ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​

បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ​​បានឱ្យដឹងថា ក្នុង​ចំណោមគម្រោង​រោងចក្រ​ដំឡើង​រថយន្តទាំងអស់នៅក្នុង​កម្ពុជា​ មាន​ទឹកប្រាក់សរុប​ចំនួន​ ២៤៨លានដុល្លារ​អាម៉េរិក  ដោយក្នុងនោះដែរ ទុនវិនិយោគក្នុងស្រុក​ប្រមាណ​២៨ភាគរយ និង​ទុនវិនិយោគមកពីប្រទេស​ប្រមាណ​ ៧២ភាគរយ ។ គម្រោង​វិនិយោគលើរោងចក្រដំឡើងរថយន្ត​នៅកម្ពុជា​ទាំង​១៥ គម្រោង​នេះ បានបង្កើត​ការងារ​សរុប​បានចំនួន ២ ៧៧៤កន្លែង និងសុទ្ធតែជាអ្នកជំនាញ ។

សម្ដេចធិបតីក៏បាន​លើកឡើងផងដែរថា កន្លងមក សម្ដេច​បាន​ប្រាប់​ឱ្យ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​សិក្សា​ទៅលើការ​ផ្ដល់​អាជ្ញា​បណ្ណក្រុមហ៊ុន​វិនិយោគ​លើការ​ដំឡើង​រថយន្តនៅកម្ពុជា ថា​តើ​គួរ​បន្តផ្ដល់ឱ្យបន្ថែមទៀត ឬក៏​ត្រូវ​ផ្អាក​សិន ពីព្រោះបច្ចុប្បន្ននេះ រោងចក្រដំឡើង​រថយន្តនៅកម្ពុជា អាចដំឡើង​រថយន្ត​បានរហូតដល់ ៣ម៉ឺន ​៥ពាន់គ្រឿងទៅហើយ ហើយរថយន្ត​ដែលដំឡើង​នៅក្នុងប្រទេស​កម្ពុជា ភាគច្រើនក៏ផ្ដោតលើទីផ្សារ​ក្នុងស្រុកប៉ុណ្ណោះ មានការនាំចេញតិច​តួច​​។

សម្ដេច​បន្ថែមថា​ កម្ពុជា​មិនចង់ឱ្យរោងចក្រ​ដំឡើង​រថយន្តមកវិនិយោគក្នុងរយៈពេល​ខ្លី​ ហើយបិទទៅវិញទេ តែកម្ពុជា​ចង់ឱ្យរោងចក្រ​ដែលវិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ អាច​ឈរជើង​បានយូរ និង​អាចពង្រីកទីផ្សារ​របស់ខ្លួន​កាន់តែធំទាំង​នៅក្នុងប្រទេសកម្ពុជា​ និងទីផ្សារ​អន្តរជាតិ ។

សម្ដេច​មានប្រសាសន៍ថា ៖

« យើងមិនចង់ឱ្យ​ឆ្នាំនេះចេញអាជ្ញាបណ្ណ​១៥ក្រុមហ៊ុនថែមទៀតទេ តែចង់ឱ្យក្រុមហ៊ុន​ដែលកំពុង​ដំណើរការវិនិយោគរោងចក្រ​នៅកម្ពុជា​បច្ចុប្បន្ន​ទាំង​១៥នេះ មានការ​រីកចម្រើនធានា​បាននូវ​ទីផ្សារ​ »។

បើតាមសម្ដេច​ធិបតី​បានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ រោងចក្រ​ដំឡើង​រថយន្តនៅកម្ពុជា​ទាំងអស់​ បាននាំចូលគ្រឿង​បង្គុំ​១០០ភាគរយពីក្រៅ​ប្រទេស ដូច្នេះ គួរគិតគូរ​ពីការ​វិនិយោគ​លើ​រោងចក្រផលិត​គ្រឿងបង្គុំរថយន្ត ហើយផ្គត់ផ្គង់​ដល់​រោងចក្រ​ដំឡើងរថយន្តប្រសើរជា​ការ​វិនិយោគ​រោងចក្រ​ដំឡើងរថយន្ត​ច្រើន​តែបន្តនាំចូលគ្រឿងបង្គុំពីខាងក្រៅ​ ។ យ៉ាងណា​ក៏ដោយ​ សម្ដេចធិបតី បានលើកឡើងថា ទៅថ្ងៃខាងមុខ បើសិនជាមានការ​ស្នើសុំវិនិយោគលើ​រោងចក្រ​ដំឡើង​រថយន្ត គួរជ្រើសរើស​មើល​ក្រុមហ៊ុនណា​ដែលធំ ហើយខ្លាំង​ ព្រោះមិនចង់​ឱ្យ​ក្រុមហ៊ុនបើក​ច្រើននាពេលនេះ ហើយបិទទៅវិញនៅពេល​ខាងមុខទេ តែចង់ឱ្យ​បើក​នៅថ្ងៃនេះ ហើយរីក​ខ្លាំងនៅថ្ងៃខាងមុខ ។

លោក​ ងន សាំង​ ប្រធាន​សហព័ន្ធឧស្សាហកម្ម​យានយន្ត​កម្ពុជា បានលើកឡើងថា តាមរយៈការ​វិនិយោគលើ​រោងចក្រដំឡើង​ផ្គុំ​រថយន្ត​នៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យរថយន្ត​ថ្មីៗមានតម្លៃទាបជាង​មុន ហើយបានធ្វើឱ្យអត្រា​នៃការ​ប្រើប្រាស់រថយន្តថ្មីៗនៅកម្ពុជាកើនឡើង​ខ្ពស់ ។

លោករំពឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​នឹង​បញ្ចប់ទាំង​ស្រុង​នូវការ​នាំចូលរថយន្តមួយទឹកពីក្រៅប្រទេសមក​ប្រើប្រាស់ ដោយ​ជំនួស​មកវិញនូវ​រថយន្ត​មួយទឹកក្នុងស្រុក ។ មានន័យថា អ្នកមានលទ្ធភាពទិញរថយន្តថ្មីដែលផលិត និងដំឡើង​ក្នុងស្រុកប្រើប្រាស់​ហើយពេលពួក​គាត់​ចង់ដូររថយន្តថ្មី អាចលក់​រថយន្ត​ចាស់របស់ពួកគេទៅកាន់ឃ្លាំង ហើយអ្នកដែលមិនសូវ​មានលទ្ធភាពអាចទិញរថយន្តមួយទឹកនោះ​ប្រើប្រាស់បន្ត ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា