ​អត្រា​អតិផរណា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ ​និង​បាន​នៅ​ទ្រឹង​ក្នុង​រយៈពេល​យូរ​ជាង​ ៥ ​ឆ្នាំ​មកហើយ​។

​មន្ត្រី​ ​Fed ​ភាគ​ច្រើន​រំពឹង​ថា​ ​អាចនឹង​មាន​ការ​ដំឡើង​អត្រា​ការប្រាក់​យ៉ាងហោចណាស់​មួយ​លើក​ទៀត​នៅ​ឆ្នាំ​ ​២០​២៦ ​នេះ​។

​លោក​ ​Warsh ​បាន​ពន្យល់​ថា​ ធនាគារ​កណ្តាល​មិន​អាច​គ្រប់គ្រង​តម្លៃ​ជាក់លាក់​ណាមួយ​បាន​ទេ​ ​មិន​ថា​ជា​តម្លៃ​ប្រេង​ ​ឬ​តម្លៃ​មុខ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​ឡើយ​។ ​ទោះយ៉ាងណា​ ​ស្ថាប័ន​នេះ​កំពុង​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​ការ​ឡើង​ថ្លៃ​ទំនិញ​រីករាលដាល​ទូទាំង​សេដ្ឋកិច្ច​។

​សេដ្ឋកិច្ច​ទូទៅ ​និង​ទីផ្សារ​ការងារ​មាន​ភាព​រឹងមាំ ​ដែល​អនុញ្ញាតឱ្យ​ធនាគារ​កណ្តាល​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​រក្សា​ស្ថិរ​ភាព​តម្លៃ ​ដើម្បី​ទប់ស្កាត់​អតិផរណា​។ ​Fed ​ដូច​ធនាគារ​កណ្តាល​ដទៃទៀត​ ​មាន​គោលដៅ​រក្សា​អត្រា​អតិផរណា​ក្នុង​កម្រិត​ ២ ភាគ​រយ ​ឬ​ទាប​ជាង​នេះ​។​

​បញ្ហា​អតិផរណា​រួមផ្សំ​ជាមួយ​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា ​បាន​ធ្វើឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ក្នុង​កម្រិត​ខ្ពស់​ ​ហើយ​ការ​កើនឡើង​នេះ​បាន​រាលដាល​ទៅ​លើ​តម្លៃ​ទំនិញ ​និង​សេវាកម្ម​ផ្សេងទៀត​។ ស្ថានភាព​នេះ​បាន​ធ្វើឱ្យ​លទ្ធភាព​ទិញ​របស់​ប្រជាជន​ធ្លាក់ចុះ​ ​ដែល​ជា​ក្តី​កង្វល់​ធំ​បំផុត​មួយ​របស់​អ្នក​បោះឆ្នោត​អាម៉េរិក​។​

​ជា​ទូទៅ​ ធនាគារ​កណ្តាល​តែង​ដំឡើង​អត្រា​ការប្រាក់​នៅពេល​អតិផរណា​ខ្ពស់ ​ដើម្បី​រារាំង​ការ​ចំណាយ ​និង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​សន្សំ​ប្រាក់​។​ វិធីសាស្ត្រ​នេះ​មាន​គោលបំណង​ជួយ​កាត់បន្ថយ​ល្បឿន​នៃ​ការ​ឡើង​ថ្លៃ​ទំនិញ​។

​ការ​រក្សា​តុល្យភាព​ក្នុង​ការ​កំណត់​អត្រា​ការ​ប្រាក់​ ​គឺជា​កិច្ចការ​ដ៏​ពិបាក​ ព្រោះ​អត្រា​ការប្រាក់​ខ្ពស់​អាច​ជំរុញ​ឱ្យ​អាជីវកម្ម​ពន្យារ​ពេល​ការ​វិនិយោគ ​និង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​។

​លើស​ពី​នេះ​ ការ​ដំឡើង​អត្រា​ការប្រាក់​ធ្វើឱ្យ​ការ​ខ្ចី​ប្រាក់​មាន​តម្លៃ​ថ្លៃ​ជាង​មុន​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ចង់​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ​ ​និង​ប្រើប្រាស់​កាត​ឥណទាន​។ ​ផ្ទុយ​ទៅវិញ​ ​វា​អាច​ផ្តល់​ផល​ចំណេញ​ប្រសើរ​ជាង​មុន​សម្រាប់​ប្រាក់​សន្សំ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា