បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

​​បរទេស​៖​ ​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​រតនាគារ​សហរដ្ឋ​អាម៉េរិក​ ​បំណុល​សាធារណៈ​សរុប​បាន​កើន​ដល់​ ៤០​.​០៤៧​ ​ទ្រីលាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​អង្គារ​។ ​ក្នុង​នោះ​ បំណុល​ដែល​កាន់កាប់​ដោយ​សាធារណជន​មាន​ចំនួន​ ៣​២​.​២៦៦​ ទ្រី​លាន​ដុល្លារ​ ​ខណៈ​បំណុល​រដ្ឋាភិបាល​មាន​ចំនួន​ប្រមាណ​ ៧​.​៧៨​១​ ទ្រី​លាន​ដុល្លារ​។

​កម្រិត​បំណុល​នេះ​បាន​កើនឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ​បំណុល​សហព័ន្ធ​បាន​ឆ្លងកាត់​ ៣០​ ទ្រី​លាន​ដុល្លារ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២០២២ ​បន្ទាប់មក​កើន​លើស ៣៩​ ទ្រី​លាន​ដុល្លារ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០២៦ ​និង​ឈាន​ដល់​ ​៣៩​.​៧​ ទ្រី​លាន​ដុល្លារ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០២៦ ​មុនពេល​ឆ្លងកាត់​កម្រិត​ ៤០​ ទ្រី​លាន​ដុល្លារ​លឿន​ជាង​ការ​រំពឹងទុក​។

​កំណើន​បំណុល​នេះ​កើតឡើង​ចំពេល​រដ្ឋាភិបាល​សហព័ន្ធ​អាម៉េរិក​បន្ត​ចំណាយ​លើស​ចំណូល ​ដែល​បង្កើត​ឱ្យ​មាន​ឱនភាព​ថវិកា​ជា​ប្រចាំ​ ​និង​បន្ថែម​ទៅលើ​បំណុល​ជាតិ​។ កត្តា​ដែល​បាន​រួមចំណែក​ដល់​ការ​កើនឡើង​យ៉ាង​លឿន​នៃ​បំណុល ​រួម​មាន​ការ​ចំណាយ​រាប់ទ្រីលាន​ដុល្លារ​ក្នុង​ការ​ឆ្លើយតប​នឹង​វិបត្តិកូវីដ​-​១៩ ការ​កាត់បន្ថយ​ពន្ធ ​និង​ការ​កើនឡើង​នៃ​ការ​ចំណាយ​យោធា​។

​បន្ថែម​ពី​នេះ​ ការ​កើនឡើង​នៃ​ការ​ទូទាត់​ការប្រាក់​លើ​បំណុល​ក៏​បាន​ដាក់​សម្ពាធ​បន្ថែម​លើ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ផងដែរ​។ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​ ​២០២៦ ​រដ្ឋាភិបាល​សហព័ន្ធ​អាម៉េរិក​មាន​ឱនភាព​ថវិកា​ចំនួន​ ១​.​៣៦៧​ ទ្រីលាន​ដុល្លារ​ ​ខណៈ​ការ​ទូទាត់​ការប្រាក់​សុទ្ធ​មាន​ចំនួន​ ៨​២៧ ពាន់​លាន​ដុល្លារ​ ​ដែល​ខ្ពស់​ជាង​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ចំនួន​ ៧១៣ ពាន់​លាន​ដុល្លារ​ ​និង​ស្ថិត​នៅ​លំដាប់​ទី​២ ​បន្ទាប់ពី​ការ​ចំណាយ​លើ​សន្តិសុខ​សង្គម​ចំនួន​ ១​.​២៤៤​ ទ្រី​លាន​ដុល្លារ​។

​កំណើន​បំណុល​យ៉ាង​ឆាប់រហ័ស​នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ទស្សនវិស័យ​សារពើពន្ធ​របស់​សហរដ្ឋ​អាម៉េរិក​ ​ជាពិសេស​នៅពេល​ទីផ្សារ​មូលបត្រ​បំណុល​កំពុង​ប្រឈម​នឹង​ទិន្នផល​ប័ណ្ណ​រតនាគារ​កើនឡើង​ ​និង​ការ​កើនឡើង​នៃ​ថ្លៃ​ការប្រាក់​។​

​អ្នក​ជំនាញ ​និង​ស្ថាប័ន​តាមដាន​គោលនយោបាយ​សារពើពន្ធ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ការ​កើនឡើង​បំណុល​យ៉ាង​ឆាប់រហ័ស​អាច​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នា​ពេល​អនាគត​។

ទោះជា​យ៉ាងណា ​តំណាង​សេតវិមាន​បាន​ថ្លែង​ថា​ ​រដ្ឋបាល​អាម៉េរិក​កំពុង​ផ្តោត​លើ​ការ​កាត់បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ ការ​ក្លែង​បន្លំ ​និង​ការ​រំលោភបំពាន​ក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ ​ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ដើម្បី​ធ្វើឱ្យ​សមាមាត្រ​បំណុល​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​debt​-​to​-​GDP ​ratio​)​ វិល​ត្រឡប់​ទៅ​រក​ទិសដៅ​ត្រឹមត្រូវ​វិញ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា