រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

បរទេស៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ចេញនូវសំណើគោលនយោបាយថ្មីមួយដែលតម្រូវឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងាររហូតដល់ទៅ ១០ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅអាម៉េរិក។

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បានបង្ហោះសេចក្ដីជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ។ សំណើរនេះគឺជាផ្នែកមួយនៃវិធានការរឹតបន្តឹងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើអ្នកកាន់ទិដ្ឋាការបរទេស។ ក្រោមសំណើនេះ និស្សិតមិនមែនអន្តោប្រវេសន៍ដែលកាន់ទិដ្ឋាការ F-1  (បុគ្គលដែលចូលមកអាម៉េរិកបណ្តោះអាសន្នប៉ុណ្ណោះ) នឹងត្រូវតម្រូវឱ្យបង់ប្រាក់ ៧ ម៉ឺនដុល្លារទៅកាន់ស្ថាប័នដែលមានការទទួលស្គាល់ទៅលើប្រព័ន្ធ OPT និង ៣ ម៉ឺនដុល្លារថែមទៀតសម្រាប់ការហ្វឹកហាត់ការងារបន្ថែមផ្សេងៗទៀត។

Optional Practical Training (OPT) គឺជាកម្មវិធីអនុវត្តការងារជាក់ស្តែងបណ្តោះអាសន្នសម្រាប់និស្សិតអន្តរជាតិដែលកាន់ទិដ្ឋាការ F-1 អនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍ធ្វើការងារជាក់ស្តែងទាក់ទងផ្ទាល់ទៅនឹងជំនាញដែលពួកគេរៀន។ ក្រោមប្រព័ន្ធនេះ និស្សិតអាចធ្វើការបានរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍ក្នុងកំឡុងពេលកំពុងសិក្សា ឬធ្វើការពេញម៉ោងក្នុងរយៈពេលកំណត់ណាមួយបន្ទាប់ពីបញ្ចប់ការសិក្សា។ បច្ចុប្បន្ន អ្នកចុះឈ្មោះបង់ប្រាក់ត្រឹមតែប្រមាណ ៥០០ ដុល្លារប៉ុណ្ណោះ។ អ្នកដែលបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) អាចស្នើសុំពន្យារពេលធ្វើការបន្ថែមបានរហូតដល់ ២៤ ខែទៀតផង។ កម្មវិធី OPT នេះត្រូវបានប្រើប្រាស់ជាស្ពានចម្លងសម្រាប់និស្សិតបរទេសឈានដល់ការទទួលបានទិដ្ឋាការកម្រិតខ្ពស់ជាងមុន H-1B និងឈានទៅរកការទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (Green Card)។

គួរកត់សម្គាល់ថា ជាច្រើនទសវត្សរ៍មកហើយ កម្មវិធី OPT នេះត្រូវបានប្រើប្រាស់ជាស្ពានចម្លងសម្រាប់និស្សិតបរទេស ជាពិសេស វិស្វករ និងអ្នកវិទ្យាសាស្ត្រឈានទៅរកការទទួលបានទិដ្ឋាការកម្រិតខ្ពស់ជាងមុន H-1B។ តាមរយៈការកាន់ទិដ្ឋាការ H-1B ពួកគេទទួលបានការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់ និងអាចឈានដល់ការទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ Green Card ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាម៉េរិកបានពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មទាំងនេះដើម្បីបំពេញតំណែងជំនាញ។

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) បានបញ្ជាក់ថា វិធានការថ្មីនេះគឺធ្វើឡើងដើម្បីទប់ស្កាត់ការលួចបន្លំ ពង្រឹងប្រព័ន្ធអន្តោប្រវេសន៍ និងការពារពលករអាម៉េរិក។ ការកំណត់តម្លៃសេវានេះគឺដើម្បីធានាថា និយោជក និស្សិត និងស្ថាប័ននានាកំពុងចូលរួមក្នុងសកម្មភាពស្របតាមច្បាប់ និងលក្ខខណ្ឌនៃការចូលអាម៉េរិកក្នុងនាមជាអ្នកកាន់ទិដ្ឋាការ F-1។ ទោះជាយ៉ាងណាក្តី សំណើថ្មីនេះត្រូវបានរំពឹងថានឹងប្រឈមមុខនឹងការប្តឹងផ្តល់តាមផ្លូវច្បាប់ភ្លាមៗពីភាគីពាក់ព័ន្ធ ដោយសារអ្នកជំនាញជឿថាវានឹងមិនអាចឆ្លងផុតតុលាការបានឡើយ ដូចគ្នានឹងគោលនយោបាយរឹតបន្តឹងមុនៗដែរ។ បច្ចុប្បន្ន សំណើនេះកំពុងស្ថិតដំណាក់កាលបើកឱ្យមានមតិយោបល់ពីសាធារណជនក្នុងរយៈពេល ៣០ ថ្ងៃ។ ប្រសិនបើត្រូវអនុម័តផ្លូវការ ក្រសួង DHS នឹងរង់ចាំរយៈពេល ៦០ ថ្ងៃបន្ថែមទៀតមុនពេលដាក់ឱ្យអនុវត្ត ដើម្បីទុកពេលឱ្យសាលារៀន និស្សិត និងនិយោជកមានពេលរៀបចំខ្លួន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា