វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

បរទេស៖ វៀតណាម កំពុងជួបបញ្ហាឱនភាពពាណិជ្ជកម្មដែលការនាំចូលទំនិញមានតម្លៃធំជាងការនាំចេញដោយសាររងសម្ពាធពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ គួបផ្សំជាមួយបញ្ហាប្រឈមផ្នែកពន្ធគយពីសហរដ្ឋអាម៉េរិកដែលបានកំណត់កាលពីពេលថ្មីៗកន្លងទៅនេះ។

Advertisement

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានចេញផ្សាយថា ប្រទេសកំពុងជួបប្រទះនូវឱនភាពពាណិជ្ជកម្ម (ការនាំចូលលើសការនាំចេញ) ចំនួន ៣,៥៨ ពាន់លានដុល្លារក្នុងខែកក្កដា ដែលកើនឡើងពី ២.៦៤ ពាន់លានដុល្លារក្នុងខែមិថុនា។ លើសពីនេះ អត្រាអតិផរណាកើនឡើង ៤.៤៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែថយចុះបន្តិចធៀបនឹងខែមិថុនា ៤.៦៩ ភាគរយ។

ការិយាល័យស្ថិតិជាតិវៀតណាម (NSO) បានរាយការណ៍ថា នៅក្នុងខែកក្កដា ការនាំចេញទំនិញបានកើនឡើង ២៥ ភាគរយដែលមានទំហំរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលក៏មានសន្ទុះខ្លាំងឡើងដល់ ៤១ ភាគរយ ដែលមានតម្លៃប្រមាណ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារក្នុងខែកក្កដា ហើយសម្រាប់រយៈពេល ៧ ខែដំបូងគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦នេះ ការនាំចេញកើនឡើង ២១.៧ ភាគរស្មើនឹង ៣២០ ពាន់លានដុល្លារ ខណៈដែលការនាំចូលស្ទុះឡើងដល់ ៣៤.៨ ភាគរយស្មើនឹង ៣៤០ ពាន់លានដុល្លារ។ ជាលទ្ធផល ឱនភាពពាណិជ្ជកម្មសរុបមានចំនួន ២០.៥ ពាន់លានដុល្លារ ដែលលើសកំណត់ត្រាឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំខ្ពស់បំផុតរបស់វៀតណាមប្រមាណ ១៨ ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។

មូលហេតុនៃការកើនឡើង ដោយសារការចំណាយលើការនាំចូលរបស់វៀតណាម ភាគច្រើនបណ្តាលមកពីតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ក្នុងឆ្នាំនេះ ខណៈដែលបរិមាណនៃការនាំចូលប្រេងឆៅថយចុះ ១១.៩ ភាគរយ ប៉ុន្តែតម្លៃនៃការនាំចូលសរុបកើនឡើង ១៨ ភាគរយ។ បរិមាណនៃការនាំប្រេងកែច្នៃរួចកើនឡើង ៦ ភាគរយ ខណៈតម្លៃនាំចូលសរុបស្ទុះឡើងរហូតដល់ ៦៧.៦ ភាគរយ។ ទោះជាយ៉ាងណាក្តី លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៧ ខែដំបូងនេះកើនឡើង ១១.៨ ភាគរយដែលសម្រេចបាន ១៥,២ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០២៥។

គួរកត់សម្គាល់ថា បើទោះបីជាវៀតណាមបានដាក់គោលដៅកំណើនសេដ្ឋកិច្ចឱ្យលើសពី ១០ ភាគរយសម្រាប់ឆ្នាំនេះក្ដី ប៉ុន្តែក៏មានភាពប្រឈមមុខនឹងឧបសគ្គជាច្រើនផងដែររួមមាន ៖ ឱនភាពពាណិជ្ជកម្មដែលកំពុងរីកធំ សម្ពាធអតិផរណាកើនឡើង និងការស៊ើបអង្កេតជាបន្តបន្ទាប់ពីអាម៉េរិកលើបញ្ហាសមត្ថភាពផលិតហួសប្រមាណ ព្រមទាំងការរំលោភបំពានលើកម្មសិទ្ធិបញ្ញាជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏កំពុងប្រឈមមុខនឹងពន្ធគយថ្មី ១២.៥ ភាគរយ ពីអាម៉េរិកផងដែរ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនរកឃើញថា ហាណូយបរាជ័យក្នុងការហាមឃាត់ការនាំចេញទំនិញដែលផលិតដោយពលកម្មបង្ខំ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា