អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

​បរទេស​៖ ​រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​The​ ​Guardian​ ​នៅ​ថ្ងៃទី​១៤​ ​ខែកក្កដា ​ឆ្នាំ​ ​២០២៦​។

Advertisement

​កាលពី​ខែកុម្ភៈ​កន្លងទៅ​នេះ​ តុលាការ​កំពូល​អាម៉េរិក​សម្រេច​ច្រានចោល​គោលនយោបាយ​ពន្ធ​គយ​របស់​លោក​ ​ដូណាល់ ​ត្រាំ ​ដែល​បង្ខំឱ្យ​រដ្ឋាភិបាល​ត្រូវ​បង្វិល​សង​ប្រាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​នានា​ដែល​បាន​បង់​ពន្ធ​ទាំងនោះ​វិញ​។​

​យោង​តាម​ទិន្នន័យ​ថវិកា​ជាតិ​ ​បាន​ឱ្យដឹង​ថា​ ​អាម៉េរិក​សង​ប្រាក់​ពន្ធ​ត្រឡប់​ទៅវិញ​ចំនួន​ ​៨១​ ​ពាន់​លាន​ដុល្លារ​រួច​មកហើយ​ ​គិត​ត្រឹម​ពេលនេះ​ក្នុង​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន ​(​គិត​ចាប់ពី​ខែតុលា ​ឆ្នាំ​២០២៥​) ​បើ​ធៀប​នឹង​ការ​សង​ទៅ​វិញ​ត្រឹមតែ​ ​៥​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។​

​មន្ត្រី​ក្រសួង​រតនាគារ​ម្នាក់​ ​បង្ហើប​ថា​ ​ការ​កើនឡើង​នៃ​ការ​សង​ប្រាក់​វិញ​យ៉ាង​ច្រើន​បែប​នេះ​ ​ដោយសារតែ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ស្ទើរតែ​ទាំងស្រុង ​ខណៈ​ដែល​ការ​បង្វិល​សង​ប្រាក់​ភាគ​ច្រើន​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែឧសភា​ ​និង​ខែមិថុនា​។​

​ស្រប​ពេល​ដែល​ពន្ធ​គយ​សកល​បណ្ដោះអាសន្ន ​១០​ ​ភាគរយ​ របស់​រដ្ឋបាល​លោក​ ត្រាំ ​នឹង​ត្រូវ​ហួស​សុពលភាព​នៅ​ថ្ងៃទី​ ​២៤​ ​ខែកក្កដា​ខាងមុខ​នេះ​ ​សេតវិមាន​កំពុង​រៀបចំ​ផែនការ​បង្កើត​ពន្ធ​គយ​ថ្មី​ៗ​បន្ថែម​ទៀត​ដូចជា​ ​ការ​បំពាន​លើ​ច្បាប់​ប្រឆាំង​នឹង​ពលកម្ម​ដោយ​បង្ខំ​ និង​ ​ការ​លើស​សមត្ថភាព​ផលិតកម្ម​ឧស្សាហកម្ម​។

​កន្លងមក​ លោក​ ​ដូណាល់ ​ត្រាំ​ ធ្លាប់​លើកឡើង​ថា​ ​ពន្ធ​គយ​គឺជា​ដំណោះស្រាយ​សម្រាប់​សេដ្ឋកិច្ច​អាម៉េរិក ​រាប់​ចាប់តាំងពី​ការ​នាំយក​ក្រុមហ៊ុន​ ​និង​រោងចក្រ​ត្រឡប់​មកកាន់​ប្រទេស​វិញ​, ​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​, ​និង​ការ​កាត់បន្ថយ​ឱន​ភាព​ថវិកា​របស់​រដ្ឋាភិបាល​ ​(​ការ​ចំណាយ​ច្រើន​ជាង​ចំណូល​)​។​

​ទោះបីជា​ឱន​ភាព​ថវិកា​បាន​ថយចុះ​បន្តិច​កាលពី​ឆ្នាំ​មុន​ ​ដោយសារតែ​ចំណូល​ពី​ពន្ធ​គយ​នោះ​ក៏ដោយ​ ​ប៉ុន្តែ​ឥឡូវនេះ​កំពុងតែ​កើនឡើង​ជាថ្មី​ម្ដង​ទៀត​។ ​ឱន​ភាព​ថវិកា​កើនឡើង​ដល់​ ​១,៣៦​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ ​៩​ ​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ ​ពោលគឺ​កើនឡើង​ ​២​ ​ភាគរយ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​អាម៉េរិក​ក៏​បាន​ចំណាយ​ប្រាក់​អស់​ជាង​ ​១​ ទ្រីលាន​ដុល្លារ​សម្រាប់​បង់​ការ​ប្រាក់​នៃ​បំណុល​របស់​ខ្លួន​ ​ពោលគឺ​កើនឡើង​ ​១៤​ ​ភាគរយ ​ខណៈ​ដែល​ការ​ចំណាយ​លើ​វិស័យ​យោធា​កើនឡើង​ ​៥​ ​ភាគរយ ​ដោយសារតែ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា