ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

ភ្នំពេញ ៖ ស្ថិតក្នុងយុគសម័យនាពេលបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់ ថែមទាំងអាចជួយកាត់បន្ថយខ្ទង់ចំណាយទៀតផង។

Advertisement

លោក ហៃ រដ្ឋា បុគ្គលិកផ្នែកលក់នៅហាងកាហ្វេរាសី មានទីតាំងនៅលើផ្លូវ បឹងទទឹងថ្ងៃ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការអាជីរកម្មប្រចាំថ្ងៃ រាសីកាហ្វេ ម្ចាស់ហាងបានប្រើបច្ចេកវិទ្យាឌីជីថលនៅលើផ្នែកមួយចំនួន ដូចជា​ បញ្ជីស្តុកសម្ភារៈ, ការប្រើម៉ាស៊ីនព្រីនវិក្កយបត្រ, ការទូទាត់សាច់ប្រាក់ និងកំណត់ត្រាចំណូល និងចំណាយ។

សម្រាប់តែម៉ាស៊ីនព្រីនវិក្កយបត្រ បានផ្តល់ភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់នៅក្នុងហាង បើទោះបីមានវត្តមាន ឬមិនមានវត្តមានម្ចាស់ហាងក៏ដោយ ក៏វាអាចទូទាត់សាច់ប្រាក់ដោយមិនលំអៀង ហើយបុគ្គលិកក៏មិនអាចបន្លំបានដែរ។

លោកបញ្ជាក់ថា ៖

«ជាទូទៅ គាត់ (ម្ចាស់ហាង)មានហាងកាហ្វេច្រើនកន្លែង ហើយគាត់រវល់ប្រកបការងារផ្សេងៗបន្ថែមទៀត ដូច្នេះនៅរៀងរាល់ពេលល្ងាចដែលគាត់មកដល់ហាង គាត់គ្រាន់តែពិនិត្យប្រតិបត្តិការលក់នៅក្នុងម៉ាស៊ីនព្រីនវិក្កយបត្រ នោះគាត់អាចដឹងច្បាស់ពីតួលេខលក់ចេញប្រចាំថ្ងៃដោយមិនលំអៀង»។

អ្នកនាង ឡុក ម៉ារី សហស្ថាបនិក Easy Post បានឱ្យដឹងថា ប្រព័ន្ធទូទាត់សាច់ប្រាក់ (PRS System) មិនត្រឹមតែជួយគ្រប់គ្រងទំនិញក្នុងស្តុកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសុក្រឹត្យភាពក្នុងការទូទាត់សាច់ប្រាក់ ផ្តល់ទំនុកខ្ពស់ទៅដល់ម្ចាស់អាជីវកម្ម ដោយមិនចាំបាច់អង្គុយធ្វើការនៅតែមួយកន្លែង ពោលគឺគាត់អាចចល័តធ្វើដំណើរចេញចូលបាន ទោះជាម្ចាស់អាជីវកម្មនោះមានហាងតែមួយ ឬមានសហគ្រាសផលិតច្រើនទីតាំងផ្សេងៗគ្នាក៏ដោយ។

អ្នកនាងបញ្ជាក់ថា ៖

«ប្រព័ន្ធខាងលើនេះផ្តល់ជារបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដែលម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន អាចបង្ហាញទៅកាន់បុគ្គលិកធនាគារសម្រាប់ស្នើកម្ចីសាច់ប្រាក់ក្នុងកាលៈទេសៈណាមួយដែលស្ថាបនិកក្រុមហ៊ុន ត្រូវការសាច់ប្រាក់សម្រាប់ពង្រីកអាជីវកម្មបន្ថែម»។

ក្រៅពីម៉ាស៊ីនទូទាត់សាច់ប្រាក់ នៅមានបច្ចេកវិទ្យាមូលដ្ឋានផ្សេងទៀត ដូចជា អ៊ីនធឺណិតល្បឿនលឿន និងបណ្តាញទំនាក់ទំនងសង្គម គឺជាគ្រឹះដ៏មានសារៈសំខាន់មួយសម្រាប់សេដ្ឋកិច្ចឌីជីថលទាំងមូល។ ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យា ICT (Information and Communications Technology) ដែលជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រួមបញ្ចូលគ្នារវាងកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធទូរគមនាគមន៍ ដើម្បីបង្កើត រក្សាទុក បញ្ជូន និងផ្លាស់ប្តូរព័ត៌មាន បានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល និងកិច្ចសហការ ដែលអនុញ្ញាតឱ្យមានលំហូរព័ត៌មាន និងអាចពង្រីកវិសាលភាពទីផ្សារបានទូលាយ ទាំងក្នុងប្រទេស ក្នុងតំបន់ និងជាសកល។

លោក ហ៊ឹន សុភាព អ្នកជំនាញខាងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល ពិតជាមានសារៈសំខាន់ខ្លាំងក្នុងវិស័យ SME ប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ននេះសង្កេតឃើញថា សហគ្រាសខ្នាតតូច និងមធ្យម (SME) នៅកម្ពុជា ហាក់នៅមិនទាន់បានប្រើប្រាស់ឱ្យអស់លទ្ធភាពដូចក្រុមហ៊ុនធំៗនៅក្រៅប្រទេសនៅឡើយនោះទេ បើទោះជាបច្ចេកវិទ្យាឌីជីថលមានភាពបត់បែនច្រើន អាចជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការធ្វើទំនាក់ទំនង ផ្សព្វផ្សាយ និងកត់ត្រាដំណើរការអាជីវកម្មផ្ទៃក្នុងក៏ដោយ។

លោកមានប្រសាសន៍ដូច្នេះថា ៖

«នៅពេលយើងចេះប្រើប្រាស់បណ្តាញសង្គម ដូចជា កម្មវិធី Chat Messenger , WhatsApp , Telegram, facebook និង TikTok ជាដើម វាបានផ្តល់នូវជម្រើសដ៏ល្អក្នុងការធ្វើទំនាក់ទំនងទៅកាន់ដៃគូអាជីវកម្មយ៉ាងឆាប់រហ័ស ងាយស្រួល ចំណាយលុយតិច ចំណាយពេលវេលាច្រើន និងមានប្រសិទ្ធភាព»

សូមជម្រាបផងដែរថា បច្ចេកវិទ្យាឌីជីថល ក្រៅពីអាចជួយសម្រួលដល់ដំណើរការអាជីវកម្មដូចបានលើកឡើងខាងលើនេះ នៅអាចជួយស្វែងរករបាយការណ៍ដែលមានទំរង់ច្បាស់ រួមមានទាំងរូបភាព ក្រាហ្វិច និងបង្ហាញឱ្យឃើញពីលទ្ធផល ដែលសម្រេចបាន ថាតើដំណើរការប្រតិបត្តិការអាជីវកម្មឡើង ឬចុះកម្រិតណា? ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត និងមានភាពសុក្រឹត្យ។ និយាយជារួមបច្ចេកវិទ្យាឌីជីថលបានជួយពន្លឿនការងារផង ជួយទៅដល់ការសម្រេចចិត្តផង និងជួយទៅដល់ការស្រាវជ្រាវទីផ្សារផង តាមរយៈការប្រើប្រាស់កម្មវិធី google search ឬកម្មវិធី AI ដែលផ្តល់លទ្ធភាពខ្ពស់សម្រាប់ពិនិត្យមើលអតិថិជនគោលដៅ, មើលពីសកម្មភាពដៃគូប្រជែងអាជីវកម្ម និងពិនិត្យមើលព័ត៌មានផ្សេងៗពាក់ព័ន្ធដំណើរការអាជីវកម្ម ដើម្បីសម្រេចចិត្តក្នុងការឈានជើងចូលក្នុងទីផ្សារប្រកបដោយទំនុកចិត្តខ្ពស់៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា