ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ ធ្លាក់​ចុះ​ប្រមាណ ៤២,៤ភាគរយ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​ចេញផ្សាយកាលពីពេល​ថ្មីៗនេះ ។

Advertisement

តាមការមើលឃើញជាក់ស្ដែង ការធ្លាក់ចុះនូវទំហំ​នាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា បានចាប់ផ្ដើម​តាំងពីមានជម្លោះព្រំដែន​រវាងប្រទេសទាំងពីរ រហូតដល់​មានការផ្ទុះអាវុធ​ដាក់គ្នា​ចំនួន​២លើក​ ដែលធ្វើឱ្យប្រជាជនកម្ពុជា ប្តេជ្ញាធ្វើពហិការឈប់ប្រើប្រាស់​ទំនិញរបស់ថៃ ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មកម្ពុជា ​ធ្លាប់​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន ​AMS កន្លងមកថា​ ក្រោយមាន​បញ្ហា​ព្រំដែន​រវាងប្រទេស​ទាំងពីរ កម្ពុជា​បន្ត​នាំចូល​ទំនិញមួយចំនួនពីប្រទេសថៃ ប៉ុន្តែចំពោះតែ​ទំនិញដែលចាំបាច់​ និងជា​តម្រូវការ​សម្រាប់​ខ្សែច្រវាក់​ផលិតកម្ម​ក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះ ដូចជា​គ្រឿង​បង្គុំ​អេឡិ​ច​ត្រូនិក​ គ្រឿ​ងបង្គុំ​រថយន្ត សម្រាប់ដំណើរការ​ផ្គុំ និងដំឡើ​ងរថយន្ត​នៅកម្ពុជា។ ចំណែកផលិតផល​ប្រើប្រាស់​ ឬ​ចំណី​​អាហារ​ បន្លែ ផ្លែឈើ សាច់ ប្រេង​ឥន្ធនៈ ដែលធ្លាប់​នាំចូលពីថៃ​នាពេល​កន្លងមកនោះ កម្ពុជា​បាន​បិទការ​នាំចូល​ចាប់តាំងពីប្រទេសថៃបាន​បិតច្រក​​ព្រំដែនដោយ​ឯកតោភាគី​មកម្ល៉េះ ។

ឯកឧត្តម​បន្ត​ថា រាល់ការ​នាំចូល​ទំនិញពីប្រទេសថៃ ​មកកាន់​កម្ពុជា​មិនត្រូវ​ធ្វើឡើងតាមច្រក​ព្រំដែនគោកនោះទេ ដោយអ្នកនាំចូល​ត្រូវនាំចូល​តាម​ច្រកព្រំដែន​ទឹក ( កំពង់ផែ ) ឬដឹកទៅកាន់​ប្រទេសទី៣ ទើប​នាំចូលបន្តមកកាន់​កម្ពុជា​បន្ត ។

សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ថ្លែង​នៅក្នុងសារ​សំឡេងកាលពីយប់ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២៦ បានផ្តាំផ្ញើទៅអ្នកដែលនៅតែមានគំនិតលួចបន្លំនាំចូលទំនិញថៃមកកាន់កម្ពុជាថា ​៖ «សូមផ្តាំផ្ញើឱ្យពួកដែលមិនស្គាល់ជាតិរបស់ខ្លួននោះ ដែលនៅតែបន្តលួចទំនិញពីថៃចូលមកកម្ពុជានេះ គប់គិតគ្នានេះ តើខ្លាចបាបទេ ត្រូវបណ្តាសារបស់ប្រជាពលរដ្ឋ គួរតែបញ្ឈប់ទៅ ឥលូវទាន់ថ្ងៃវរៈឡើងស័កនៃបុណ្យចូលឆ្នាំនេះ នាំគ្នាបញ្ឈប់ទៅ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សូមកុំសង្ឃឹមទៅលើការបើកច្រកព្រំដែនកម្ពុជា-ថៃ ហើយសូមឱ្យអ្នកទាំងឡាយណាដែលនាំទំនិញថៃចូលកម្ពុជា សូមបញ្ឈប់ជាបន្ទាន់ កម្ពុជាមានទំនិញគ្រប់គ្រាន់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហើយ មិនចាំបាច់មានទំនិញមកពីប្រទេសដែលគេរឹតត្បិតកម្ពុជា និងថាមានគេលួចរត់ពន្ធទំនិញចូលកម្ពុជា ចឹងទេសុំសហការខាងកម្ពុជាទប់ស្កាត់កម្ពុជា ខាងថៃទប់ស្កាត់ខាងថៃ ដើម្បីកុំឱ្យទំនិញទៅមកបាន ហើយកម្ពុជា មានឱកាសផលិតទំនិញរបស់ខ្លួនដើម្បីនាំចូលក្នុងទីផ្សារ។

គួរ​រម្លឹកថា ក្នុង​រយៈពេល​ ១ត្រីមាស​ឆ្នាំ២០២៦នេះ កម្ពុជា​បាននាំចូលទំនិញពីអន្តរជាតិក្នុងទំហំទឹកប្រាក់​សរុបប្រមាណ ៨,៨៣​ពាន់​លានដុល្លារអាម៉េរិក​ បើធៀបនឹង​ត្រីមាសទី១ឆ្នាំ ២០២៥កន្លងទៅ​មានកំណើន​ប្រមាណ ១៦,៧​ភាគរយ ក្នុងនោះ​ប្រទេស​កំពូល​ចំនួន៥ ​ដែលកម្ពុជា​នាំចូលទំនិញច្រើនជាង​គេ រួម​មានប្រទេស​ចិន កម្ពុជាបាននាំចូល​ក្នុងទំហំទឹកប្រាក់​ប្រមាណ ៤,៧​ពាន់​លានដុល្លារអាម៉េរិក​, ប្រទេស​វៀតណាម ក្នុង​ទំហំទឹកប្រាក់​ប្រមាណ ​១,០២ពាន់លានដុល្លារអាម៉េរិក, ប្រទេស​សិង្ហបុរី មានទំហំទឹកប្រាក់​ប្រមាណ​ ៥៣៧លាន​ដុល្លារអាម៉េរិក, ប្រទេសថៃ មានទំហំទឹកប្រាក់ ៥១៤​លានដុល្លារអាម៉េរិក និង​ប្រទេសម៉ាឡេស៊ី​ មានទំហំទឹកប្រាក់ ៣១៧លានដុល្លារអាម៉េរិក ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា