អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

បរទេស៖  អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

Advertisement

កាលពីថ្ងៃព្រហស្បតិ៍ ភាគហ៊ុនរបស់ Nvidia កើនឡើងជាង ៤០ ភាគរយ បើធៀបនឹងអត្រាទាបជាងគេបង្អស់នៅឆ្នាំនេះ បន្ទាប់ពីមានការប្រកាសថាអាម៉េរិកបានអនុម័តឱ្យមានការលក់ឈីបប្រភេទ H200 ទៅកាន់ក្រុមហ៊ុនចិនធំៗចំនួន ១០ រួមទាំង Alibaba (BABA), Tencent (TCEHY), ByteDance, និង JD.com (JD) ជាដើម។

ក្រសួងពាណិជ្ជកម្មអាម៉េរិកបានអនុម័តលើការលក់ H200 គឺជាដំណឺងដ៏ល្អ បន្ទាប់ពីមានការរឹតបន្តឹងលើការលក់បន្ទះឈីបកម្រិតខ្ពស់ទៅឱ្យចិនក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ អ្នកចែកចាយមួយចំនួនរួមមាន Lenovo និង Foxconn ក៏ត្រូវបានអនុម័តផងដែរ។ ការអនុម័តនេះអនុញ្ញាតឱ្យអតិថិជនចិនអាចទិញបន្ទះឈីប AI H200 ដោយផ្ទាល់ពី Nvidia ឬ តាមអ្នកចែកចាយទាំងពីរនេះបានរហូតដល់ ៧៥ ០០០ បន្ទះក្រោមលក្ខខណ្ឌអាជ្ញាប័ណ្ណរបស់អាម៉េរិក។

មុនពេលមានការរឹតបន្តឹង ការទិញរបស់ចិនមានចំណែកប្រហែល ១៣ ភាគរយ នៃប្រាក់ចំណូលរបស់ Nvidia ប៉ុន្តែក្រុមហ៊ុនបាត់បង់ចំណូលមួយផ្នែកធំ នៅពេលដែលអាម៉េរិកហាមឃាត់មិនឱ្យលក់ឈីបទៅចិន។ នេះមានន័យថា ទោះបីជាអាម៉េរិកមិនទាន់អនុញ្ញាតឱ្យលក់ឈីបដែលមានកម្រិតខ្ពស់ខ្លាំងបំផុត ប៉ុន្តែលក់បានត្រឹមប្រភេទមធ្យមដូចជា H200 ក៏ដោយ ប៉ុន្តែការអនុញ្ញាតឱ្យចិនត្រឡប់មកវិញនៅតែអាចរកចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុន។ ជាក់ស្តែង ភាគហ៊ុនរបស់ Nvidia កើនឡើងខ្ពស់ជាង ៤០ ភាគរយ បន្ទាប់ពីមានដំណឹងអនុញ្ញាតឱ្យលក់ឈីប H200 ទៅឱ្យចិន។

ទោះបីជាការអនុញ្ញាតនេះប្រៀបបានដូចជាការបើកភ្លើងខៀវហើយក្តី ប៉ុន្តែ Nvidia មិនទាន់បាន​ដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈដែលទីក្រុងប៉េកាំងមិនទាន់បានអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើការបញ្ជាទិញផងដែរ។

ជាក់ស្តែង អាម៉េរិកបានអនុញ្ញាតឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីប H200 ទៅឱ្យ​ប្រទេសចិន​តាំង ពីខែមករាមកម៉្ល៉េះ ប៉ុន្តែទីក្រុងប៉េកាំងទីក្រុងប៉េកាំងបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកធ្វើពហិការលើបន្ទះឈីបដែលជាប់ពាក់ព័ន្ធជាមួយនឹង Nvidia។

រដ្ឋាភិបាលចិនបង្ហាញក្តីបារម្ភថា ការនាំចូលឈីប Nvidia អាចធ្វើឱ្យចិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងប៉ះពាល់ដល់ការអភិវឌ្ឍឈីបក្នុងស្រុករបស់ខ្លួន ដូចជាឈីបរបស់ Huawei ជាដើម​។ ចិនចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនងាកមកប្រើឈីបក្នុងស្រុកវិញ ទោះបីជាវានៅមានសមត្ថភាពយឺតជាង Nvidia បន្តិចក៏ដោយ។

នាយកប្រតិបត្តិ Nvidia លោក Jensen Huang លើកឡើងថា ការរឹតបន្តឹងរបស់អាម៉េរិកកន្លងមកបានធ្វើឱ្យ Nvidia បាត់បង់ទីផ្សារនៅចិនស្ទើរតែទាំងស្រុង ឬស្ទើរតែស្មើនឹងសូន្យ។ កាលពីខែមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick លើកឡើងដែរថា រដ្ឋាភិបាលចិនមិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកទិញឈីបពីអាម៉េរិកទៀតនោះទេ ព្រោះពួកគេកំពុងព្យាយាមរក្សាការវិនិយោគផ្តោតលើឧស្សាហកម្មឈីបក្នុងស្រុកវិញ៕​

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា