អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

​បរទេស ៖ សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ​នៅក្នុង​ប្រទេស​​នេះ​។​

Advertisement

​បើ​យោង​តាម​មន្ត្រី​អាមេរិក​ និង​អ៊ីស្រាអែល ​ដែល​ត្រូវបាន​សម្រង់​សម្ដី​ដោយ​កាសែត​រុស្សី​ RT​បាន​បញ្ជាក់​ថា​ ក្រោម​លក្ខខណ្ឌ​​នៃ​កិច្ចព្រមព្រៀង​នេះ​ ​ក្រុម​អធិការ​កិច្ច​មកពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​​ហៅ​កាត់​ថា​ IAEA​ នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ចូល​ទៅកាន់​ទីតាំង​សម្ងាត់​មួយ​ដែល​គេ​ស្គាល់​ថា​ជា ​Site​ ​99​ ​មាន​ផ្ទុក​នូវ​​សារធាតុ​ដែល​ពាក់ព័ន្ធ​នឹង​រោងចក្រ​នុយក្លេអ៊ែរ​ ​Al​-​Kibar​ ​ដែល​ធ្លាប់​ត្រូវបាន​អ៊ីស្រាអែល​វាយប្រហារ​តាម​អាកាស​កម្ទេចចោល​កាល​ពី​អំឡុងឆ្នាំ​​២០០៧​។​

​សារធាតុ​ដែល​ត្រូវបាន​រក្សាទុក​នោះ​ ត្រូវបាន​រាយការណ៍​ថា​ ជា​​ម្សៅ​អ៊ុយរ៉ាញ៉ូម​លឿង​ (​Yellowcake) ​ដែល​ជា​ម្សៅ​អ៊ុយរ៉ាញ៉ូម​កំហាប់​​ខ្ពស់​ ​ប្រើប្រាស់​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផលិត​ប្រេងឥន្ធនៈ​នុយក្លេអ៊ែរ​។ ​យ៉ាងណាក៏ដោយ ទោះបីជា​ម្សៅ​អ៊ុយរ៉ាញ៉ូម​លឿង​នេះ​ ​មិន​អាច​យក​ទៅ​ផលិត​ជា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​ក៏ដោយ​ ​តែអ្នកជំនាញ​បាន​ព្រមាន​ថា​ ​វា​អាច​បង្កឱ្យ​មាន​ការ​បំពុល​ដោយ​វិទ្យុសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ប្រសិនបើ​វា​ត្រូវបាន​បំបែក​ដោយ​ប្រើប្រាស់​រំសេវ​ផ្ទុះធម្មតា​ ​ដែល​គេ​ស្គាល់​ថា​ជា ​Dirty​ ​Bomb​។​

​ក្តីកង្វល់​ផ្នែក​សន្តិសុខ​ជុំវិញ​ទីតាំង​នេះ​ ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ខែធ្នូ ​ឆ្នាំ​២០២៤​ បន្ទាប់ពី​ការ​ដួលរលំ​នៃ​របប​ដឹកនាំ​របស់​​ប្រធានាធិបតី​ស៊ីរី ​លោក​ ​Bashar​ ​al​-​Assad​ ​ដែល​ផ្តួលដោយ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុងប្រទេស។ ​ភ្លាម​ៗ​បន្ទាប់ពី​កងកម្លាំង​​ប្រឆាំង​បាន​វាយ​ដណ្តើម​យក​ទីក្រុង​ដាម៉ាស​ កងកម្លាំង​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​ផ្លូវ​ចូល​ទៅកាន់​ ​Site​99​​ ដើម្បី​រារាំង​កុំ​ឱ្យ​​ចូល​ទៅកាន់​ទីតាំង​ដ៏​គ្រោះថ្នាក់​នេះ​។​ បន្ទាប់មក​ មន្ត្រី​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ ​ការ​វាយប្រហារ​បន្ថែម​​នឹង​ត្រូវ​ធ្វើឡើង​ ​ប្រសិនបើ​មាន​ក្រុម​ណា​មួយ​ព្យាយាម​ប្រមូល​យក​ ​ឬ​ប្រើប្រាស់​សារធាតុ​ទាំងនោះ​។​ដូច្នេះ​ តាម​កិច្ចព្រមព្រៀង​នេះ​​គេ​កត់សម្គាល់​ឃើញ​ថា ​ជា​ការ​វិវត្តន៍​ផ្នែក​ទូត​ដ៏​សំខាន់​មួយ​សម្រាប់​មេដឹកនាំ​ថ្មី​របស់​ស៊ីរី ​គឺ​លោក​ ​Ahmed​ ​al​-​Sharaa​។​ ​ជាការកត់សម្គាល់ ចាប់តាំងពី​ពេលឡើង​កាន់អំណាច​លោក​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ទំនាក់ទំនង​ការ​ទូត​ឡើងវិញ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​​ និង​ស្វែងរក​ជំនួយ​អន្តរជាតិ ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​ប្រទេស​ឡើងវិញ​ក្រោយ​សង្គ្រាម​។ ​ក្រៅពី​កិច្ចសហប្រតិបត្តិការ​លើ​សុវត្ថិភាព​នុយក្លេអ៊ែរ ​រដ្ឋបាល​ថ្មី​នៅ​ទីក្រុង​ដាម៉ាស ​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ធ្វើការ​លើ​ក្របខ័ណ្ឌ​សន្តិសុខ​ទូលំទូលាយ​ជាមួយ​អ៊ីស្រាអែល​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា