អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

បរទេស ៖ រដ្ឋបាលរបស់លោក​ Donald Trump បានព្រមានហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញស្តុកប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ ការព្រមាននេះកាន់តែបង្កើនសម្ពាធមកលើតំបន់អឺរ៉ុប ខណៈដែលប្រធានាធិបតីលោក Donald Trump កំពុងពិចារណាលើវិធានការហាមឃាត់ការនាំចេញ ដើម្បីជួយទម្លាក់ថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអាម៉េរិកមុនពេលបោះឆ្នោតពាក់កណ្តាលអាណត្តិនាអំឡុងខែវិច្ឆិកាខាងមុខនេះ។

អាម៉េរិក បានទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។ នៅពេលអឺរ៉ុបយកប្រេងបម្រុងរបស់ខ្លួនមកប្រើប្រាស់ក្នុងតំបន់ នោះពួកគេនឹងកាត់បន្ថយការបញ្ជាទិញ ឬនាំចូលប្រេងម៉ាស៊ូតពីអាម៉េរិក។ វិធីសាស្ត្រធ្វើឱ្យប្រេងម៉ាស៊ូតសល់នៅក្នុងអាម៉េរិកកាន់តែច្រើន ដែលជួយឱ្យតម្លៃថោកជាងមុនសម្រាប់ពលរដ្ឋអាម៉េរិក។ លើសពីនេះ ការបញ្ចេញប្រេង ១២០ លានបារ៉ែលនឹងធ្វើឱ្យបរិមាណផ្គត់ផ្គង់ប្រេងសរុបនៅលើទីផ្សារពិភពលោកកើនឡើងភ្លាមៗ ដែលជួយទាញទម្លាក់តម្លៃប្រេងសកល និងជួយសម្រាលថ្លៃប្រេងនៅអាម៉េរិកដូចគ្នា។

យ៉ាងណាមិញ​ អាល្លឺម៉ង់ និងបារាំង នៅមិនទាន់បានអនុវត្តពេញលេញតាមការសន្យាកន្លងមកក្នុងការបញ្ចេញស្តុកប្រេង និងផលិតផលប្រេងសម្រាប់គ្រាអាសន្ននោះទេ។ រដ្ឋបាលលោក Trump បានព្រមានឱ្យអាល្លឺម៉ង់ និងបារាំងបញ្ចេញប្រេងម៉ាស៊ូតពីស្តុកជាបន្ទាន់ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុបវិញ។ ភាពតានតឹងនេះក៏កើតឡើងចំពេលទំនាក់ទំនងទ្វេភាគីរវាងអាម៉េរិក និងសហភាពអឺរ៉ុបមានភាពរកាំរកូសស្រាប់លើបញ្ហាពន្ធគយ និងការចំណាយលើវិស័យការពារជាតិ។

ទីផ្សារប្រេងសកលបច្ចុប្បន្នកំពុងប្រឈមភាពរអាក់រអួលធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា, រុស្ស៊ីបន្តពន្យារពេលបិទការនាំចេញប្រេងម៉ាស៊ូតរហូតដល់ចុងខែតុលា និងការផ្អាកនាំចេញប្រេងរបស់ចិនដើម្បីទប់ស្តុកក្នុងស្រុក។ សម្រាប់សហភាពអឺរ៉ុបវិញ ការបញ្ចេញស្តុកប្រេងបន្ទាន់បែបនេះគឺជាបញ្ហាស្មុគស្មាញ ព្រោះត្រូវថ្លឹងថ្លែងរវាងការដោះស្រាយបញ្ហាថ្លៃប្រេងក្នុងស្រុក និងការរក្សាស្តុកបម្រុងទុកសម្រាប់វិបត្តិអាក្រក់ជាងនេះ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អុីរ៉ង់បរាជ័យ។ អឺរ៉ុបក៏ពឹងផ្អែកខ្លាំងលើប្រេងអាម៉េរិកស្រាប់រួចហើយចាប់តាំងពីមានការរឹតបន្តឹងលើការនាំចូលពីរុស្ស៊ី និងសង្គ្រាមនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គណៈកម្មការអឺរ៉ុប រួមជាមួយ អាល្លឺម៉ង់ បារាំង អុីតាលី ព្រីតថេន និងអៀរឡង់ បានពិភាក្សាគ្នាតាមទូរស័ព្ទពីតម្រូវការក្នុងការបញ្ចេញស្តុកប្រេងម៉ាស៊ូត។ ក្រុមការងារផ្នែកថាមពលរបស់សហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់តាមទូរស័ព្ទនៅថ្ងៃចុងសប្ដាហ៍នេះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ត្រៀមបើកកិច្ចប្រជុំតាមវីដេអូខលជាមួយមេដឹកនាំរបស់ក្រុមប្រទេស G7 ដើម្បីរកដំណោះស្រាយលើការឡើងថ្លៃប្រេង និងការសម្របសម្រួលបញ្ចេញស្តុកប្រេងបម្រុងរួមជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា