សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

បរទេស​៖​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»​។

​យោង​តាម​អត្ថបទ​ដែល​ចេញផ្សាយ​ដោយ​សារ​ព័ត៌មាន​ RT ​ប្រតិបត្តិការ​រួមគ្នា​នេះ​ ​មាន​គោលបំណង​ជួយ​ការពារ​ ​និង​គាំទ្រ​ដោយ​ផ្ទាល់​ដល់​កងទ័ព​ជើងគោក​។​ ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអូឌីត ​ដែល​គាំទ្រ​រដ្ឋាភិបាល​ផ្លូវការ​របស់​យេ​មែន​។

​សម្ព័ន្ធ​មិត្ត​ទាំង​ ៣ ​ប្រទេស រួម​មាន​ ​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្លុក​ ​«​Muslim ​NATO​»​។ ​អ្នក​នាំពាក្យ​ក្រុម​សម្ព័ន្ធមិត្ត​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​Turki al​-​Maliki ​បាន​បញ្ជាក់​ថា​ ​ការ​វាយប្រហារ​តាម​អាកាស​បាន​បំផ្លាញ​ទីតាំង​សំខាន់​ៗ​របស់​ក្រុមហ៊ូទី​ចំនួន​ជាង​ ៣​២៤​កន្លែង​រួច​មកហើយ​។

ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​នេះ​ ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​យេមែន​បាន​បើក​ការ​វាយបក​យ៉ាង​ខ្លាំង ​ដើម្បី​ដណ្តើម​យក​ទឹកដី​ដែល​ក្រុមហ៊ូទី​បាន​កាន់កាប់​តាម​តំបន់​ឆ្នេរសមុទ្រ​ក្រហម ​និង​នៅ​ក្បែរ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ ​Bab el​-​Mandeb ​ត្រឡប់​មកវិញ​។

​ប្រតិបត្តិការ​នេះ​ក៏​កើតឡើង​ស្រប​ពេល​មាន​ការ​ផ្លាស់ប្តូរ​ផ្នែក​សន្តិសុខ​ ​និង​នយោបាយ​ការ​បរទេស​សំខាន់​ៗ​នៅ​ទីក្រុង​រីយ៉ាដ ​បន្ទាប់ពី​កិច្ច​ប្រជុំ​បន្ទាន់​របស់​ ​«​Mecca ​Defense ​Alliance​»​ ​ដែល​ជា​សម្ព័ន្ធ​សហការ​រវាង​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន​។ ​ប្រទេស​ទាំង​៣​បាន​ប្រកាស​ចាប់ផ្តើម​អនុវត្ត​កាតព្វកិច្ច​ការពារ​គ្នា​ទៅវិញទៅមក​ជា​ផ្លូវការ​។

សម្ព័ន្ធ​ភាព​នេះ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ខែ​សីហា ​ដោយ​មាន​គោលការណ៍​ការពារ​គ្នា​យ៉ាង​រឹងមាំ ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​មាត្រា​ ៥​របស់​អង្គការ​ណាតូ​។ ​គោលការណ៍​នេះ​អនុញ្ញាតឱ្យ​មាន​ការ​បញ្ជូន​កម្លាំង​យោធា​ ​និង​អាវុធ​ទៅកាន់​ប្រទេស​ជា​សមាជិក​យ៉ាង​ឆាប់រហ័ស ​ដើម្បី​ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​។

​ការ​សម្រេចចិត្ត​រួមគ្នា​របស់​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​វាយប្រហារ​ជា​ច្រើន​លើក​ពី​ក្រុមហ៊ូទី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អារ៉ាប៊ី​សាអូឌីត ​និង​ព័ត៌មាន​អំពី​ការ​ប៉ុនប៉ង​វាយ​ប្រហារ​សំដៅ​លើ​ទីក្រុង​ស័ក្តិសិទ្ធិ​របស់​សាសនា​អ៊ិស្លាម ​គឺ​ទីក្រុង​ ​Mecca ​និង​ Medina​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អារ៉ាប៊ី​សាអូឌីត ​លោក​ K​halid bin Salman ​បាន​បញ្ជាក់​ឡើង​វិញ​ពី​ភាព​ស្និទ្ធស្នាល​ ​និង​ការ​រួមសាមគ្គី​គ្នា​របស់​ប្រទេស​ទាំង​៣ ​ដោយ​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ការពារ​ប្រទេស​ ​និង​ទីកន្លែង​ស័ក្តិសិទ្ធិ​ទាំងនោះ​។

ការ​កើនឡើង​នៃ​សកម្មភាព​យោធា​នេះ​ ​បាន​ធ្វើឱ្យ​សង្គ្រាម​នៅ​ប្រទេស​យេ​មែន​កាន់តែ​ក្តៅ​គគុក ​ជា​ពិសេស​នៅ​តំបន់​ក្បែរ​ច្រក​ផ្លូវ​សមុទ្រ​សំខាន់​ៗ​ក្នុង​ពិភព​អារ៉ាប់​។ ​ចាប់​តាំងពី​ខែ​កញ្ញា​មក​ ​ប្រជាជន​ជាង​ ​១៤៥​.​០០០​នាក់​ ​ត្រូវ​បាន​បង្ខំឱ្យ​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះសម្បែង​។

កង​ទ័ព​រដ្ឋាភិបាល​យេ​មែន​បាន​រាយការណ៍​ថា​ ​ខ្លួន​បាន​ដណ្តើម​យក​ទីតាំង​សំខាន់​ៗ​នៅ​តាម​ឆ្នេរសមុទ្រ​មកវិញ​ ​ខណៈ​មេដឹកនាំ​ក្រុមហ៊ូទី​បាន​បដិសេធ​ការ​អះអាង​នេះ​ ​និង​ចោទប្រកាន់​ទីក្រុង​រីយ៉ាដថា ​នៅតែ​បន្ត​វាយប្រហារ​លើ​ទ្រព្យសម្បត្តិ​ ​និង​ទីកន្លែង​រស់នៅ​របស់​ប្រជាជន​ស៊ីវិល​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា