គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍

ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញកិច្ចអភិវឌ្ឍន៍តំបន់ទីលានតេជោឱ្យក្លាយជាមជ្ឈ​មណ្ឌលទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ តាមរយៈការរៀបចំឱ្យមានផ្លូវថ្មើរជើង (Walking Street) ប្រកបដោយស្តង់ដារ បម្រើដល់ការកម្សាន្ត បង្កើតឱកាសការងារ ជំរុញអាជីវកម្ម​ និងទាក់ទាញភ្ញៀវទេសចរជាតិ -អន្តរជាតិ។

Advertisement

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន​ ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ ១ ២២៥ ម៉ែត្រ។

តំបន់នោះនឹងតុបតែងលម្អរៀបការ៉ូឡាបន្ថែមដើម្បីបង្កើនភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការដើរកម្សាន្ត។ តំបន់នេះក៏មានការរៀបចំឱ្យមានហាងកាហ្វេទំនើប រទេះរុញលក់ចំណីអាហារ (Street Food) និងតូបលក់វត្ថុអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ ខណៈដែលការតុបតែងលម្អ និងសុវត្ថិភាព គឺមានដាំដើមដូងបន្ថែមដើម្បីផ្តល់ជាម្លប់ និងសោភ័ណភាពតំបន់ឆ្នេរ រួមជាមួយការបំពាក់បង្គោលភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់សម្រាប់សុវត្ថិភាពនាពេលរាត្រី។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា៖ ការបង្កើត Walk Street នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ជម្រើសកម្សាន្តថ្មីៗសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលម្ហែកាយនៅខេត្តព្រះសីហនុ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតឆ្លុះបញ្ចាំងពីកិច្ចអភិវឌ្ឍមិនឈប់ឈររបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តដើម្បីប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។

គម្រោងផ្លូវថ្មើរជើងនេះ មិនត្រឹមតែជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការលើកកម្ពស់មុខមាត់ខេត្តតំបន់ឆ្នេររបស់កម្ពុជា ឱ្យស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ Walk Street នេះទាក់ទងនឹងគម្រោងដែលរៀបចំផ្លូវថ្មើរជើងនៅក្នុងក្របខណ្ឌនៃការកែលម្អឲ្យកាន់តែមានសោភ័ណភាពនៅតាមតំបន់ឆ្នេរ ហើយរចនា (Design) ឡើងសម្រាប់ឲ្យមនុស្សដើរតាមឆ្នេរ តាំងពីទីតាំងអូរឈើទាលរហូតដល់កន្លែងទីលានតេជោ និងពីពយតាមូង រហូតទៅដល់របងរបស់សណ្ឋាគារសុខា។ ផ្លូវថ្មើរជើងនេះ មានប្រវែង ១,២៥០ ម៉ែត្រ ហើយមានការបាញ់ពណ៌នៅលើផ្លូវដើរជា ៣ ពណ៌ ដូចដែលបាន និងកំពុងរៀបធ្វើនៅអូរឈើទាលនោះដែរ។

ឯកឧត្តមបន្តថា៖

«Walk Street នៅកំពង់សោមនេះ មិនមែនដូច Walk Street នៅភ្នំពេញទេ។ Walk Street នៅភ្នំពេញ គឺគេបិទផ្លូវ ដើម្បីឲ្យមនុស្សដើរ នៅពេលថ្ងៃសៅរ៍-អាទិត្យ និងមានលក់ម្ហូបអាហារអ៊ីចឹងទៅ។ ដោយឡែក  Walk Street នៅខេត្តព្រះសីហនុ មិនមែនបានន័យថាបិទផ្លូវអ៊ីចឹងទេ។ គម្រោងហ្នឹង កំពុងតែកែឌីហ្សាញបន្តិចបន្តួចទៀត នឹងចាប់ផ្តើមធ្វើហើយ។ យើងកំពុងខិតខំធ្វើឲ្យបានទាន់ ពិធីបុណ្យសមុទ្រ ដែលនឹងគ្រោងនឹងធ្វើនៅចុងអំឡុងសប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ»។

ឯកឧត្តមអភិបាលរង បានបន្ថែមថា៖ គម្រោងផ្លូវថ្មើរជើងនេះ នឹងកែលម្អសោភ័ណភាព ធ្វើឲ្យកាន់តែមានភាពស្អាត និងបង្កើនភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរ ជាពិសេស ជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។ អ្វីដែលសំខាន់ទៀតនោះ គឺការបង្កើតនូវផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ល្អៗឲ្យបានច្រើន សម្បូរបែប ទាន់សម័យ អាចទាក់ទាញមនុស្សទៅលេង និងកម្សាន្ត ស្នាក់នៅខេត្តព្រះសីហនុកាន់តែច្រើនជាងពេលបច្ចុប្បន្ន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ AMS Economy ថា៖ «ប្រសិនបើខេត្តព្រះសីហនុ បង្កើតផ្លូវសម្រាប់ដើរ Walk Street ដូចជានៅរាជធានីភ្នំពេញដែរនោះ គឺពិតជាល្អខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍ និងជួយទាក់ទាញភ្ញៀវទៅលេងបន្ថែមទៀត ។ នេះជាការល្អណាស់ ព្រោះភ្ញៀវទេសចរត្រូវការកន្លែងដើរលេង ដោយមិនចាំបាច់ប្រុងប្រយ័ត្នជាមួយយានយន្តចរាចរលើដងផ្លូវរួមនោះទេ ព្រោះថាប្រសិនបើឲ្យភ្ញៀវទេសចរគាត់ដើរលាយឡំជាមួយនឹងយានជំនិះ គឺគាត់ត្រូវដើរប្រុងប្រយ័ត្នខ្លាចគេប៉ះពារ។

លោកជំទាវប្រធានសមាគម បានលើកឡើងថា៖

«ទេសចរនៅពេលដែលពួកគាត់ទៅដល់ទីណា គឺតែងតែចង់ដកបទពិសោធន៍នូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងស្រុក អ៊ីចឹងបើមានកន្លែង និងផ្លូវឱ្យភ្ញៀវដើរហើរដោយសេរីមិនបាច់ប្រុងប្រយ័ត្ននោះ ទេសចរនឹងអាចមើលឃើញនូវអ្វីដែលជាផលិតផលនៅក្នុងស្រុកបានច្រើន»។

ការបង្កើត Walk Street បានផ្តល់នូវឱកាសលក់ដូរផលិតផលក្នុងស្រុក បង្ហាញនូវទំនិញ សេវាកម្ម ដែលជាសិល្បៈប្រចាំតំបន់ វានឹងជួយទៅដល់សេវាករ អាជីវករ និងជួយទៅដល់អាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបានច្រើន ជាពិសេសអាចទាក់ទាញនូវការចំណាយរបស់ភ្ញៀវបន្ថែមទៀត ។ម្យ៉ាងទៀត ផ្លូវថ្មើជើងនៅខេត្តព្រះសីហនុនេះ នឹងជួយទៅដល់សោភ័ណភាព និងលើកមុខមាត់ខេត្តផងដែរ។

លោកជំទាវបានបន្តថា៖

«ដោយសារស្ថិតនៅទីតាំងយុទ្ធសាស្ត្រជាប់នឹងឆ្នេរសមុទ្រ ផ្លូវថ្មើរជើងនេះ អាចអនុញ្ញាតឱ្យទេសចរគយគន់ទិដ្ឋភាពសមុទ្រដ៏ស្រស់ត្រកាលក្នុងពេលដើរកម្សាន្ត ដែលជាចំណុចទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកចូលចិត្តថតរូប និងសម្រាកលំហែកាយ»។​

 យ៉ាងណាក៏ដោយ បើទោះបីជាមានការសិក្សាទីតាំងរួចរាល់ក្តី ប៉ុន្តែរដ្ឋបាលខេត្តនៅមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមសាងសង់ និងប្រើរយៈពេលប៉ុន្មានខែ ទើបបញ្ចប់ទាំងស្រុងនៅឡើយនោះទេ។

គួរជម្រាបថា​ កម្ពុជា មានផ្លូវថ្មើរជើងចតុមុខនៅភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងលើកដំបូងចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរហូតមកទល់បច្ចុប្បន្ន គឺមានរយៈពេល១ឆ្នាំហើយ ស្ថិតនៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ។ ផ្លូវនេះ ដំណើរការចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ ផ្លូវទេសចរណ៍នេះ បានបង្កើតមុខរបរជូនប្រជាពលរដ្ឋបានប្រមាណជិត ១ ៤០០កន្លែង ក្នុងនោះ មានអ្នកលក់ដូរចម្រុះប្រមាណ១ ០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។

មកទល់បច្ចុប្បន្ន ផ្លូវថ្មើរជើងចតុមុខ (Walk Street) ដំណើរការបានរយៈពេល៥៤សប្តាហ៍ហើយ។ តំបន់ទេសចរណ៍ដ៏មានសក្តានុពលប្រចាំរាជធានីភ្នំពេញមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ចន្លោះពី ៧ ទៅ​ ៨ម៉ឺននាក់រាល់ចុងសប្តាហ៍។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា