អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ា រើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក ។

Advertisement

យោងតាមសេចក្ដីរាយការណ៍ពី CNA កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍កន្លងទៅនេះ សេតវិមានអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍ថា ពន្ធគយថ្មីនេះនឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ដោយដាក់ទៅលើទំនិញជាច្រើនប្រភេទរាប់ចាប់តាំងពីស្រា ដំបងវាយកូនឃ្លីលើទឹកកក (Hockey) រហូតដល់ស៊ីម៉ង់ត៍។ ក្នុងសេចក្ដីប្រកាសដំឡើងពន្ធថ្មីនេះ សេតវិមានបានគូសបញ្ជាក់ថា កាណាដា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់រួមជាមួយចិន ដែលបានដំឡើងពន្ធសងសឹកប្រឆាំងនឹងអាម៉េរិកវិញ។ សេតវិមានក៏បានរិះគន់ចំៗលើខេត្តភាគច្រើនក្នុងប្រទេសកាណាដា ដែលបានផ្អាកការទិញគ្រឿងស្រវឹងពីអាម៉េរិក និងធ្វើពហិការលើផលិតផលទាំងនោះ ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធគយ និងការអំពាវនាវដដែលៗរបស់លោក ត្រាំ ក្នុងការបញ្ចូលកាណាដា​ជារដ្ឋទី ៥១ របស់អាម៉េរិក។

តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក Jamieson Greer បានអះអាងថា កាណាដា បានប្រមូលផលិតផលគ្រឿងស្រវឹងរបស់អាម៉េរិកចេញពីស្ដង់លក់ទំនិញរបស់ពួកគេ ដោយបានផ្តល់ឱកាសទីផ្សារកាន់តែល្អប្រសើរដល់ផលិតផលទឹកដោះគោពីសហភាពអឺរ៉ុប និងបានរឹតត្បិតការនាំចូលយានយន្តចំពោះក្រុមហ៊ុនទាំងឡាយណាដែលផ្លាស់ប្តូរមូលដ្ឋានផលិតកម្មត្រឡប់មកអាម៉េរិកវិញ។ ដូច្នេះហើយ គោលបំណងនៃការប្រកាសដំឡើងពន្ធរបស់អាម៉េរិក គឺចង់ទាមទារឱ្យកាណាដាទទួលខុសត្រូវចំពោះការសងសឹក និងការរើសអើងរបស់ខ្លួន។

កាលពីដើមឆ្នាំនេះ តុលាការកំពូលអាម៉េរិកបានលុបចោលវិធានការពន្ធគយជាច្រើនរបស់លោក ត្រាំ ប៉ុន្តែគាត់សម្រេចប្រើប្រាស់បទប្បញ្ញត្តិផ្លូវច្បាប់មួយដែលមិនធ្លាប់យកមកប្រើប្រាស់ពីមុនមកដើម្បីដំឡើងពន្ធថ្មីនេះ គឺមាត្រា ៣៣៨ នៃច្បាប់ពន្ធគយឆ្នាំ ១៩៣០។ សេតវិមានបានបញ្ជាក់ថា ការដំឡើងពន្ធចុងក្រោយនេះនឹងមិនអនុវត្តចំពោះថាមពល រ៉ែប៉ូតាស និងទំនិញទាំងឡាយណាដែលធ្លាប់ជាប់ពន្ធពិសេសតាមវិស័យរួចហើយនោះទេ។ យ៉ាងណាមិញ ចំណុចសំខាន់នោះគឺ ពន្ធនេះនឹងប៉ះពាល់ដល់ផលិតផលដែលស្ថិតក្រោមពន្ធគយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ ការដំឡើងពន្ធថ្មីចុងក្រោយរបស់លោក ត្រាំ កំពុងជំរុញឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអូតាវ៉ាកាន់តែមានភាពតានតឹងបន្ថែមទៀត។ កាលពីប៉ុន្មានថ្ងៃមុន លោក ត្រាំ គំរាមកាណាដាដែរថា នឹងដំឡើងពន្ធបន្ថែមជុំវិញបញ្ហាផ្សែងភ្លើងឆេះព្រៃដែលបានភាយចូលមកក្នុងទឹកដីអាម៉េរិក។

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា