វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

បរទេស​៖ ​រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ​។

​យោង​តាម​ការ​រាយការណ៍​របស់​ ​Venezuela​ ​Analysis​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ស្រី​ ​Delcy​ ​Rodr​í​guez​ ​និង​ក្រុម​ប្រឆាំង​បាន​ចរចា​គ្នា​អស់​រយៈពេល​ពីរ​សប្តាហ៍​ ​ដោយ​មាន​សហរដ្ឋ​អាម៉េរិក​ធ្វើជា​អន្តរ​ការី​។

​មាស​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​តាំងពី​ឆ្នាំ​ ​២០១៨​ ​ហើយ​ភាគី​ទាំង​ពីរ​មាន​បំណង​យក​វា​មក​ប្រើ​ជា​មូលនិធិ​សម្រាប់​ការ​សាងសង់​ឡើង​វិញ​ ​បន្ទាប់ពី​វេណេស៊ុយអេឡារងគ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​ ​២៤​ ​ខែ​មិថុនា ​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង​ ​៦,០០០​ ​នាក់​។

​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ​មូលនិធិ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​ឡើង​វិញ​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយដី​។

​លោក​ ​Ram​ó​n​ ​L​ó​pez​ ​សមាជិក​ប្រតិភូ​មក​ពី​ភាគី​ប្រឆាំង​ ​បាន​និយាយ​ថា​ ​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​មាស​នេះ​ធ្វើឡើង​ក្រោម​ផែនការ​ និង​យន្តការ​គ្រប់គ្រង​ចាំបាច់​ ​ដើម្បី​ធានា​ឱ្យ​មាន​ការ​ប្រើប្រាស់​មូលនិធិ​ប្រកបដោយ​តម្លាភាព​។

​លោក​បញ្ជាក់​ថា​ ​ថវិកា​នឹង​ផ្តោត​លើ​ការ​សាងសង់​លំនៅឋាន​ ​មណ្ឌល​សុខភាព​ ​និង​សាលារៀន​នៅ​តាម​តំបន់​ដែល​រង​ផលប៉ះពាល់​។ ​ដើម្បី​ទប់ស្កាត់​ការ​បន្លំ ​ឬ​ការ​លួច​ មូលនិធិ​នឹង​ត្រូវ​ដាក់​ក្នុង​គណនី​របស់​ក្រសួង​រតនាគារ​អាម៉េរិក​ ​និង​ស្ថិត​ក្រោម​ការ​ធ្វើ​សវនកម្ម​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​។

​លោក​ ​L​ó​pez​ ​ក៏​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ ​និង​ក្រុម​ប្រឆាំង​លើ​ការ​ដោះស្រាយ​មាស​នេះ​ ​គឺ​ដាច់ដោយឡែក​ពី​ការ​ចរចា​ផ្នែក​នយោបាយ​ ​ដូចជា​ការ​កែទម្រង់​តុលាការ​កំពូល​ ​ការ​រៀបចំ​ការ​បោះឆ្នោត​ ​និង​ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​។​

ក្រៅ​ពី​មាស​បម្រុង​ដែល​រក្សាទុក​នៅ​អង់គ្លេស ​វេណេស៊ុយអេឡា​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចេញ​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បង្ក​ក ​រួមមាន​សិទ្ធិ​ដក​ប្រាក់​ពិសេស​ (​SDRs​) ​ចំនួន​ ​៤,៥​ ​ពាន់​លាន​ដុល្លារ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​) ​និង​គណនី​ធនាគារ​របស់​ស្ថាប័ន​រដ្ឋ​មួយចំនួន​នៅ​សហរដ្ឋ​អាម៉េរិក​ និង​អឺរ៉ុប​។

​សេដ្ឋកិច្ច​វេណេស៊ុយអេឡា​បាន​ប្រឈម​នឹង​សម្ពាធ​ជា​ច្រើន​ឆ្នាំ​ ​ដោយសារ​អំពើពុករលួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ​Nicol​á​s​ ​Maduro​ ​និង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក ​ខណៈ​គ្រោះ​រញ្ជួយ​ដី​ថ្មី​ៗ​ក៏​បាន​បន្ថែម​បន្ទុក​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

ធនាគារ​កណ្តាល​វេណេស៊ុយអេឡា​បាន​រាយការណ៍​ថា​ ​អតិផរណា​បាន​កើនឡើង​ដល់​ ​១៩,៩​ ​ភាគរយ​ក្នុង​ខែ​កក្កដា ​ពី​ ​១៣,៨​ ​ភាគរយ​ក្នុង​ខែ​មិថុនា​។

​ចាប់​តាំងពី​ឆ្នាំ​ ​២០១៨​ ​រដ្ឋាភិបាល​អង់គ្លេស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ ​Nicol​á​s​ ​Maduro​ ​និង​មិន​ព្រម​ប្រគល់​មាស​បម្រុង​របស់​វេណេស៊ុយអេឡា​ត្រឡប់​ទៅ​ប្រទេស​វិញ​។ ​ក្នុង​អំឡុង​វិបត្តិ​កូវីដ​-​១៩​ ​អាជ្ញាធរ​វេណេស៊ុយអេឡា​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវ​ច្បាប់​ ​ដើម្បី​ទាមទារ​មាស​ទាំងនោះ​ ​ដោយ​មាន​ផែនការ​បញ្ជូន​ទ្រព្យសម្បត្តិ​តាមរយៈ​អង្គការ​សហ​ប្រជា​ជាតិ​ ​ប៉ុន្តែ​ត្រូវ​បាន​តុលាការ​អង់គ្លេស​បដិសេធ​។

​ទោះជា​យ៉ាងណា​ ​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​ ​មាស​ទាំង​ ​៣១​ ​តោន​នឹង​មិន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ទីក្រុង​ការ៉ាកាស​ដោយ​ផ្ទាល់​នោះ​ទេ​។​ មូលនិធិ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រតនាគារ​អាម៉េរិក​ និង​ការ​ធ្វើ​សវនកម្ម​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ ​ដើម្បី​ធានា​តម្លាភាព​ក្នុង​ការ​ប្រើប្រាស់​។

​ការ​រៀបចំ​នេះ​កើតឡើង​ ​ខណៈ​រដ្ឋបាល​លោក​ ​Donald​ ​Trump​ ​បាន​គ្រប់គ្រង​លើ​ប្រាក់​ចំណូល​ពី​ការ​នាំចេញ​របស់​វេណេស៊ុយអេឡា ​ជាពិសេស​ចំណូល​ពី​ការ​លក់​ប្រេង​ឆៅ ​ដោយ​ពេលវេលា​ ​និង​ទំហំ​ថវិកា​ដែល​ត្រូវ​បញ្ចេញ​ ​ស្ថិត​ក្រោម​ការ​សម្រេច​របស់​មន្ត្រី​សេតវិមាន​។

​រដ្ឋបាល​លោក​ ​Trump​ ​ក៏​បាន​បន្ត​រក្សា​ទណ្ឌកម្ម​ប្រឆាំង​នឹង​វេណេស៊ុយអេឡា ​ដោយ​មាន​ការ​បន្ធូរបន្ថយ​ខ្លះ​ ​ដើម្បី​សម្រួល​ឱ្យ​ក្រុមហ៊ុន​លោក​ខាង​លិច​មួយចំនួន​អាច​ចុះ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ថាមពល​ជាមួយ​ទីក្រុង​ការ៉ាកាស​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា