ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

បរទេស៖ ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas បានចាប់ដៃគូជាមួយវៀតណាមលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក,​ ជាពិសេស អភិវឌ្ឍថាមពលកកើតឡើងវិញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Economy ។

លោក Aimy Zairin Mohamed ប្រធានតំណាងក្រុមហ៊ុន Petronas ប្រចាំប្រទេសវៀតណាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា តម្រូវការថាមពលសកលនឹងបន្តកើនឡើងយ៉ាងខ្លាំង ដោយតំបន់អាស៊ានត្រូវបានព្យាករណ៍ថានឹងកើនដល់ ២០ ភាគរយនៃកំណើនតម្រូវការថាមពលពិភពលោកត្រឹមឆ្នាំ២០៣៥។ បរិបទនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែនកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងសហគ្រាសនៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកំពុងកើនឡើង ដោយធានាបានទាំងចីរភាព និងតម្លៃសមរម្យ។

ទន្ទឹមនឹងនេះ វៀតណាមកំពុងមានភាពលេចធ្លោក្នុងចំណោមទីផ្សារដែលរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងរុញច្រានឲ្យតម្រូវការឧស្ម័នក្នុងស្រុកកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខខណៈដែលទិន្នផលនៃអណ្តូងប្រេងចាស់ៗក្នុងស្រុកកំពុងមានការថយចុះ។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់ក្នុងការបង្កើតសមាសភាពថាមពលប្រកបដោយតុល្យភាព ដើម្បីឆ្លើយតបនឹងសន្តិសុខថាមពល តម្លៃសមរម្យ ក្នុងគោលដៅកាត់បន្ថយកាបូន។

ជាមួយគ្នានេះ ដើម្បីដោះស្រាយគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ ក្រុមហ៊ុន Petronas បានចង្អុលបង្ហាញសសរស្តម្ភផ្គត់ផ្គង់សំខាន់ៗចំនួន ៣ រួមមាន ការបូមទាញយកប្រេង និងឧស្ម័នក្នុងស្រុក, ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG), និងថាមពលកកើតឡើងវិញ។ ដោយឡែក ចំពោះការផ្គត់ផ្គង់ក្នុងស្រុក ក្រុមហ៊ុន Petronas នឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនថាមពលរដ្ឋរបស់វៀតណាម Petrovietnam ក្នុងការស្រាវជ្រាវ និងវាយតម្លៃប្រភពបម្រុងប្រេង និងឧស្ម័ននៅតាមអាងស្តុកក្រោមដីនានារបស់វៀតណាម។ បន្ថែមពីនេះ Petronas ចាត់ទុកការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ជាប្រភពបំពេញបន្ថែមដ៏សំខាន់។

សូមជម្រាបថា​ កាលពីខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Petronas បានដឹកជញ្ជូនកប៉ាល់ឧស្ម័នធម្មជាតិរាវ (LNG) លើកដំបូងរបស់ខ្លួនជូនដល់ក្រុមហ៊ុន PV GAS នៅស្ថានីយ Thi Vai LNG ភាគខាងត្បូងប្រទេសវៀតណាម។ ទាក់ទងនឹងកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងនេះ ភាគី​ Petronas ជាមួយរដ្ឋាភិបាលវៀតណាម-Petrovietnam កំពុងបន្តនីតិវិធីនៅឡើយ ដោយសារកិច្ចសន្យារយៈពេលវែងមានតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពផ្គត់ផ្គង់ និងការទស្សន៍ទាយតម្លៃ។ ដោយឡែក ចំពោះសសរស្តម្ភទី ៣ គឺ Petronas ផ្តោតលើថាមពលកកើតឡើងវិញ ដែលដឹកនាំដោយគម្រោងតភ្ជាប់បណ្តាញអគ្គិសនីឆ្លងដែនវៀតណាម-ម៉ាឡេស៊ី-សិង្ហបុរី (VMS) និងគម្រោងវិនិយោគថាមពលកកើតឡើងវិញផ្សេងៗទៀតនៅវៀតណាម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា