សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

​បរទេស​៖​ ​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ The ​Guardian​។​

​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​៣ ​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ ​និង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ ​AI ​ដែល​នៅតែ​មាន​ភាព​រឹងមាំ ​និង​ជួយ​ប៉ះ​ប៉ូវ​ផល​ប៉ះពាល់​ពី​ការ​ឡើង​ថ្លៃ​ប្រេង​។

ទន្ទឹម​នឹង​កំណើន​សេដ្ឋកិច្ច​ ​អតិផរណាទូទៅ​ក្នុង​ខែ​កញ្ញា​បាន​ហក់​ឡើង​ដល់​ ​៣​.​៦​ ​ភាគរយ​ ​ខណៈ​អតិផរណា​ស្នូល​កើន​ដល់​ ​៣​.​១​ ​ភាគរយ​។ ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ ​(​CPI​)​ ​ក៏​បាន​កើនឡើង​ ៣​.​៧ ​ភាគរយ​ក្នុង​ខែ​កញ្ញា​ ​ពី​ ​៣​.​៤​ ​ភាគរយ​ក្នុង​ខែ​សីហា​។​

​ទោះ​បី​តម្លៃ​ទំនិញ ​និង​អតិផរណា​បន្ត​កើនឡើង​ក៏​ដោយ​ ធនាគារ​កណ្តាល​អាម៉េរិក​នៅតែ​រក្សា​អត្រា​ការប្រាក់​គោលក្នុង​រង្វង់​ ៣​.​៧៥​ ​ភាគរយ​ទៅ​ ៤ ​ភាគរយ​។ ​ការ​ដំឡើង​អត្រា​ការប្រាក់​អាច​ជួយ​ទប់ស្កាត់​អតិផរណា​ ​ប៉ុន្តែ​ក៏​អាច​បង្ក​ហានិភ័យ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ទីផ្សារ​ការងារ​ផងដែរ​។

​ដោយសារ​អតិផរណា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ ​សេដ្ឋវិទូ​ព្យាករណ៍​ថា​ ធនាគារ​កណ្តាល​អាម៉េរិក​អាចនឹង​ដំឡើង​អត្រា​ការប្រាក់​នៅក្នុង​ខែ​ធ្នូ​។​ ​លោក​ Kevin ​Warsh ​ប្រធាន​ធនាគារ​កណ្តាល​អាម៉េរិក​ ​បាន​លើកឡើង​ថា​ ​សកម្មភាព​សេដ្ឋកិច្ច​កំពុង​ពង្រីក​ខ្លួន​ក្នុង​ល្បឿន​រឹងមាំ ​ហើយ​ទោះ​មាន​ភាព​មិន​ប្រាកដប្រជា​ដែល​បង្កឡើង​ដោយ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក៏​ដោយ​ ​ការ​ចំណាយ​ក្នុង​ស្រុក​នៅតែ​មាន​ភាព​ធន់​។

​យ៉ាងណា​ក៏ដោយ​ ​អ្នក​សេដ្ឋកិច្ច​យល់​ថា​ ​កំណើន​ដ៏​ខ្លាំងក្លា​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សេដ្ឋកិច្ច​ទាំងមូល​នោះ​ទេ ​ដោយសារ​ផ្នែក​មួយ​ធំ​នៃ​កំណើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​លើ​ ​AI​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​កំពុង​ខ្ចី​ប្រាក់​ក្នុង​ទំហំ​ធំ ​ដើម្បី​វិនិយោគ​លើ​គម្រោង​ AI ​ហើយ​ការ​កើនឡើង​នៃ​បំណុល​នេះ​អាច​បង្ក​ហានិភ័យ​ដល់​ការ​ចំណាយ​លើ​ឧបករណ៍​ ​និង​បរិក្ខារ​បច្ចេកវិទ្យា​នៅពេល​ខាង​មុខ​។ វិនិយោគិន​ក៏​កំពុង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​កើនឡើង​នៃ​ដើមទុន ​និង​ការ​ចំណាយ​ឥត​ឈប់ឈរ​លើ​គម្រោង​ ​AI ​ខណៈ​ផល​ចំណេញ​នៅតែ​មិន​ច្បាស់លាស់​។

​ជាមួយគ្នា​នេះ​ ពល​រដ្ឋ​អាម៉េរិក​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ប្រាក់​សន្សំ ​និង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ ​និង​ប្រេង​សាំង​។ ​កត្តា​ទាំងនេះ​បាន​ធ្វើឱ្យ​សន្ទស្សន៍​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​ធ្លាក់ចុះ​ ១៥​ ​ភាគរយ​ ​និង​ធ្វើឱ្យ​ការ​គាំទ្រ​ចំពោះ​លោក​ ​ដូណាល់ ​ត្រាំ ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា