ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់ ឬមុនផែនការដែលបានគ្រោងទុក។

Advertisement

ស្ពានទាំងពីរ ដែលរាជរដ្ឋាភិបាលបានថវិការាប់រយលានដុល្លារសាងសង់ នេះ នឹងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ផលិតផលនានារបស់ពលរដ្ឋ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលា និងអាចពន្លឿនដល់ការធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករក្នុងស្រុកផងដែរ។

ស្ពានឆ្លងទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែក្រោម ជាស្ពានតភ្ជាប់ខណ្ឌចំនួនពីរក្នុងរាជធានីភ្នំពេញ គឺខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ វាមានសារសំខាន់ណាស់ក្នុងការរំដោះចរាចរណ៍រវាងខណ្ឌទាំង ២ នេះ។ ដូចដែលបានដឹងហើយថា តំបន់ច្បារអំពៅ ជាពិសេសត្រង់ចំណុចស្ពានព្រះមុនីវង្ស និងស្ពានច្បារអំពៅ មានការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃ។

ការសាងសង់ស្ពានឆ្លងទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែក្រោមនេះ មិនត្រឹមតែធ្វើឱ្យការធ្វើដំណើររបស់ពលរដ្ឋបានស្រួលលឿនរហ័សជាងមុនទេ តែវាក៏ធ្វើឱ្យការអភិវឌ្ឍនៅតំបន់ទាំងពីរ (ច្បារអំពៅ និងមានជ័យ ) មានសន្ទុះងើបលឿនមួយកម្រិតទៀតផងដែរ ស្របពេលតំបន់តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងខណ្ឌកំពុងមានភាពទាក់ទាញស្រាប់។

យោងងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន៧៣ភាគរយហើយ ។ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់មួយនេះ មានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ ម៉ែត្រ) និងបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ គម្រោងនេះដែរ គ្រោងនឹងចំណាយថវិកាប្រមាណជាង ៦០ លានដុល្លារអាម៉េរិក។

ដោយឡែក គម្រោងសាងសង់ស្ពានមួយទៀត ដែលកំពុងមមាញឹកក្នុងការសាងសង់ដែរ ក៏នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះមួយកម្រិតថែមទៀតដែរ។ គម្រោងស្ពាននោះគឺ ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ ស្ថិតនៅស្រុកកៀនស្វាយ និងស្រុកល្វាឯម។

ស្ពានមួយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់តភ្ជាប់ស្រុកទាំងពីរ នៃខេត្តកណ្ដាល ដែលកន្លងមក ពលរដ្ឋនៃស្រុកទាំងពីរត្រូវធ្វើដំណើរឆ្លងកាត់គ្នាដោយស្រឡាង និងមានពេលវេលាសម្រាប់ឆ្លងកាត់។ ដូច្នេះ នៅពេលស្ពាននេះសង់រួចរាល់ ពលរដ្ឋនឹងលែងប្រើស្រឡាងទៀតហើយ ដែលអាចកាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលា ជាពិសេស អាចឆ្លងកាត់បានគ្រប់ពេលវេលា។

ស្ពាននេះ ក៏ជាស្ពានដែលតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ហើយបច្ចុប្បន្ន គម្រោងសាងសង់ស្ពានមួយនេះសម្រេចបានប្រមាណ ៥៣,៨១ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ ២០២៨ ខាងមុខនេះ ពោលគឺបញ្ចប់ដំណាលគ្នានឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២៣០ លានដុល្លារអាម៉េរិក។

អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តែងធ្វើឱ្យតម្លៃអចលនទ្រព្យមានសន្ទុះ ជាក់ស្ដែងនៅពេលមានការសាងសង់ស្ពាន សង់ផ្លូវ តែងតែធ្វើឱ្យតម្លៃដី តម្លៃអចលនទ្រព្យនៅតំបន់នោះឡើងថ្លៃជាងមុន និងមានទីផ្សារជាងមុន។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា នៅពេលដែលរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍អ្វីមួយមិនថា ផ្លូវ ស្ពាន ឬគម្រោងអ្វីផ្សេង តែងតែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស ជាក់ស្ដែងគម្រោងស្ពាន គម្រោងផ្លូវដែលរដ្ឋាភិបាលបានសាងសង់មិនយូរមិនឆាប់នឹងមានការអភិវឌ្ឍនៅតំបន់នោះតាមក្រោយជាក់ជាមិនខាន ជាក់ស្ដែងផ្លូវក្រវាត់ក្រុងទី ៣ កាលពេលទើបសាងសង់រួចដំបូងៗ មិនសូវជាមានសកម្មភាពវិនិយោគឬអាជីវកម្មនៅតាមបណ្ដោយផ្លូវនោះទេ តែបច្ចុប្បន្ននេះ តាមបណ្ដោយផ្លូវនេះ ចាប់ផ្ដើមមានសកម្មភាពអាជីវកម្ម និងការវិនិយោគថ្មីៗជាបន្តបន្ទាប់។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ប្រធានក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុន SAM SN Group ក៏បានលើកឡើងថា ស្ពានឆ្លងទន្លេដែលរាជរដ្ឋាភិបាលបានសាងសង់រួចរាល់ និងកំពុងសាងសង់បន្តបន្ទាប់ បានជួយរំដោះចរាចរណ៍ ជំរុញចរន្តសេដ្ឋកិច្ច ជាពិសេស ជួយឱ្យតំបន់ដែលមិនទាន់មានការអភិវឌ្ឍខ្លាំង មានសក្ដានុពលបន្ថែម និងទាក់ទាញការវិនិយោគ ជាក់ស្ដែងស្ពានឆ្លងទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ នឹងធ្វើឱ្យតំបន់ល្វាឯម កាន់តែទាក់ទាញបន្ថែម ហើយនឹងជំរុញឱ្យមនុស្សទៅរស់នៅទីនោះកាន់តែច្រើន ព្រោះតំបន់នេះ ក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាន៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា