អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

​បរទេស​៖​ ​រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ CNA​។​

​មន្ត្រី​អាម៉េរិក​ពីរ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​កិច្ច​ពិភាក្សា​នេះ​ពាក់ព័ន្ធ​នឹង​ទីតាំង​ប្រេង​ចំនួន​ ​១២​កន្លែង​ ​ដែល​មាន​ទុន​បម្រុង​ប្រមាណ ៩០​ពាន់​លាន​បារ៉ែល ​ឬ​ស្មើ​ប្រមាណ​មួយ​ភាគ​បី​នៃ​ទុន​បម្រុង​ប្រេងសរុប​របស់​វេណេស៊ុយអេឡា ​ដែល​មាន​ប្រមាណ​ ​៣០០​ពាន់​លាន​បារ៉ែល​។

តាម​ផែនការ​នេះ​ ​ក្រុមហ៊ុន​ឯកជន ​រួមទាំង​ក្រុមហ៊ុន​អាម៉េរិក​ ​នឹង​ចូលរួម​អភិវឌ្ឍ​វាល​ប្រេង​ទាំងនោះ​ ​ដោយ​នាំយក​បច្ចេកវិទ្យា ​និង​អ្នក​ជំនាញ ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ពង្រីក​ផលិតកម្ម​។ ​ជាមួយគ្នា​នេះ​ វេណេស៊ុយអេឡា​នឹង​ទទួល​បាន​ចំណូល​ពី​ប្រេងក្នុង​កម្រិត​ខ្ពស់​ជាង​មុន​។

​គោលបំណង​របស់​អាម៉េរិក​ ​គឺ​ចង់​បង្កើន​ទុន​បម្រុង​ប្រេង​របស់​ខ្លួន​ឱ្យ​បាន​ទ្វេ​ដង​ ​ខណៈ​វេណេស៊ុយ​អេឡា​ត្រូវការ​ទុន ​និង​បច្ចេកវិទ្យា​ពី​បរទេស ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការ​លំបាក​។​ ​បច្ចុប្បន្ន​ ​ទុន​បម្រុង​ប្រេង​របស់​អាម៉េរិក​កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៤០​ឆ្នាំ​ចុងក្រោយ​។

​ប្រធានាធិបតី​បណ្តោះ​អាសន្ន​វេណេស៊ុយអេឡា ​លោក​ស្រី​ Delcy ​Rodriguez ​កំពុង​ព្យាយាម​បើក​ទ្វារ​ឱ្យ​ប្រទេស​អាច​ទទួល​បាន​ការ​វិនិយោគ​ពី​បរទេស ​ជាពិសេស​ក្នុង​វិស័យ​ថាមពល​ ​ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​លោក​ ដូណាល់ ​ត្រាំ ​ដែល​ចង់​ក្តាប់​ការ​គ្រប់គ្រង​លើ​វិស័យ​ប្រេង​របស់​ប្រទេស​នេះ​។​

​រដ្ឋបាល​លោក​ ដូណាល់ ​ត្រាំ ​តែងតែ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​វិនិយោគ​នៅ​វេណេស៊ុយអេឡា​ ​ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រុឌ​ទ្រោម​ ​និង​ប្រវត្តិ​នៃ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​វិនិយោគិន​បរទេស​ដោយ​រដ្ឋាភិបាល​វេណេស៊ុយអេឡា​។​

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ប្រេង​អាម៉េរិក​ ​Chevron ​គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​នៅ​បន្ត​ប្រតិបត្តិការ​នៅ​វេណេស៊ុយអេឡា​។​ ​កាលពី​ខែ​កក្កដា​ ​Chevron ​បាន​ប្រកាស​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​ប្រចាំ​ថ្ងៃ​ដល់​ ​២៨០​,​០០០​បារ៉ែល ​និង​មាន​ផែនការ​បង្កើន​ទិន្នផល​បន្ថែម​ ​៥០​ភាគរយ​ទៀត​នៅ​ឆ្នាំ​ ​២០២៨​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា