ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប

ភ្នំពេញ៖ ក្រសួង​ចំនួន ៣ ​រួមមាន ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម និង​ក្រសួង​ឧស្សាហកម្ម បាន​បង្ហាញ​សកម្មភាព​ដូច​ជា​មុំ​ជើងក្រានដ៏រឹងមាំ សហការ​ជាមួយ GIZ​ រៀបចំវេទិការពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា​ ឆ្នាំ​២០២៦ អម​ដោយ​ការ​តាំងពិព័រណ៍​ផលិតផលខ្មែរ​ដ៏មានសក្ដានុពល​ជាច្រើនមុខ។

តាម​រយៈព្រឹត្តិការណ៍​ ២ថ្ងៃដែល​ទើប​បញ្ចប់​ទៅដោយរលូន ​​​​កាល​ពីល្ងាច​ថ្ងៃ​ទី១១ ខែ​តុលា បាន​ទាញ​ចំណាប់​អារម្មណ៍​មហាជន ​ដៃគូអភិវឌ្ឍន៍ និង​អ្នក​ផលិតក្នុងស្រុក ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ក្នុង​ការ​ពង្រីក​ទីផ្សារ​អន្ដរជាតិ។ ត្រង់​ចំណុច​នេះ​ តំណាងរបស់​ក្រសួង​ពាណិជ្ជកម្ម បានស្នើឱ្យ​មាន​ការ​ប្ដេជ្ញាចិត្ត​កាន់តែខ្លាំង​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ដូចគ្នា​នេះ​ទៅជា​កម្រិត​ពិភព​លោក​។

​ថ្លែង​នៅ​ក្នុង​វគ្គ​បិទបញ្ចប់នៃ​វេទិការពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា​ ឆ្នាំ​២០២៦ ឯកឧត្តម សំហេង បូរ៉ា តំណាងឱ្យ​ក្រសួង​ពាណិជ្ជកម្ម បានសង្កត់​ធ្ងន់​ថា នៅឆ្នាំ​ក្រោយៗ វេទិកា​អម​ដោយ​ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផលខ្មែរ​បែប​នេះ នឹង​រំកិល​ទៅជាលក្ខណៈ​អន្ដរជាតិ ដោយមាន​ការ​ចូល​រួម​ពី​​ក្រសួង​ ឬអន្តរសភាពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក ដើម្បី​ជំរុញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ ជា​ពិសេស​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​អាម៉េរិក និង​អឺរ៉ុប។

ជាមួយគ្នានេះ ដើម្បីឱ្យវត្ថុបំណងនៃ​ការ​បង្កើត​វេទិកា និង​ពិព័រណ៍កម្រិតអន្ដរជាតិ​កើត​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា ឯកឧត្ដម​បាន​ទាញ​ចំណាប់​អារម្មណ៍​ថា ​​សកម្មភាព​របស់​សហគមន៍ អ្នក​ផលិត តំណាង​ពី​ក្រសួង-ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិដូច​ដែល​បាន​ចូល​រួម​នៅ​ពេល​នេះ គឺ​ជាបទពិសោធន៍​ដ៏ល្អ​ឆ្ពោះ​ទៅ​កាន់​កម្រិតវេទិកា និង​ពិព័រណ៍​ដែល​មាន​លក្ខណៈ​អន្ដរជាតិ ងាយ​បង្ហាញ​ពិភព​លោកឱ្យ​ស្គាល់​ច្បាស់​ពី​គុណភាព និងសក្ដានុពល​ផលិតផលខ្មែរ​​ក្នុង​វិស័យកសិកម្ម​ ដូច​ជា គ្រាប់ស្វាយចន្ទី ម្រេចកំពត និងស្រូវ-អង្ករ​ជាដើម។

​ប្រធានសហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជា​ លោកស្រី សួន ជូឡា បាន​គាំទ្រ​នូវ​ការ​ផ្ដួច​ផ្ដើមឱ្យ​មាន​វេទិកា និង​ពិព័រណ៍​ពាណិជ្ជកម្ម​លក្ខណៈ​អន្តរជាតិ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ផលិតផល​ខ្មែរ​​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ។ ក្នុង​នាម​សហព័ន្ធ​លោកស្រី​ថា នឹង​បង្កើន​កិច្ច​សហការ​ជាមួយ​កសិករដែលជាអ្នកផលិត អ្នក​នាំចេញ មន្ត្រី​រដ្ឋាភិបាល ដើម្បី​កែលម្អ​ការ​ធ្វើ​ទីផ្សារ​​ម្រេច​កម្ពុជាឱ្យ​កាន់​តែ​ទូលំទូលាយ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ បានផ្តោតលើការប្រែក្លាយចំណេះដឹងផ្នែកបច្ចេកទេសទៅជាលទ្ធផលជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មចំនួន ៤

គឺ​ទី១ ស្វែងយល់ពីការគ្រប់គ្រងផលិតផលផលក្រោយពេលប្រមូលផល និងការធានាគុណភាព។ ទី២ យល់ដឹងកាន់តែច្បាស់ពីលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចូលទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការផ្លាស់ប្តូរយោបល់ដោយផ្ទាល់។ ទី៣ ជំរុញការផ្លាស់ប្តូរពីការនាំចេញផលិតផលផលកសិកម្មជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុកដែលអាចបង្កើតតម្លៃបន្ថែម និងប្រាក់ចំណេញខ្ពស់ជាងមុន។ និង​ទី៤ គឺការតភ្ជាប់ទំនាក់ទំនងអ្នកផលិតផលកម្ពុជាដោយផ្ទាល់ជាមួយអ្នកទិញអន្តរជាតិ។

សូមរំលឹក​ជូន​ថា វេទិកានេះរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងសហព័ន្ធអាល្លឺម៉ង់ នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងរដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ ឡើង​បង្ហាញ​ពីចំណាប់​អារម្មណ៍ និង​ផ្ដល់​អនុសាសន៍​គន្លឹះ ដើម្បី​ជំរុញ​ការផលិត ការកែច្នៃ និងនាំចេញ​ផលិតផល​​ស្វាយចន្ទី ក៏ដូចជាម្រេចកម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ ទីផ្សារ​អាម៉េរិក និងទីផ្សារ​អឺរ៉ុប៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា