កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

បរទេស​៖​ ​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​Al​ ​Jazeera​។

Advertisement

​យោង​តាម​ការិយាល័យ​វិភាគ​សេដ្ឋកិច្ច​អាម៉េរិក​ ​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​បាន​កើនឡើង​ក្នុង​អត្រា ​១.៥​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ពីរ ​ចាប់ពី​ខែមេសា ​ដល់​ខែមិថុនា ​ដែល​ទាប​ជាង​ការ​ព្យាករណ៍​របស់​ក្រុម​អ្នកសេដ្ឋកិច្ច​ដែល​រំពឹង​ថា​នឹង​កើនឡើង​ ​១.៨​ ​ភាគរយ​ ​និង​ធ្លាក់ចុះ​ពី​អត្រា​កំណើន​ ​២.១​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​មួយ​។

​ទោះជា​យ៉ាងណា​ ​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​បាន​កើនឡើង​ ​៣.២​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ពីរ​ ​បើ​ទោះបីជា​អ្នកប្រើប្រាស់​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ក្នុង​តម្លៃ​ខ្ពស់​ក៏ដោយ​។

​នៅក្នុង​ខែកក្កដា ​តម្លៃ​ប្រេងឥន្ធនៈ​បាន​កើនឡើង​ដល់​ ​៤.០៩​ ​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង ​ពី​ ​៣.៨៤​ ​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​កាលពី​ខែមិថុនា​។ ​មុនពេល​មាន​ជម្លោះ​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ តម្លៃ​ប្រេងឥន្ធនៈ​ជា​មធ្យម​មាន​ត្រឹម​ ​២.៩៨​ ​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​។

​ទោះបី​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​នៅតែ​មាន​ភាព​រឹងមាំ​ក៏ដោយ​ ​អត្រា​សន្សំ​ផ្ទាល់ខ្លួន​បាន​ធ្លាក់ចុះ​មក​ត្រឹម​ ​២.៧​ ​ភាគរយ​ ​ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ​៤​ ​ឆ្នាំ​ចុងក្រោយ​ ​ខណៈ​អតិផរណា​នៅតែ​មាន​កម្រិត​ខ្ពស់​។

​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​ដែល​វាស់​តាម​សន្ទស្សន៍​តម្លៃ​ចំណាយ​លើ​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ​(​PCE​) ​បាន​កើនឡើង​ ​៣.៧​ ​ភាគរយ​ក្នុង​ខែមិថុនា ​ដែល​នៅតែ​ខ្ពស់​ជាង​គោលដៅ​ ​២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​។

​សន្ទស្សន៍​ ​PCE​ ​គឺជា​មាត្រដ្ឋាន​សំខាន់​មួយ​ដែល​ធនាគារ​កណ្តាល​អាម៉េរិក​ប្រើប្រាស់​ ​ដើម្បី​វាស់វែង​អតិផរណា​ ​និង​តាមដាន​ការ​ប្រែប្រួល​នៃ​តម្លៃ​ទំនិញ​ ​និង​សេវាកម្ម​។

​ការ​កើនឡើង​នៃ​សន្ទស្សន៍​ ​PCE​ ​ដល់​ ​៣.៧​ ​ភាគរយ​ក្នុង​ខែមិថុនា ​មាន​ន័យ​ថា​ តម្លៃ​ទំនិញ​ ​និង​សេវាកម្ម​ដែល​អ្នកប្រើប្រាស់​ទិញ​ ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ជា​មធ្យម​ ​៣.៧​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​។

​ដោយសារ​ក្តីបារម្ភ​អំពី​អតិផរណា ​ធនាគារ​កណ្តាល​អាម៉េរិក​ក៏​បាន​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​នៅ​កម្រិត​ដដែល​ពី​ ​៣.៥​ ​ដល់​ ​៣.៧៥​ ​ភាគរយ ​ជា​លើក​ទី​៥​ ​ជាប់​ៗ​គ្នា​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា