អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​។

​យោង​តាម​ការ​ដកស្រង់​សម្ដី​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ ​Novinata ​លោក​ ​Johnson ​បាន​លើកឡើង​ថា​ ​ការ​ចូលរួម​តាម​ផ្លូវ​ការ​ទូត​តែ​មួយ​មុខ​ ​មិន​គ្រប់គ្រាន់​ដើម្បី​ធានា​ផលប្រយោជន៍​សន្តិសុខ​របស់​សហរដ្ឋ​អាម៉េរិក​នោះ​ទេ​។

​លោក​ Johnson ​បាន​ថ្លែង​ថា​៖​ ​«​យើង​មិន​អាច​ទុកចិត្ត​លើ​ភាគី​អ៊ីរ៉ង់​ទាំងស្រុង​នៅ​តុ​ចរចា​បាន​ទេ​»​។ ​លោក​បាន​បន្ថែម​ថា​ ​ការ​រារាំង​ទីក្រុង​តេហេរ៉ង់​មិន​ឱ្យ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ តែង​តែ​ជា​គោលដៅ​ដឹកនាំ​នៃ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក​។​

​ប្រធាន​សភា​តំណាងរាស្ត្រ​រូប​នេះ​ ​ក៏​បាន​ការពារ​គោលនយោបាយ​រឹងមាំ​របស់​ប្រធានាធិបតី​ ​Donald ​Trump ​ដោយ​លើកឡើង​ថា​ ​សម្ពាធ​ផ្នែក​ការទូត ​និង​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ ​គឺ​ចាំបាច់​ដើម្បី​កាត់បន្ថយ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់​។

​លោក​ ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ដំណាក់កាល​បន្ទាប់​នៃ​វិធីសាស្ត្រ​របស់​រដ្ឋបាល​អាម៉េរិក​ ​នឹង​ផ្តោត​សំខាន់​លើ​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​។

​លោក​ក៏​បាន​គូសបញ្ជាក់​ពី​តួនាទី​កាន់តែ​ធំ​របស់​សម្ព័ន្ធមិត្ត​អន្តរជាតិ​នា​ពេល​ខាង​មុខ​។ ​លោក​បាន​កត់សម្គាល់​ថា​ ​ដំណាក់កាល​បន្ទាប់​រំពឹង​ថា​នឹង​មាន​ការ​ចូលរួម​ពី​ដៃ​គូ​ណាតូ ​និង​បណ្ដា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ​ជាពិសេស​តាមរយៈ​គំនិត​ផ្តួចផ្តើម​រួមគ្នា​ដែល​មាន​គោលបំណង​ការពារ​ផ្លូវ​នាវាចរណ៍​ពាណិជ្ជកម្ម ​និង​ពង្រឹង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​ច្រក​សមុទ្រ​ ​Hormuz​។​

​ការ​លើកឡើង​របស់​លោក​ ​Johnson ​បង្ហាញ​ពី​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​សភា​អាម៉េរិក​ ​សម្រាប់​យុទ្ធសាស្ត្រ​ពហុ​ភាគី ​ដែល​រួមបញ្ចូល​ការ​ផ្តាច់​អ៊ីរ៉ង់​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​ប្រតិបត្តិការ​សន្តិសុខ​ផ្លូវ​ទឹក​ពហុ​ភាគី​នៅ​ទូទាំង​តំបន់​ឈូង​សមុទ្រ​ពែរ្ស​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា