លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។

លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ រដ្ឋបាលរបស់លោក ត្រាំ ក៏បានជូនដំណឹងអំពីការសម្រេចចិត្តនេះទៅកាន់ប្រទេសទាំងពីររួចហើយដែរ។ ច្បាប់ស្តីពីកំណើន និងឱកាសអាហ្វ្រិក (Agoa) គឺជាកម្មវិធីពាណិជ្ជកម្មអនុញ្ញាតឱ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផលិតផលរាប់ពាន់មុខទៅកាន់អាម៉េរិកដោយឥតគិតពន្ធ។

តំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោក ត្រាំ កំពុងធ្វើការដើម្បីធានាថា ដៃគូអាហ្វ្រិកទាំងអស់ពិតជាបានអនុវត្តជំហានចាំបាច់នានា ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ច្បាប់ពាណិជ្ជកម្មមួយនេះ។ ការវាយតម្លៃប្រចាំឆ្នាំបានរកឃើញថា ប្រទេសទាំងពីរមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលច្បាប់ពាណិជ្ជកម្មនេះបានកំណត់ឡើយ។

សម្រាប់អាហ្វ្រិកខាងត្បូង អាម៉េរិកបានលើកឡើងពីបញ្ហាអំពើពុករលួយ របាំងរាំងស្ទះដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់អាម៉េរិក ព្រមទាំងសកម្មភាពសន្តិសុខអន្តរជាតិ និងកិច្ចសហប្រតិបត្តិការមួយចំនួនប៉ះពាល់ផលប្រយោជន៍ និងសន្តិសុខជាតិអាម៉េរិក។ លោក ត្រាំ ក៏បានចោទប្រកាន់ដែរថា អាហ្វ្រិកខាងត្បូងរក្សារបាំងឧបសគ្គយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគរបស់អាម៉េរិករួមមានការកំណត់សមត្ថភាពអាម៉េរិកក្នុងការចូលទីផ្សារកសិកម្ម តម្រូវការបទប្បញ្ញត្តិ កិច្ចការពារការវិនិយោគ និងកម្មសិទ្ធិបញ្ញាជាដើម។​ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វ្រិកខាងត្បូងបានសម្តែងការសោកស្តាយចំពោះដំណឹងមួយនេះ និងបានបញ្ជាក់ពីការព្យាយាមពន្លឿនរកទីផ្សារចម្រុះផ្សេងៗ ដើម្បីការពារការងារក្នុងស្រុក។ គួរបញ្ជាក់ដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងអាម៉េរិក និងអាហ្វ្រិកខាងត្បូងមានទំហំ ២៨,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ អាហ្វ្រិកខាងត្បូងជាអ្នកផ្គត់ផ្គង់រ៉ែសំខាន់ៗ ១២ ប្រភេទក្នុងចំណោម ៥០ ប្រភេទដែលអាម៉េរិកត្រូវការ និងផ្គត់ផ្គង់ ៧០ ភាគរយនៃសារធាតុ Isotopes សម្រាប់ការព្យាបាលជំងឺមហារីកនៅអាម៉េរិក។

ដោយឡែក សម្រាប់ រ៉្វាន់ដា វិញ អាម៉េរិកបានចង្អុលពីកង្វល់លើបញ្ហាសិទ្ធិមនុស្ស នីតិរដ្ឋ សិទ្ធិកម្មករ ជាពិសេស ចោទប្រកាន់លើការគាំទ្ររបស់ក្រសួងការពារជាតិ​ រ៉្វាន់ដា ទៅកាន់ក្រុមបះបោរ M23 នៅប្រទេសកុងហ្គោ ដោយបានផ្តល់អាវុធ គ្រឿងបរិក្ខារ ការដឹកជញ្ជូន និងការហ្វឹកហ្វឺន។ យ៉ាងណាមិញ រ្វ៉ាន់ដា បានបដិសេធចំពោះការចោទប្រកាន់មួយនេះ។ អ្នកសេដ្ឋកិច្ចបានបញ្ជាក់ថា ការនាំចេញរបស់ រ៉្វាន់ដា ទៅអាម៉េរិក មានទំហំត្រឹមតែប្រមាណ ២ ភាគរយប៉ុណ្ណោះនៃការនាំចេញសរុបរបស់ខ្លួនក្នុងឆ្នាំ២០២៥។ ដូច្នោះ រ៉្វាន់ដា នៅតែអាចពឹងផ្អែកលើទីផ្សារចម្បងផ្សេងទៀត ដូចជា បណ្តាប្រទេសជិតខាងក្នុងតំបន់អាហ្វ្រិក និងតំបន់អាស៊ី៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា