ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

បរទេស​៖​ តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិតដល់​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​CNA​។

Advertisement

​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ តម្លៃ​ប្រេង​ឆៅ​ ​Brent​ ​ឡើង​ថ្លៃ​ ​២​ ​ភាគរយ​ដល់​ ​៩៦​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​ ​West​ ​Texas​ ​Intermediate​ ​(​WTI​) ​ឡើង​ថ្លៃ​ ​១,៧​ ​ភាគរយ​ដល់​ ​៨៨,២៧​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​ទន្ទឹមនឹង​នេះ​ យោធា​អាម៉េរិក​ប្រកាស​ថា ​ពួកគេ​បាន​វាយប្រហារ​លើ​អ៊ីរ៉ង់​ ​១២​ ​យប់​ជាប់​ៗ​គ្នា​ ​ខណៈ​ដែល​ប្រធានាធិបតី​ លោក​ ​ដូណាល់ ​ត្រាំ ​គំរាម​បំផ្លាញ​ស្ពាន​ ​ឬ​រោងចក្រ​អគ្គិសនី​រាល់​ពេល​ដែល​អ៊ីរ៉ង់​បាញ់ប្រហារ​លើកប៉ាល់​នៅ​ច្រក​សមុទ្រ​ ​Hormuz​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ ​លើកឡើង​ថា​ កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​ឡើង​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ចំផ្លូវទឹក​ដែល​មាន​បង្កប់​គ្រាប់​មីន​សមុទ្រ ​ខណៈ​ដែល​កប៉ាល់​ដឹក​ប្រេង​ពីរ​ផ្សេង​ទៀត​បាន​បត់​ត្រឡប់​ក្រោយ​វិញ​។​

​កងទ័ព​អ៊ីរ៉ង់​ព្រមាន​ថា​ ​ច្រក​សមុទ្រ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​ ​និង​បិទ​ទាំងស្រុង​ ​ហើយ​គ្មាន​កប៉ាល់​ដឹក​ប្រេង​ណាមួយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូល​ ​ឬ​ចេញ​ដោយ​គ្មាន​ការ​សម្របសម្រួល​ជាមួយ​អ៊ីរ៉ង់​នោះ​ឡើយ​។​

ក្រៅពី​ជម្លោះ​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ ក្រុម​ឧទ្ទាម​ ​Houthis​ ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អ៊ីរ៉ង់​នោះ​ ​បាន​បើក​សមរភូមិ​ថ្មី​មួយ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​ ក្រុម​ឧទ្ទាម​មួយ​នេះ​កំណត់​គោលដៅ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​ច្រក​សមុទ្រ​ ​Bab​ ​el​-​Mandeb​ ​និង​បាន​ប្រកាស​បិទ​ផ្លូវ​សមុទ្រ​ប្រឆាំង​នឹង​អារ៉ាប៊ី​សាអូឌីត​។​

​ក្រុម​ ​Houthis​ ​បើក​ប្រតិបត្តិការ​យោធា​លើ​កប៉ាល់​ដឹក​ប្រេង​អារ៉ាប៊ី​សាអូឌីត​ចំនួន​ ​២​ ​គ្រឿង​ ​ដោយ​នាវា​ដឹក​ប្រេង​ចំនួន​ ​១​ ​គ្រឿង​ឈ្មោះ​ ​Encelia​ ​ត្រូវបាន​វាយប្រហារ​នៅ​សមុទ្រ​ក្រហម​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ពួកគេ​ចេញ​សេចក្តី​ព្រមាន​មិន​ឱ្យ​កប៉ាល់​ណាមួយ​បើក​ឆ្ពោះ​ទៅកាន់​កំពង់ផែ​របស់​អារ៉ាប៊ី​សាអូឌីត​ជាដាច់ខាត ​ដែល​ធ្វើឱ្យ​នាវា​ពាណិជ្ជកម្ម​ប្រហែល​ ​១០​ ​គ្រឿង​បង្ខំ​ចិត្ត​ដកថយ​បត់​ត្រឡប់​ក្រោយ​វិញ​។​

​ការ​បិទ​ផ្លូវ​ទឹក​របស់​ក្រុម​ ​Houthis​ ​ប្រឆាំង​នឹង​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​ ​កាន់តែ​បង្ក​ការ​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​សកល​។ ​គួរឱ្យ​បញ្ជាក់​ដែរ​ថា​ ​ច្រក​សមុទ្រ​ ​Hormuz​ ​និង​ ​សមុទ្រ​ក្រហម​នៅ​ឆ្ងាយ​ពី​គ្នា​ក្តី​ ​ប៉ុន្តែ​តំបន់​ទាំង​ពីរ​នេះ​សុទ្ធតែ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​មជ្ឈិមបូព៌ា ​និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​សមុទ្រ​ដ៏​សំខាន់​សម្រាប់​ការ​ដឹកជញ្ជូន​ប្រេង​ ​និង​ទំនិញ​អន្តរជាតិ​។​

​ច្រក​សមុទ្រ​ ​Hormuz​ ​ស្ថិត​នៅ​ចន្លោះ​ឈូង​សមុទ្រ​ពែ​ក្ស ​និង​ឈូង​សមុទ្រ​អូម៉ង់ ​ដែល​ជា​ច្រក​ចេញ​ចូល​សម្រាប់​នាវា​ដឹក​ប្រេង​ចេញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ដូចជា​ ​អារ៉ាប៊ី​សាអូឌីត​, ​អ៊ីរ៉ង់​, ​អ៊ីរ៉ាក់​, ​និង​គុយ​វ៉ែត​។ ​សមុទ្រ​ក្រហម​ស្ថិត​នៅ​ចន្លោះ​ទ្វីប​អាហ្វ្រិក​ ​និង​ឧបទ្វីប​អារ៉ាប់ ​ដែល​មាន​ច្រក​សមុទ្រ ​ដែល​ជា​ផ្លូវ​ទឹក​តភ្ជាប់​ឈូង​សមុទ្រ​អា​ដែន​ជិត​ប្រទេស​យ៉េមែន​, ​ព្រែក​ជីក​ស៊ុយអេ,​ និង​មហាសមុទ្រ​ឥណ្ឌា​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា