អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

​បរទេស​៖ អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា​។

​យោង​តាម​ការ​រាយការណ៍​របស់​ Al ​Jazeera ​ការិយាល័យ​វិភាគ​សេដ្ឋកិច្ច​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា​ ​សន្ទស្សន៍​នៃ​ការ​ចំណាយ​ប្រើប្រាស់​ផ្ទាល់ខ្លួន ​(​PCE​)​ ​ដែល​ជា​រង្វាស់​មួយ​ក្នុង​ចំណោម​រង្វាស់​សំខាន់​ៗ​ដែល​ Fed ​ប្រើ​ដើម្បី​តាមដាន​អតិផរណា​ ​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា​។​

​តួលេខ​នេះ​ខ្ពស់​ជាង​ការ​ព្យាករណ៍​ ​៣​,​៦​ ​ភាគរយ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​ដែល​ស្ទង់​មតិ​ដោយ​ Reuters ​ហើយ​បាន​ជំរុញ​ឱ្យ​ការ​រំពឹងទុក​អំពី​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ Fed ​កើនឡើង​ដល់​ ៤២ ភាគរយ ​ពី​ ​៣៦​ ​ភាគរយ​មុនពេល​ទិន្នន័យ​ត្រូវ​បាន​ចេញផ្សាយ​។

​អតិផរណា​របស់​អា​ម៉េរិក​បាន​កើនឡើង​ចាប់​តាំងពី​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នៅ​ចុង​ខែ​កុម្ភៈ ​ដោយ​កាលនោះ​អត្រា​អតិផរណា​មាន​ត្រឹម​ ​២​,​៩ ​ភាគរយ​។ ​អត្រា​នេះ​បាន​កើន​ដល់​ ៤​,​១ ភាគរយ​ក្នុង​ខែ​ឧសភា​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ ​ដោយសារ​ការ​កើនឡើង​តម្លៃ​ថាមពល ​ជាពិសេស​តម្លៃ​ប្រេង​សាំង​ដែល​បាន​ឡើង​ដល់​ ៤​,​១០ ​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​។

ទន្ទឹម​នឹង​នេះ​ ​ការ​ស្ទង់​មតិ​អំពី​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​បាន​បង្ហាញ​ថា​ ​ប្រជា​ពលរដ្ឋ​អាម៉េរិក​ភាគ​ច្រើន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ខណៈ​ប្រាក់​ចំណូល​បាន​កើនឡើង​ត្រឹម​ ​០​,​២ ​ភាគរយ ​ស្រប​ពេល​តម្លៃ​ប្រេង​សាំង​កើនឡើង​។

​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ ​និង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​កាណា​ដា ​ក៏​បន្ត​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​អាម៉េរិក​។​ ​រដ្ឋបាល​លោក​ ដូណាល់ ​ត្រាំ ​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​កាណាដា​ដល់​ ៥​០ ​ភាគរយ​ ​លើ​ទំហំ​ទឹកប្រាក់​ ​២០ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​កាណាដា​បាន​ដាក់​ពន្ធ​សង​វិញ​ក្នុង​ទំហំ​ប្រហាក់ប្រហែលគ្នា​។

​ការ​ដំឡើង​ពន្ធ​គយ​អាច​បង្កើន​ថ្លៃ​ដើម​របស់​អាជីវកម្ម ​ដែល​នៅ​ទីបំផុត​អាច​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​អ្នក​ប្រើប្រាស់​តាមរយៈ​ការ​កើនឡើង​តម្លៃ​ទំនិញ ​និង​បង្កើន​សម្ពាធ​លើ​អតិផរណា​បន្ថែម​ទៀត​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា