ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។ នៅពេលប្រជាជនទាំងអស់គ្នាប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន វាបានបង្ករលក្ខណៈឱ្យធនាគារជាតិនៃកម្ពុជា (NBC) មានលទ្ធភាពក្នុងការគ្រប់គ្រងអត្រាការប្រាក់ និងបង្កើនបរិមាណចរន្តសាច់ប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជំរុញការវិនិយោគ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក គាំទ្រសហគ្រាសធុនតូច និង​មធ្យម ដោយផ្តល់នូវកម្ចីដែលមានអត្រាការប្រាក់ទាបជាប្រាក់រៀល។

Advertisement

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា(គណៈកម្មការទី២) បានថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃសិក្ខាសាលាស្តីពី៖ «សារៈសំខាន់នៃប្រាក់រៀល ៖ការយល់ដឹងពីរូបិយវត្ថុក្នុងសេដ្ឋកិច្ចកម្ពុជា» នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

ឯកឧត្តមប្រធានគណៈកម្មការទី២រដ្ឋសភា បានលើកឡើងថា៖

“ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រជាជននៅតាមជនបទ និងអាជីវកម្មខ្នាតតូច ដោយបានផ្តល់ភាពងាយស្រួល ក្នុងការទូទាត់ទំនិញដែលមានតម្លៃតូចៗ តាមរយៈប្រព័ន្ធបង់ប្រាក់ឌីជីថល (ដូចជាKHQR ឬ Bakong) មានភាពរហ័ស និងចំណាយទាប ដោយមិនចាំបាច់បារម្ភពីរឿង អត្រាប្តូរប្រាក់ ឬការខាតបង់លើអត្រាប្តូរប្រាក់នៅលើទីផ្សារឡើយ។”

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះពិតជាមានសារៈសំខាន់ និងស្របពេលនៃការប្រារព្ធពិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងប្រវត្តិសេដ្ឋកិច្ចរបស់ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា៖

“ប្រាក់រៀលមិនត្រឹមតែជារូបិយវត្ថុជាតិប៉ុណ្ណោះទេ តែថែមទាំងជានិមិត្តសញ្ញា នៃអត្តសញ្ញាណជាតិយើងថែមទៀតផង។ ដូចនេះ ការលើកកម្ពស់ប្រាក់រៀលគឺជាការជួយលើកកម្ពស់ជំនឿទុកចិត្តរបស់ជាតិ សាមគ្គីភាពជាតិ និងស្មារតីជាតិនិយមក្នុងសង្គមរបស់យើង។”

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ សិក្ខាសាលានេះ មានសារៈសំខាន់ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់យុវជនពីសារៈសំខាន់និងការលើកកម្ពស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ។

ឯកឧត្តមបានថ្លែងថា៖

“ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ការចរាចរប្រាក់រៀលបច្ចុប្បន្ន មានការកើនឡើងរហូតដល ១២% ក្នុងមួយឆ្នាំ។ ឥណទាន និងប្រាក់បញ្ញើជាប្រាក់រៀល មានការកើនឡើង ដោយសារមានការទុកចិត្តលើប្រាក់រៀលជាងមុន ជាពិសេសប្រាក់រៀល ថេរ រយៈពេល ២ ទស្សវត្សរ៍មកហើយ។”

ក្នុងន័យសេដ្ឋកិច្ច ការចរាចរប្រាក់រៀលកាន់តែច្រើន នឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសាភិបាលរង បានជំរុញឱ្យគាំទ្រ និងប្រើប្រាស់ប្រាក់រៀល ព្រោះការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកបណ្តាលឱ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

យោងតាមធនាគារជាតិនៃកម្ពុជា ប្រាក់រៀលបានដាក់ឱ្យការចរាចរឡើងវិញចាប់តាំងពីឆ្នាំ ១៩៨០ ហើយបានវិវត្ត និងរីកចម្រើនជាបន្តបន្ទាប់ ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពសេដ្ឋកិច្ច និងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ភាពរីកចម្រើននៃការប្រើប្រាស់រូបិយវត្ថុជាតិបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការប្រើប្រាស់រូបិយប័ណ្ណជាតិផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗ ដូចជាផ្តល់នូវភាពងាយស្រួ​ល​​​ការគ្រប់គ្រងគោលនយោបាយរូបិយប័ណ្ណជាតិ និងស្ថិរភាពសម្រាប់ប្រតិបត្តិការទូទាត់ប្រចាំថ្ងៃ។ ការប្រើប្រាស់រូបិយប័ណ្ណជាតិបានផ្តល់អំណាចដល់ជាតិក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនដោយឯករាជ្យ។ ជាទូ​ទៅ​ ការសិក្សាបានបង្ហាញឱ្យឃើញថា ការប្រើប្រាស់រូបិយប័ណ្ណជាតិផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតដូចជាៈ ស្ថិរភាពអត្រាប្តូរប្រាក់ មានអធិបតេយ្យភាពសេដ្ឋកិច្ច ប្រសិទ្ធភាពប្រតិបត្តិការទូទាត់ និងសារៈសំខាន់ផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់នេះសហការរៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម នៃរដ្ឋសភា ធនាគារជាតិនៃកម្ពុជា និង The SEED Cambodia (The SEED)ក្នុងគោលបំណងរួមចំណែកលើកស្ទួយការប្រើប្រាស់ ការលើកកម្ពស់ និងចែករំលែកចំណេះដឹងអំពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា