អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

បរទេស ៖ ស្ថាប័នកំពូលអាម៉េរិក បានចេញបញ្ជាឲ្យលុបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek ចេញពីប្រព័ន្ធភាគច្រើនរបស់រដ្ឋាភិបាល នេះបើយោងតាមការរាយការណ៍ពី BBC។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) បានចេញបញ្ជាហាមឃាត់ការប្រើប្រាស់ DeepSeek ទាំងស្រុងនៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល រួមទាំងបច្ចេកវិទ្យាទាំងឡាយណាដែលត្រូវបានបង្កើតឡើងដោយជំនួយពីម៉ូឌែល AI របស់ក្រុមហ៊ុននេះផងដែរ។ យ៉ាងណាមិញ DHS មិនបានលម្អិតអំពីក្តីបារម្ភផ្នែកសន្តិសុខជាក់លាក់ជុំវិញ DeepSeek នោះទេ ប៉ុន្តែសេតវិមានជារឿយៗបានរិះគន់ក្រុមហ៊ុន AI របស់ចិនជាបន្តបន្ទាប់។ សូមបញ្ជាក់ដែរថា DHS ទើបតែបានប្រកាសចេញបទបញ្ជាហាមឃាត់ជាសាធារណៈកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក្ដី ប៉ុន្តែបំរាមមួយនេះបានចូលជាធរមាន និងចាប់អនុវត្តនៅតាមបណ្តាស្ថាប័នរដ្ឋគោលដៅតាំងពីចុងខែកក្កដាមកម្ល៉េះ។ បទបញ្ជានេះបានកំណត់ជាក់លាក់ចំពោះភ្នាក់ងាររដ្ឋប្បវេណីរួមមាន ក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌ ប៉ុន្តែភ្នាក់ងារដែលស្ថិតនៅក្រោមក្រសួងការពារជាតិត្រូវបានលើកលែង។

ការហាមឃាត់នេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាល លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនអាម៉េរិកជាច្រើន រិះគន់ទៅលើ AI របស់ចិន។ កាលពីដើមឆ្នាំនេះ ប្រធានផ្នែកបច្ចេកវិទ្យារបស់សេតវិមាន លោក Michael Kratsios បានសរសេរនៅក្នុងសារលិខិតផ្ទៃក្នុងមួយថា “ការកេងប្រវ័ញ្ចដោយចេតនាអាក្រក់លើក្រុមហ៊ុន AI របស់អាម៉េរិក ភាគច្រើនធ្វើឡើងដោយក្រុមហ៊ុនគូប្រជែងនៅក្នុងប្រទេសចិន។ កន្លងមក ក្រុមហ៊ុនអាម៉េរិក Anthropic និង OpenAI ក៏អះអាងដែរថា ម៉ូឌែល AI របស់ពួកគេត្រូវបានចម្លងដោយក្រុមហ៊ុន AI របស់ចិនមួយចំនួន ដែលក្នុងនោះរួមមានទាំង DeepSeek ផងដែរ»។

សូមជម្រាបថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI DeepSeek កាន់តែមានប្រជាប្រិយភាពខ្លាំងចាប់តាំងពីបានប្រកាសផ្សាយជាសាធារណៈលើកដំបូងនៅក្នុងឆ្នាំ២០២៥ ដោយម៉ូឌែលនេះមានតម្រូវការខ្ពស់រហូតដល់ធ្វើឲ្យ Server របស់ក្រុមហ៊ុនមួយនេះត្រូវគាំងជាញឹកញាប់។ DeepSeek របស់ចិនត្រូវបានគេមើលឃើញ មានសមត្ថភាពខ្លាំងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយសារវាជាម៉ូឌែល AI ដ៏ខ្លាំងមួយ និងបើកចំហអនុញ្ញាតឱ្យគេយកទៅកែច្នៃ ឬ អភិវឌ្ឍបន្តបានដោយឥតគិតថ្លៃគ្មានការបិទបាំងកូដដើមឡើយ ព្រមទាំងមានតម្លៃធូរថ្លៃសម្រាប់អាជីវកម្មទៀតផង។ ម៉ូឌែល AI របស់វាក៏ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកផងដែរ ដូចជា Snowflake, Vercel និង OpenRouter ជាដើម។ ជាការកត់សម្គាល់ មានក្រុមហ៊ុនបង្កើតថ្មីជាច្រើនបានសម្រុកទៅប្រើប្រាស់ម៉ូឌែលដែលមានប្រភពបើកចំហ និងចំណាយតិចរបស់ DeepSeek ។ ដោយឡែក សម្រាប់អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ឬ AI ការប្រើប្រាស់ DeepSeek នៅក្នុងការងាររបស់ពួកគេ​ដោយចំណាយអស់ត្រឹមតែមួយភាគតូចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ម៉ូឌែលបិទជិត និងមានតម្លៃថ្លៃ ដូចជា Gemini របស់ Google, Claude របស់ Anthropic ឬ Codex របស់ OpenAI។

កាលពីឆ្នាំមុន DeepSeek បានចំណាយអស់ប្រមាណ ៦ លានដុល្លារប៉ុណ្ណោះដើម្បីហ្វឹកហ្វឺនម៉ូឌែលកំណែដំបូងរបស់ខ្លួន ខណៈដែល GPT-4 របស់ OpenAI ចំណាយប្រហែល ១០០ លានដុល្លារ។ ការទម្លាយព័ត៌មានបែបនេះបានធ្វើឲ្យតម្លៃភាគហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីសប្តាហ៍មុន កំណែចុងក្រោយ និងថ្មីបំផុតរបស់ DeepSeek ត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលទទួលបានការកោតសរសើរពីអ្នកប្រើប្រាស់ថា វាមានសមត្ថភាពអាចយកឈ្នះឧបករណ៍ AI ទំនើបជឿនលឿនបំផុតរបស់ OpenAI ទៅលើភារកិច្ចទូទៅមួយចំនួន ដូចជា ការសរសេរកូដកម្មវិធីកុំព្យូទ័រជាដើម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា