ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្នំពេញ​៖​ ​ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​។

​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ដើម្បី​ធ្វើឱ្យ​មាន​សង្គតិ​ភាព​លើ​ចរន្ត​ប្រាក់​រៀល ​ជាពិសេស​ក្រដាស​ប្រាក់​ថ្មី​ៗ​ ​អាជីវករ​ទិញ​-​លក់​ ​និង​ប្តូរ​ប្រាក់​ ​គួរ​មាន​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រាក់​រៀល ​ដោយ​មិន​គួរ​គិត​កម្រៃ​ជើង​សារ ​ឬ​កាត់​ទឹក​ច្រើន​ចំពោះ​ការ​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​ឡើយ​។ ​ប្រសិនបើ​មាន​ការ​កាត់​ទឹក ​គួរ​រក្សា​ទុក​ក្នុង​កម្រិត​ទាប​បំផុត​។

ការ​ណែនាំ​នេះ​ស្រប​នឹង​គោលការណ៍​របស់​ធនាគារ​ជាតិ ​ដែល​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ​តាមរយៈ​ការ​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​ដោយ​មិន​តម្រូវ​ឱ្យ​កាត់​ទឹក​ ​ឬ​កម្រៃ​ជើង​សារ​។

​អាជីវករ​ទិញ​-​លក់​មាស​ ​និង​ប្តូរ​ប្រាក់​នៅ​ហាង​ ​សុផល​168 ​ស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់​២ ​ខណ្ឌ​ទួលគោក ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ថា​ ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​ ​២០​២៦ ​នេះ​ ហាង​របស់​អ្នក​ស្រី​បាន​ត្រៀម​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ​១០០​រៀល ​និង​៥០០​រៀល ​ចំនួន​ ៣​លាន​រៀល ​សម្រាប់​ប្តូរ​ជូន​អតិថិជន​ដោយ​មិន​កាត់ទឹក​ ​ឬ​គិត​កម្រៃ​ជើង​សារ​ឡើយ​។

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ការ​មិន​គិត​កម្រៃ​ជើង​សារ​នេះ​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​អតិថិជន​ឱ្យ​ចូល​មក​ទិញ​គ្រឿង​មាស​ ​ឬ​ផ្លាក​ទីន​នៅ​ហាង​ជា​ប្រចាំ​។​ ​ម្យ៉ាងទៀត​ ​ការ​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​ៗ​ ​ភាគ​ច្រើន​គឺ​សម្រាប់​យក​ទៅ​ប្រើ​ក្នុង​ពិធី​បុណ្យ​ ​និង​ចែក​ទាន​។ ​ដូច្នេះ​ ​អ្នក​ស្រី​យល់​ថា​ ​ការ​ប្តូរ​ប្រាក់​ដោយ​មិន​កាត់​ទឹក ​ក៏​ដូចជា​ការ​ចូលរួម​ធ្វើ​បុណ្យ​ទាន​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផងដែរ​។

​ចំណែក​ម្ចាស់​ហាង​ទិញ​-​លក់​មាស​ ​និង​ប្តូរ​ប្រាក់​ ​ហេង​ ​សុភុំ ​នៅ​ខណ្ឌ​ទួលគោក ​បាន​ឱ្យ​ដឹង​ថា​ ​ហាង​របស់​លោក​បាន​បោះ​ដុំ ​និង​រាយ​ក្រដាស​ប្រាក់​ថ្មី​ៗ​ទៅ​ឱ្យ​ហាង​តូច​ៗ​មួយចំនួន​បន្ត​ទៀត​។ ​សម្រាប់​ហាង​លោក​ផ្ទាល់ ​បាន​បម្រុង​ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ​ចន្លោះ​ពី​ ​២០ ​ទៅ​៣០​លាន​រៀល ​ក្នុង​មួយ​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​ដោយ​គិត​កម្រៃ​ជើង​សារ ​ឬ​កាត់​ទឹក​ក្នុង​កម្រិត​តិចតួច​បំផុត​។

​លោក​ ​ហេង​ ​សុភុំ ​បាន​បញ្ជាក់​ថា​ ​ហាង​របស់​លោក​មិន​អាច​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​សុទ្ធ​ដោយ​មិន​គិត​កម្រៃ​ជើង​សារតិចតួច​នេះ​បាន​ទេ​ ​ដោយសារ​មុន​យក​ក្រដាស​ប្រាក់​ថ្មី​ចូល​ហាង លោក​ត្រូវ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ ការ​រាប់​ផ្ទៀងផ្ទាត់ ​និង​កម្រៃ​ផ្សេង​ៗ​។

​លោក​បាន​បន្ត​ថា​ ​អតិថិជន​របស់​លោក​ ​ដែល​ភាគ​ច្រើន​ជា​កម្មករ​-​កម្មការិនី ​នឹង​សម្រុក​មក​ប្តូរ​លុយ​ថ្មី​ៗ​កាន់តែ​ច្រើន បន្ទាប់ពី​បើក​ប្រាក់​សម្រាប់​ទៅ​លេង​ស្រុក​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ​នៅ​ចុង​សប្តាហ៍​ទី​២ ​ខែ​តុលា​នេះ​។ ​ដូច្នេះ​ ​ក្រដាស​ប្រាក់​ថ្មី​ប្រមាណ​ ៣០​លាន​រៀល​ដែល​លោក​បាន​បម្រុង​ទុក​ ​រំពឹង​ថា​នឹង​ប្តូរ​អស់ ដូច​កាលពី​ឆ្នាំ​២០២៥​កន្លងទៅ​។

​លោក​ ​ហេង​ ​សុភុំ ​បាន​និយាយ​ថា​ ​អតិថិជន​របស់​លោក​ភាគ​ច្រើន​បើក​ប្រាក់​ជា​ដុល្លារ ​ហើយ​នៅពេល​មក​ប្តូរ​ ​ពួក​គាត់​បាញ់​តាម​ QR ​ពី​ប្រាក់​ដុល្លារ ​ដើម្បី​ដូរ​យក​ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ​។ ​លោក​ចង់​ឃើញ​ចរន្ត​ចាយ​វាយ​ប្រាក់​បែបនេះ​កាន់តែ​ច្រើន​ ​ហើយ​លោក​ក៏​ចូលរួម​ប្រាប់​អតិថិជន​អំពី​ការ​លើកកម្ពស់​ប្រាក់​រៀល​តាមរយៈ​សកម្មភាព​ចាយ​វាយ​របស់​ប្រជា​ពលរដ្ឋ​ផងដែរ​។

​ជុំវិញ​រឿង​នេះ​ ​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​បាន​គូសបញ្ជាក់​ថា​ ​អាជីវករ​ប្តូរ​ប្រាក់​ ​ដែល​លោក​ចាត់ទុក​ថា​ជា​ឈ្មួញ​កណ្តាល​ ​ស្ទើរតែ​ទាំងអស់​បាន​ប្តូរ​ក្រដាស​ប្រាក់​រៀល​ថ្មី​ដោយ​កាត់ទឹក​ទៅ​តាម​កម្រិត​ផ្សេង​ៗ​គ្នា​។ ​ប៉ុន្តែ​ការ​កាត់​ទឹក​នោះ​ ​គួរតែ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​។

​លោក​បាន​លើកឡើង​ថា​ ​តាម​ការ​សង្កេត ​ហាង​ខ្លះ​បាន​ប្តូរ​ក្រដាស​ប្រាក់​ ​១០០​រៀល​ថ្មី ​ចំនួន​ ​១០​ម៉ឺន​រៀល​ ​ដោយ​កាត់​កម្រៃ​ជើង​សារ ​១​,​៥០០​រៀល​ ​ខណៈ​ហាង​ខ្លះ​ទៀត​បាន​កាត់​រហូតដល់​ ២​,​៥០០​រៀល​។

​លោក​បណ្ឌិត​ ញិល រដ្ឋា ​បាន​លើកឡើង​ថា​ ​ទោះ​បី​ហាង​ប្តូរ​ប្រាក់​ទាំងអស់​មិន​ទាន់​អាច​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ធនាគារ​ជាតិ​បាន​ ១០០​ភាគរយ​ ​ដែល​កំណត់​ថា​ ​ការ​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​គ្រប់​ប្រភេទ​ ​មិន​ត្រូវ​កាត់​ទឹក ​ឬ​កម្រៃ​ជើង​សារ​ក៏​ដោយ​ ​ក៏​រដ្ឋគួរ​មាន​វិធានការ​រឹតបន្តឹង ​ជាពិសេស​នៅ​រដូវ​កាល​បុណ្យ​ប្រពៃណី​ជាតិ​ម្តង​ៗ​។

​លោក​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ប្តូរ​ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ​នៅ​តាម​រតនាគារ​ជាតិ​គ្រប់​សាខា​ខេត្ត​-​ក្រុង​ ​ដើម្បី​មិន​អស់​កម្រៃ​ជើង​សារ ​ឬ​កាត់​ទឹក​។ ​ប៉ុន្តែ​ប្រសិនបើ​ប្រជា​ពលរដ្ឋ​ពិបាក​ ​ឬ​មិន​អាច​ទៅ​ប្តូរ​នៅ​តាម​រតនាគារ​ជាតិ ​ដោយសារ​ផ្ទះ​ស្ថិត​នៅ​ឆ្ងាយ ​និង​ពិបាក​ធ្វើដំណើរ​ ​អ្នក​ជំនាញ​រូប​នេះ​ថា​ ​ម្ចាស់​ហាង​ប្តូរ​ប្រាក់​នានា ​ក៏​គួរ​ពិចារណា​កាត់​កម្រៃ​ពី​អតិថិជន​របស់​ខ្លួន​ក្នុង​កម្រិត​ទាប​បំផុត​ ​ដើម្បី​ចូលរួម​លើកកម្ពស់​ប្រាក់​រៀល ​ដោយ​ផ្អែក​លើ​ពាក្យស្លោក ​«​ខ្មែរ​ ស្រឡាញ់​ប្រាក់​រៀល​»​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា