ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

បរទេស​៖​ តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​ខណៈ​ដែល​ទីក្រុង​តេអេរ៉ង់​បើក​ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាម៉េរិក​នៅក្នុង​តំបន់​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​រ៉យទ័រ​។

Advertisement

​ទន្ទឹមនឹង​នេះ​ តម្លៃ​ប្រេង​ឆៅ​ ​Brent​ ​ឡើង​ថ្លៃ​ដល់​ ​៨៥,៣១​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​ ​West​ ​Texas​ ​Intermediate​ ​(​WTI​) ​ឡើង​ថ្លៃ​ជិត​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​នៅក្នុង​កម្រិត​ប្រចាំ​សប្តាហ៍​ តម្លៃ​ប្រេង​ ​WTI​ ​ឡើង​ថ្លៃ​ប្រមាណ​ ​១០​ ​ភាគរយ​ទៅ​ ​១១​ ​ភាគរយ​ ​ចំណែកឯ​តម្លៃ​ប្រេង​ ​Brent​ ​ឡើង​ថ្លៃ​ពី ​៥​ ​ភាគរយ​ទៅ​ ​៦​ ​ភាគរយ​។​ តម្លៃ​ប្រេង​ទាំង​ពីរ​ចាប់ផ្ដើម​ឡើង​ថ្លៃ​កាលពី​ថ្ងៃចន្ទ​កន្លងទៅ​នេះ​ ​ដោយសារតែ​ការ​វាយប្រហារ​គ្នា​ទៅវិញទៅមក​រវាង​អាម៉េរិក​ និង​ អ៊ីរ៉ង់​រំខាន​ដល់​ការ​ដឹកជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រ​ ​Hormuz​។​ 

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​ កងកម្លាំង​យោធា​អាម៉េរិក​ទើបតែ​បញ្ចប់​ការ​វាយប្រហារ​ថ្មី​មួយ​វគ្គ​ទៀត​ប្រឆាំង​នឹង​អ៊ីរ៉ង់​ចំ​គោលដៅ​ជាច្រើន​កន្លែង​។ ​ជា​ការ​ឆ្លើយតប​ កងទ័ព​អ៊ីរ៉ង់​ក៏​បាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាម៉េរិក​នៅក្នុង​ប្រទេស​គុយ​វ៉ែត ​និង​បារ៉ែ​ន ​ចំ​គោលដៅ​ដូចគ្នា​។

​នៅ​ថ្ងៃពុធ​នេះ​ កងទ័ព​អាម៉េរិក​ ​ប្រកាស​ថា ​ពួកគេ​បាន​ចាប់ផ្តើម​ការ​វាយប្រហារ​ជុំ​ថ្មី​មួយ​ទៀត​ ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ដែល​បាន​វាយប្រហារ​លើកប៉ាល់​ពាណិជ្ជកម្ម​នៅក្នុង​ច្រក​សមុទ្រ​ ​Hormuz​។​

​យ៉ាងណាមិញ​ កងទ័ព​អ៊ីរ៉ង់​ក៏​បាន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​ទៅ​លើ​ទីតាំង​មូលដ្ឋាន​ទ័ព​របស់​អាម៉េរិក​នៅក្នុង​ប្រទេស​ហ្សក​ដានី​វិញ​ដែរ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រសួង​ការពារ​ជាតិ​អាម៉េរិក​នៅឡើយ​ទេ​។​ 

​ការ​ផ្ទុះ​អាវុធ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​បង្កើន​ការ​សង្ស័យ​កាន់តែ​ខ្លាំង​ថា​ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន​មាន​ភាព​ទន់ខ្សោយ​ ​និង​ ​មិន​ងាយ​បញ្ឈប់​សង្រ្គាម​ទេ ​ដោយសារ​ការ​វាយប្រហារ​កំពុង​រាលដាល​ដល់​ប្រទេស​ជិតខាង​របស់​អ៊ីរ៉ង់​ផងដែរ​។

​លោកស្រី​ ​June​ ​Goh​ ​អ្នកវិភាគ​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​ប្រេង​នៅ​ក្រុមហ៊ុន​ ​Sparta​ ​Commodities​ ​លើកឡើង​ថា​ តម្លៃ​ប្រេង​ ​Brent​ ​និង​ ​WTI​ ​ឡើង​ថ្លៃ​ទៅ​តាម​នឹង​ស្ថានភាព​តានតឹង​ដែល​កំពុង​កើនឡើង​ ប៉ុន្តែ​ការ​ប្រែប្រួល​អាចនឹង​ត្រូវ​ធូរស្រាល​ទៅ​វិញ​ ​ដោយសារ​ទីផ្សារ​កំពុង​រង់ចាំ​មើល​ការ​ផ្លាស់ប្ដូរ​ជំហរ​ណាមួយ​ពីសំណាក់​អាម៉េរិក​ និង​អ៊ីរ៉ង់​។​

​លោកស្រី​ ​Priyanka​ ​Sachdeva​ ​អ្នកវិភាគ​ទីផ្សារ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ ​Phillip​ ​Nova​ ​ក៏​ពន្យល់​ដែរ​ថា​ ​ទោះបីជា​ទីផ្សារ​ប្រេង​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ក៏ដោយ​ ​ប៉ុន្តែ​រាល់​ការ​កើនឡើង​កម្ដៅ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ច្រក​សមុទ្រ​ ​Hormuz​ ​ឬ​ ​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ​អាចនឹង​ធ្វើឱ្យ​ទីផ្សារ​ប្រែ​ជា​តានតឹង​ភ្លាម​ៗ​ ​និង​ធ្វើឱ្យ​តម្លៃ​ប្រេង​កាន់តែ​ឡើង​ថ្លៃ​ខ្លាំង​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា