រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

បរទេស៖ រដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ នេះបើយោងតាមការរាយការណ៍ពី Vietnam Express។

Advertisement

កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃវៀតណាមបានបញ្ជូនសេចក្តីព្រាងលើការធ្វើវិសោធនកម្មច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសក្រោមក្របខ័ណ្ឌកិច្ចសន្យាឆ្នាំ២០២០ ទៅកាន់រដ្ឋសភាដើម្បីត្រួតពិនិត្យ។

លោក Nguyen Tien Hai រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បទប្បញ្ញត្តិបច្ចុប្បន្នបានហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់ការងារម៉ាស្សានៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបញ្ជូនពលករក៏ត្រូវតែផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងជារឿងពិតនៅលើគេហទំព័ររបស់ខ្លួនដោយត្រូវតែរាប់បញ្ចូលទាំងចំនួនរើសពលករ លក្ខខណ្ឌវិនិច្ឆ័យនៃការជ្រើសរើស លក្ខខណ្ឌការងារ សិទ្ធិ និងកាតព្វកិច្ចរបស់ពលករ។ ក្រុមហ៊ុនត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងស្ថានទូតវៀតណាមនៅបរទេស ក្នុងករណីដែលប៉ះពាល់ដល់ជីវិត សុខភាព ឬ សិទ្ធិប្រយោជន៍របស់ពលករ ព្រមទាំងករណីអាសន្នផ្សេងៗ។ ក្នុងករណីដែលពលកររងគ្រោះដោយសារការរំលោភបំពាន អំពើហិង្សា ឬការរើសអើង ក្រុមហ៊ុនបញ្ជូនពលករត្រូវទទួលខុសត្រូវក្នុងការជួយសម្រួលឱ្យពួកគេទទួលបានសេវាជំនួយផ្នែកច្បាប់។

សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនបើកការបណ្តុះបណ្តាលជំនាញ និងភាសាលើពលករសិន មុននឹងចុះកិច្ចសន្យាបញ្ជូនពួកគេទៅបរទេស។ ក្រុមហ៊ុនអាចបើកវគ្គបណ្តុះបណ្តាលដោយខ្លួនឯង ឬសហការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រឹះស្ថានផ្តល់សេវាការងារផ្សេង និងមិនអាចទាមទារកម្រៃសេវាបណ្តុះបណ្តាលនោះពីពលករបានឡើយ លុះត្រាតែនយោជកបរទេសបានជ្រើសរើសពលកររូបនោះជាផ្លូវការ។

ក្រសួងមហាផ្ទៃដែលជាអ្នកព្រាងច្បាប់នេះ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺធ្វើឡើងដើម្បីលុបបំបាត់រូបភាពដែលពលករត្រូវបង់ថ្លៃបណ្តុះបណ្តាលជាមុន ដោយគ្មានការធានាថានឹងទទួលបានការងារ ឬ មានកាលបរិច្ឆេទចេញដំណើរច្បាស់លាស់។ លើសពីនេះ សេចក្តីព្រាងច្បាប់ក៏បានហាមឃាត់បន្ថែមទៀតនូវការសន្យាខ្យល់ ការផ្តល់ព័ត៌មានភូតភរ ការផ្សាយពាណិជ្ជកម្ម និងការផ្តល់ប្រឹក្សាបោកប្រាស់ ព្រមទាំងល្បិចកលផ្សេងៗទៀតដែលប្រើប្រាស់ដើម្បីបោកប្រាស់ពលករ។ ច្បាប់នេះក៏ហាមឃាត់ដាច់ខាតនូវការប្រើប្រាស់ផ្លាកយីហោ ឬ លេសបាំងមុខ ដើម្បីបញ្ជូនពលករទៅដោយខុសច្បាប់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ។

បទប្បញ្ញត្តិដាច់ដោយឡែកមួយទៀត គឺការពង្រីកបម្រាមដែលមានស្រាប់ទៅលើការបញ្ជូនពលករទៅកាន់តំបន់ដែលមានជម្លោះប្រដាប់អាវុធ តំបន់ដែលមានវិទ្យុសកម្ម ឬសារធាតុពុល និងទីកន្លែងដែលមានជំងឺរាតត្បាតកម្រិតធ្ងន់ធ្ងរ ដោយបន្ថែមនូវទីតាំងទាំងឡាយណាដែលអាជ្ញាធរវៀតណាមបានចេញការព្រមាន ឬ ហាមឃាត់មិនឲ្យធ្វើដំណើរ។ គេរំពឹងថា រដ្ឋសភានឹងអនុម័តសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី ២៤ ខែសីហា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា