World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

Advertisement

បរទេស៖ ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥។ នេះយោងតាមការរាយការណ៍ពី Nikkei Asia។

សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងមានកំណើន ៦,៣ ភាគរយខ្ពស់ជាងគេនៅក្នុងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ យ៉ាងណាមិញ ល្បឿននេះធ្លាក់ចុះពីកំណើន ៨,០២% ក្នុងឆ្នាំ ២០២៥។

លោក Aaditya Mattoo នាយកផ្នែកស្រាវជ្រាវអភិវឌ្ឍន៍នៅធនាគារពិភពលោក លើកឡើងថា ការរួមបញ្ចូលគ្នានៃភាពមិនប្រាកដប្រជានៃពន្ធគយ និងការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា នឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់សេដ្ឋកិច្ចដូចជាវៀតណាម ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។ ការរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយសារតែការបិទច្រកសមុទ្រ Hormuz មិនមែនជាការតក់ស្លុតបណ្តោះអាសន្ននោះទេ ដោយសារការព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ហាក់មិនមានភាពច្បាស់លាស់។

វៀតណាម និងថៃទំនងជាទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយសារសង្រ្គាមអ៊ីរ៉ង់កំពុងបន្ថែមសម្ពាធទៅលើបញ្ហាពន្ធគយស្រាប់ពីអាម៉េរិក។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេស​ថៃដែល​ទើប​ធូរស្រាល​ពី​សង្គ្រាម​ជាមួយ​កម្ពុជា និង​ភាព​ចលាចល​នយោបាយ​ក្នុង​ស្រុក​កាលពី​ឆ្នាំមុន ត្រូវបានគេ​ព្យាករណ៍​ថា​នឹង​មាន​កំណើន​យឺត​មក​ត្រឹម ១,៣ ភាគរយប៉ុណ្ណោះនៅ​ឆ្នាំ​នេះ​ ដែលធ្លាក់ចុះពី ២,៤ ភាគរយក្នុង​ឆ្នាំ ២០២៥។

លើសពីនេះ សេដ្ឋកិច្ចហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងកំពុងប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់នោះ ត្រូវបានព្យាករណ៍ថានឹងមានកំណើនយឺតមកត្រឹម ៣,៧ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៤,៤ ភាគរយក្នុងឆ្នាំ ២០២៥។

ឥណ្ឌូណេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ត្រូវ​បាន​ព្យាករណ៍​ថា​កំណើននឹង​មាន​អត្រា ៤,៧ ភាគរយសម្រាប់​ឆ្នាំនេះ ដែល​ធ្លាក់​ចុះ​ពីអត្រា ៥,១ ភាគរយកាល​ពី​ឆ្នាំ​មុន ខណៈដែលកំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ត្រូវ​បាន​ព្យាករ​ណ៍ថា​នឹង​មាន​អត្រា ៤,៤ ភាគរយធ្លាក់​ចុះ​ពីអត្រា ៥,២ ភាគរយក្នុងឆ្នៃ ២០២៥។

លោក Aaditya Mattoo លើកឡើងថា ប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ីនឹងទទួលបានកំណើននៃការវិនិយោគទាក់ទងនឹងបញ្ញាសិប្បនិមិត្ត (AI) សកល ប៉ុន្តែក៏ប្រឈមនឹងការខ្វះខាត​ផលិតភាព​ជាពិសេសផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI ផងដែរ។ តំបន់នេះមិនសូវមានឧបករណ៍គ្រប់គ្រាន់ និងជំនាញបច្ចេកទេសខ្លាំងគ្រប់គ្រាន់នោះទេ ខណៈដែលជំនាញមូលដ្ឋានក៏នៅខ្សោយដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីដែលជាប្រទេសសម្បូរធនធានអាចនឹងដាក់ការរឹតបន្តឹងលើការនាំចេញទំនិញសំខាន់ៗរបស់ខ្លួនបន្ថែមទៀត និងជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែរបស់ខ្លួនបន្ថែមទៀត។

លើសពីនេះ ប្រទេសភាគច្រើននៅក្នុងតំបន់នឹងឃើញមានកំណើនយឺតនៅឆ្នាំ ២០២៦ នេះរួមមាន ឡាវ ម៉ុងហ្គោលី ថៃ និងកម្ពុជា ក៏ដូចជាកោះប៉ាស៊ីហ្វិកផងដែរ ដែលមានសេដ្ឋកិច្ចងាយប្រឈមមុខខ្ពស់នឹងផលប៉ះពាល់ខ្ពស់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ ឥឡូវនេះ បញ្ហាប្រឈមរួមនៅក្នុងតំបន់អាស៊ីទាំងមូលមានដូចជា ការចំណាយខ្ពស់លើថាមពល, ការកើនឡើងថ្លៃនៃតម្លៃជីនិងអាហារ, តម្លៃដឹកជញ្ជូនឡើងថ្លៃ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មបន្ទះឈីបបន្ថែមទៀត។

លោក Mattoo បន្ថែមថា ឥទ្ធិពលនៃសង្រ្គាមលើប្រទេសនីមួយៗនៅអាស៊ីប៉ាស៊ីហ្វិកអាស្រ័យលើកត្តា ដូចជា អតិផរណា ឱនភាពគណនីចរន្ត និងការខិតខំប្រឹងប្រែងរបស់អ្នកបង្កើតគោលនយោបាយដើម្បីធ្វើរក្សាតុល្យភាពទាំងក្នុងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ។ លោកបានណែនាំរដ្ឋាភិបាលឱ្យបង្កើតការគាំទ្រតាមគោលដៅបន្ថែមទៀតជាពិសេសសម្រាប់ពលរដ្ឋក្រីក្រ និងវណ្ណៈកណ្តាលដែលងាយរងគ្រោះជាងគេ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម។

យ៉ាងណាមិញ លោក Mattoo ព្យាករណ៍ថា ប្រទេសជាច្រើននៅតំបន់អាស៊ីទំនងជាស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៧៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា