ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

​បរទេស​៖ ​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ នេះបើយោងតាមការរាយការណ៍ពី The Guardian។

​កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាម៉េរិក​ ​លោក​ Scott ​Bessent ​បាន​ព្រមាន​ថា​ ​ប្រទេស​នានា​ត្រូវ​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ​ឬ​ប្រឈម​នឹង​ការ​បាត់បង់​លទ្ធភាព​ចូល​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​។​ ​វិធានការ​នេះ​អាច​បង្ក​សម្ពាធ​ជាពិសេស​លើ​ចិន ​ដែល​នៅតែ​ជា​ទីផ្សារ​សំខាន់​បំផុត​សម្រាប់​ប្រេង​អ៊ីរ៉ង់​។

​កន្លង​មក ​លោក​ Bessent ​បាន​ស្នើ​ឱ្យ​ចិន​សហការ​ជាមួយ​យុទ្ធនាការ​របស់​ទីក្រុង​វ៉ាស៊ីនតោន ​ដើម្បី​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​ទីក្រុង​តេអេរ៉ង់​។ ​ទោះជា​យ៉ាងណា ​ការ​នាំចូល​ប្រេង​អ៊ីរ៉ង់​របស់​ចិន​នៅតែ​បន្ត​ ​ទោះបី​បរិមាណ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក៏ដោយ​។

​ក្នុង​ខែ​កុម្ភៈ ​ចិន​បាន​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់​ប្រមាណ​ ​១​,​៥៧ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ​ហើយ​បរិមាណ​បាន​ធ្លាក់​មក​ ១​,​៤៧ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​មីនា​។​ ​ក្រោយមក​ ការ​នាំចូល​បាន​ធ្លាក់ចុះ​បន្ថែម​ទៀត ​បន្ទាប់ពី​អាម៉េរិក​បង្កើន​ការ​រារាំង​លើ​កំពង់​ផែ ​និង​នាវា​របស់​អ៊ីរ៉ង់​។

​ទិន្នន័យ​ថ្មី​ជាង​នេះ​បង្ហាញ​ថា​ ​ការ​ដឹកជញ្ជូន​ប្រេង​អ៊ីរ៉ង់​ទៅ​ចិន​បាន​ធ្លាក់ចុះ​មក​ប្រមាណ​ ​៥៣៤​,​០០០​ ​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​សីហា ​ពី​ ​៨​២៣​,​០០០​ ​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​កក្កដា​។ ​បរិមាណ​នេះ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​កម្រិត​កំពូល​ ​១​,​៥៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ដើម​ឆ្នាំ​។​

​រោងចក្រ​ចម្រាញ់​ប្រេង​ឯកជន​របស់​ចិន ​ឬ​ហៅ​ថា​ ​“​teapot refineries​”​ ​គឺ​ជា​អ្នក​ទិញ​ប្រេង​ឆៅ​អ៊ីរ៉ង់​សំខាន់ ​ដោយសារតែ​ប្រេង​អ៊ីរ៉ង់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​បញ្ចុះ​ថ្លៃ​។ ​រោងចក្រ​ទាំង​នេះ​នៅតែ​បន្ត​ទិញ​ប្រេង​ ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​រដ្ឋធំ​ៗ​របស់​ចិន​បាន​ជៀសវាង​ប្រេង​អ៊ីរ៉ង់​តាំងពី​ឆ្នាំ​២០១៩ ​ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ទណ្ឌកម្ម​អាម៉េរិក​ ​និង​ការ​ចូល​ដំណើរការ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។

ការ​ជួញដូរ​មួយចំនួន​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ ​ប្រើ​វិធី​លាក់​ប្រភព​ដើម ​ដោយ​ប្រេង​អ៊ីរ៉ង់​ត្រូវ​បាន​បិទ​ស្លាក​ថា​មកពី​ប្រទេស​ម៉ាឡេស៊ី ​ឬ​ឥណ្ឌូនេស៊ី ​ហើយ​ការ​ទូទាត់​ធ្វើឡើង​ជា​ប្រាក់​យ័ន​ចិន​តាមរយៈ​បណ្តាញ​ឈ្មួញ​កណ្តាល​ដែល​ពិបាក​តាម​ដាន​។

កន្លង​មក​ ​អាម៉េរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ ​និង​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ ​និង​ដឹកជញ្ជូន​ប្រេង​អ៊ីរ៉ង់​។ ​វិធានការ​ថ្មី​របស់​ទីក្រុង​វ៉ាស៊ីនតោន​បន្ត​បង្កើន​ហានិភ័យ​សម្រាប់​ក្រុមហ៊ុន​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ប្រេង​អ៊ីរ៉ង់​។

​ទោះ​យ៉ាងណា​ ​រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​នឹង​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​របស់​អា​ម៉េរិក​ ​ដោយ​ចាត់ទុក​ថា​វា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ ​ហើយ​បាន​បញ្ជាក់​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​។ ​ចិន​ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​តាម​មធ្យោបាយ​ការទូត ​និង​នយោបាយ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា